វិស័យហិរញ្ញវត្ថុ

សម្ដេច ហ៊ុន ម៉ាណែត៖ ភាពរីកចម្រើននៃប្រទេសជាតិ ចាំបាច់ត្រូវការពឹងផ្អែកប្រភពហិរញ្ញវត្ថុពីខាងក្រៅ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍នានា រួមទាំងប្រទេសជប៉ុនផង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជាពីដៃគូអភិវឌ្ឍនានា បានធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនស្ទើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងពាណិជ្ជកម្មតែម្ដង។
វិស័យហិរញ្ញវត្ថុ
ដោយ

សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រទេសមួយដែលរីកចម្រើនពិតជាចំាបាច់ត្រូវការការវិនិយោគ និងហិរញ្ញប្បទានពីប្រទេសជាដៃគូ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា បើសិនកម្ពុជាពឹងផ្អែកតែលើប្រាក់សន្សំរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍគ្រប់វិស័យ ហើយមិនពឹងផ្អែកលើប្រភពហិរញ្ញវត្ថុពីខាងក្រៅនោះទំនងជាមិនអាចធ្វើទៅបានឡើយ ពោលគឺរាជរដ្ឋាភិបាលកម្ពុជាមានបន្ទុកច្រើនដែលត្រូវទទួលខុសត្រូវក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងគេក្នុងរាជធានីភ្នំពេញ តម្លៃប្រមាណ២៤លានដុល្លារ ក្រោមជំនួញហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នៅថ្ងទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីសមិទ្ធិផល និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់ប្រទេសកម្ពុជា តាមរយៈការចូលរួមពីដៃគូអភិវឌ្ឍន៍នានា រួមទាំងប្រទេសជប៉ុន។

សម្ដេចធិបតី បានចាត់ទុកដៃគូអភិវឌ្ឍន៍ បានរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ជាពិសេសវាបានធ្វើឲ្យវិស័យហេដ្ឋារចនា សម្ព័ន្ធ វិនិយោគ រួមទាំងពាណិជ្ជកម្មរបស់កម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។

សម្រាប់សម្ដេចធិបតី រាល់ការរីកចម្រើនរបស់ប្រទេសនីមួយៗនៅលើពិភពលោក គឺមិនអាចកាត់ផ្តាច់ពីការពឹងផ្អែកលើប្រភពហិរញ្ញវត្ថុពីខាងក្រៅនោះទេ ពោលគឺការអភិវឌ្ឍប្រទេសមិនអាចពឹងផ្អែកតែលើថវិកាសន្សំរបស់ជាតិតែមុខនោះទេ។ ជាក់ស្តែង ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមិនមែនកើតកើតឡើងពីការប្រើប្រាស់ថវិកាសន្សំរបស់ជាតិតែមុខនោះទេ ពោលគឺមានការចូលរួមជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍នានា។ ជាក់ស្តែង ភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលបច្ចុប្បន្ន មានការជួយជ្រោមជ្រែងពីបណ្ដាដៃគូអភិវឌ្ឍជាច្រើន ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន បារាំង និងធនាគារអភិវឌ្ឍអាស៊ី(ADB)ជាដើម។

ជុំវិញការខ្ចីថវិកាពីបរទេសនេះដែរ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាមិនមែនចេះតែខ្ចីដោយមិនមានមូលហេតុច្បាស់លាស់នោះទេ ពោលគឺការខ្ចីបុលថវិកាពីខាងក្រៅនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។ ក្នុងនោះ ការដោះស្រាយបញ្ហាក្នុងវិស័យវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះតែម្ដង។ ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកជាសំណើរដល់ដៃគូអភិវឌ្ឍន៍ ពិសេសរដ្ឋាភិបាលជប៉ុន បន្តជួយផ្ដល់ឥណទានឥតសំណងបន្ថែមដល់ប្រទេសកម្ពុជា ឲ្យដូចគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងគេនៅរាជធានីភ្នំពេញបន្តទៀត។ លើសពីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តស្នើសុំកម្ចីឥណទានពីម្ចាស់ជំនួយបន្ថែមសម្រាប់កម្ពុជា ក្នុងអត្រាការប្រាក់មួយសមរម្យ ហើយសម្ដេចក៏ស្នើឲ្យវិនិយោគិនជប៉ុន បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបជិត១១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។ ខណៈចិននៅតែជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាក្នុងចំណោមម្ចាស់បំណុលបរទេសទាំងអស់។ កម្រិតបំណុលសាធារណៈរបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសបញ្ជាក់ឱ្យឃើញថា កម្ពុជានៅតែមានតម្រូវការទុនខ្ពស់សម្រាប់បម្រើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗ សំដៅជួយជំរុញ និងពង្រីកការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងចំណោមបំណុលទាំងនេះ កម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគី៦៤% និងពហុភាគីមាន៣៦% ហើយសម្រាប់ក្របខណ្ឌបំណុលទ្វេភាគីកម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេបង្អស់ បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំងជាដើម។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញរំពឹងថា តម្លៃផ្ទះប្រណីតនៅទីក្រុងឌូបៃនឹងកើនឡើងនៅឆ្នាំ២០២៤?

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យ ណៃ ហ្វ្រេង (Knight Frank) បានឱ្យដឹងថា តម្រូវការពីអ្នកទិញរបស់ពលរដ្ឋចិន បានជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃក្លាយជ…

កម្ពុជាត្រៀមស្វាគមន៍នាវាទេសចរណ៍ Westerdam ជាមួយអ្នកដំណើររាប់ពាន់នាក់នៅព្រឹកស្អែក

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើររាប់ពាន់នាក់ នឹងចូលចតជាថ្មីម្ដងទៀត នៅកំពង់ផែក្រុងព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ