ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី

ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីបំបែកំណត់ត្រាថ្មីជាមួយទឹកប្រាក់នាំចេញជាង២ពាន់លានដុល្លារ កើនជិត១០០%


នៅរយៈពេល ៨ខែឆ្នាំនេះ ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី បានបំបែកនូវកំណត់ត្រាថ្មីទៀត ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើងខ្ពស់រហូតជិត ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញបានចាត់ទុកថា ភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិចនេះ ជាផ្នែកមួយរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី កើនឡើងជិត ១០០% នៅ៨ខែឆ្នាំនេះ

ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី បច្ចុប្បន្នកំពុងក្លាយជាទំនិញយុទ្ធសាស្រ្តមួយ ដែលជួយឲ្យការនាំចេញសរុបរបស់កម្ពុជា រក្សាបានកំណើនវិជ្ជមាន តួយ៉ាងនៅ៨ខែមកនេះ ការនាំចេញទំនិញប្រភេទនេះ បានរួមចំណែកដល់ទៅជិត១៤% នៃការនាំចេញសរុប។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា នៅរយៈពេល ៨ខែឆ្នាំ២០២៣ ការនាំចេញទំនិញសំខាន់មួយចំនួនរបស់កម្ពុជា ហាក់មានការថយចុះ ប៉ុន្ដែ សម្រាប់ការនាំចេញមុខទំនិញ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅតែសម្រេចបានកំណើនល្អប្រសើរគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង រយៈពេល ៨ខែឆ្នាំនេះ ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលទទួលបានចំណូលច្រើនជាគេ ក្នុងចំណោមមុខទំនិញសំខាន់ៗផ្សេងទៀត ពោលគឺមានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើងជិត១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានរួមចំណែកចំណែកជិត១៤% ក្នុងទំហំទឹកប្រាក់នាំចេញសរុបជាង ១៦ពាន់លានដុល្លារ។ ដោយឡែក ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលទទួលបានចំណូលច្រើនជាងគេ ដែលមានទំហំទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារ និងបានរួមចំណែកជាង ២៣% នៃចំណូលនាំចេញសរុប។

បើទោះជាបែបនេះក្ដី បើផ្អែកទៅតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងទំនិញដទៃមួយចំនួនទៀត នៅតែមានការថយចុះ ដែលបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានស្ថិរភាព ការបញ្ជាទិញមានការធ្លាក់ចុះ។
អ្នកឧកញ៉ា លឹម ហេង អុនប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា ការកាត់បន្ថយការចំណាយផ្សេងៗ នៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម នៅតែជាបញ្ហាប្រឈមសម្រាប់ការនាំចេញរបស់កម្ពុជា។ ក៏ប៉ុន្តែ សម្រាប់ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី នៅតែបន្តរក្សាបានកំណើនជាវិជ្ជមាន។ អ្នកជំនាញរូបនេះ នៅតែចាត់ទុកភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិច រួមចំណែកកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ ជាដើម។ បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាដដែល ដ្បិត ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា ជប៉ុន អាមេរិក និងថៃ នៅរយៈពេល ៨ខែក្នុងឆ្នាំ២០២៣នេះ ហាក់មានការធ្លាក់ចុះ ប៉ុន្ដែ បើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗ មួយចំនួនទៀត ដូចជា ចិន និងវៀតណាម គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមាន៕




អត្ថបទបន្ទាប់


ហានិភ័យបំណុលរបស់ចិនកំពុងកំពុងបង្កភាពខ្មៅងងឹងទៅលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោក?

ព័ត៌មាន
ការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានបង្កើនហានិភ័យកាន់តែខ្លាំងឡើង ដល់ការខកខានសងបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលអាចធ្វ…

អ្នកជំនាញអះអាងថា ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងសង្គម បានជួយជំរុញឲ្យស្រ្តីមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្ម

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានអះអាងថា ការទទួលសេរីភាពគ្រប់គ្រាន់ពីសង្គម បានធ្វើឱ្យស្រ្តីដែលកំពុងប្រកបអាជីវកម្មប្រែក្លាយសមត្ថភាព ដោយបង្កើនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ