វិស័យធានារ៉ាប់រងកម្ពុជា

អ្នកជំនាញថា វិស័យធានារ៉ាប់រងកម្ពុជានៅតែរក្សាបានកំណើនល្អ នៅត្រីមាសទី១ឆ្នាំនេះ


បើទោះបីជាស្ថានភាពពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ បញ្ហាអតិផរណា និងការតំឡើងអត្រាការប្រាក់នៅតែកើតមាន ប៉ុន្ដែអ្នកជំនាញវិស័យធានារ៉ាប់រងនៅកម្ពុជា អះអាងថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែរក្សាបានកំណើនវិជ្ជមានជាធម្មតា។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ បុព្វលាភមានសរុបទាំងអស់មានរហូតដល់ប្រមាណ ៩៦លានដុល្លារអាមេរិក មានការកើនឡើងដល់ទៅ៥,៥%។
អ្នកជំនាញថា វិស័យធានារ៉ាប់រងកម្ពុជានៅតែរក្សាបានកំណើនល្អនៅត្រីមាសទី១ឆ្នាំនេះ
ដោយ

យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យធានារ៉ាប់រងកម្ពុជាគឺនៅតែមានភាពល្អប្រសើរបន្តទៀត ដោយសារសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ វិស័យធានារ៉ាប់រងកម្ពុជានៅតែរក្សាបាននូវកំណើនវិជ្ជមាន ពោលគឺគិតទៅលើបុព្វលាភ សរុបនៅក្នុងត្រីមាសទី១នេះ មានរហូតដល់ប្រមាណ ៩៦លានដុល្លារអាមេរិក មានការកើនឡើង៥,៥% ក៏ប៉ុន្តែតួលេខនេះ មានការថមថយបន្តិចបើធៀបទៅនឹងកំណើននៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កំណើននៃការធានារ៉ាប់រងទូទៅកើនឡើងជាង៧% ធានារ៉ាប់រងអាយុជីវិតមានការកើនឡើងប្រមាណ ៣,៣%។ ដោយឡែក ធានារ៉ាប់រងខ្នាតតូចមានការកើនខ្ពស់គួរឱ្យកត់សម្គាល់ដល់ទៅ៤៣% ឯណោះ បន្ទាប់វាមានកំណើនទាបនៅរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ទន្ទឹមនេះ លោក ហ៊ុយ វ៉ាថារ៉ូ បញ្ជាក់ដែរថា បើទោះបីជាបុព្វលាភមានការកើនឡើងក៏ពិតមែន ប៉ុន្តែការទូទាត់សំណងវិញក៏ឃើញមានការកើនឡើងផងដែរ ដោយនៅត្រីមាសទី១ឆ្នាំនេះ សំណងដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានទូទាត់ទៅដល់អតិថិជនរបស់ខ្លួនមានប្រមាណជាង ១២លានដុល្លារ កើនឡើង២៤% ធៀបនឹងការទូទាត់សំណងកាលពីត្រីមាសទី១ឆ្នាំ២០២២។

ប្រធានសមាគមធានារ៉ាប់រងកម្ពុជារូបនេះអះអាងថា ភាពធននៃកំណើនសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលនាំឱ្យទីផ្សារធានារ៉ាប់រងកម្ពុជាមានការរីកចម្រើន ពោលគឺភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ១៩ធូរស្បើយ បានរុញច្រានទីផ្សារធានារ៉ាប់រងឱ្យរក្សាបាននូវភាពរឹងមាំដដែល បើទោះបីទទួលរងឥទ្ធិពលខ្លះពីៗបញ្ហាអតិផរណា និងបញ្ហាការកើនឡើងអត្រាការប្រាក់ក្តី។ ជាងនេះទៅទៀត រហូតមកទល់ពេលនេះនៅមិនទាន់ឃើញមានក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃបញ្ហាទាំងនោះនៅឡើយទេ។

បើតាមលោក ហ៊ុយ វ៉ាថារ៉ូ នៅក្នុងឆ្នាំ២០២៣នេះ លោកនៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យធានារ៉ាប់រងកម្ពុជា នៅតែអាចរក្សាបានកំណើនជាបន្តបន្ទាប់ ដោយលោកឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតនៅក្នុងលំអាននៃកំណើនត្រឹមត្រូវ និងមានភាពប្រាកដនិយម។ ក្នុងនោះទៀតសោត ផលិតផលធានារ៉ាប់រងដែលមានភាពលេចធ្លោជាងគេនៅក្នុងឆ្នាំនេះ គឺការធានារ៉ាប់រងទូទៅដោយមានផលិតផលធានារ៉ាប់រងមួយចំនួនដែលផ្តោតលើវិស័យពាណិជ្ជកម្ម និងការវិនិយោគថ្មីៗដែលបានកើនឡើងច្រើនជាបន្តបន្ទាប់ ដែលបានផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច ហើយគម្រោងទាំងអស់នោះគឺជាគោលដៅដែលមានសក្តានុពលមួយផងដែររបស់វិស័យធានារ៉ាប់រងកម្ពុជា៕




អត្ថបទបន្ទាប់


ការធ្លាក់ចុះអំណាយនៃការទិញ បានទាញទម្លាក់ការដឹកជញ្ជូនកម្ពុជាក្នុងរង្វង់៣០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
វិស័យដឹកជញ្ជូននៅកម្ពុជា និងនៅលើពិភពលោកនៅតែបន្តរងនូវការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយ និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាយសេដ្ឋកិច្ច…

អ្នកជំនាញ៖ កំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានចុងក្រោយនេះ។ ក្នុងនោះ ការវិនិយោគក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ