វិស័យកាត់ដេរកម្ពុជា

អ្នកជំនាញថា វិស័យកាត់ដេរនៅកម្ពុជាហាក់នៅទ្រឹង ខណៈក្រសួងសេដ្ឋកិច្ចរំពឹងវិស័យនេះកើននៅឆ្នាំក្រោយ


ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ កត់សម្គាល់ឃើញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះ វិស័យកាត់ដេរនៅកម្ពុជា ហាក់នៅមានសភាពទ្រឹងនៅឡើយ មិនទាន់បង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំ២០២៤ វិស័យនេះនឹងមានការងើបឡើងវិញ។ ក្រសួងសេដ្ឋកិច្ចអះអាងថា កត្តាដែលធ្វើឲ្យអនុវិស័យកាត់ដេររំពឹងថា នឹងមាននិន្នាការងើបឡើងវិញ គឺដោយសារការងើបឡើងវិញនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។
3
ដោយ

លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរនៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺវិស័យនេះ នៅតែបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិសាកលនានា។ ជាការកត់សម្គាល់របស់លោក អាត់ ធន់ បើទោះបីនៅចុងឆ្នាំ២០២២ មានការផ្អាកកម្មករ-និយោជិតពីម្ចាស់រោងចក្រ សហគ្រាសកាត់ដេរមួយចំនួនក្តី តែវិស័យនេះហាក់មានភាពល្អប្រសើរ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ តំណាងកម្មកររោងចក្ររូបនេះ មើលមិនឃើញថា វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរអាចមានភាពល្អប្រសើរនៅត្រីមាសចុងក្រោយនៃឆ្នាំនេះនោះទេ។

ស្រដៀងគ្នានេះដែរ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានកត់សម្គាល់ឃើញថា ស្ថានភាពវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហាក់ពុំសូវមានអ្វីប្រែប្រួលខ្លាំងនោះទេ ចាប់ពីដើមឆ្នាំ២០២៣មក ប៉ុន្តែលោកយល់ឃើញថា រយៈពេលចុងក្រោយនេះ វិស័យកាត់ដេរនៅកម្ពុជា ហាក់មានភាពប្រក្រតីឡើងវិញ។ ការអះអាងរបស់លោក ហ្វា សាលី បែបនេះ ដោយសារលោកកត់សម្គាល់ឃើញថា ការបើករោងចក្រក្នុងឧស្សាហកម្មកាត់ដេរថ្មីៗជាបន្តបន្ទាប់ ជាពិសេសមិនសូវមានការផ្អាករោងចក្រ សហគ្រាស ឬកម្មករ-និយោជិត ដូចកាលពីឆ្នាំ២០២២នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ បើទោះបីការបញ្ជាទិញផលិតផលកាត់ដេរពីខាងក្រៅមិនទាន់កើនឡើងខ្ពស់ តែវាក៏មិនធ្លាក់ចុះខ្លាំងពេកនោះដែរ ដែលអាចធានាបាននូវការងារធ្វើសម្រាប់កម្មករ-កម្មាការិនី រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងជាមួយការសម្រេចបានកំណើនក្នុងរង្វង់៨,៥%នៅឆ្នាំ២០២៤ ពីប្រមាណ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ក៏អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យមួយនេះ។ ដោយឡែក សម្រាប់អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួន គួបផ្សំនឹងការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមនៅហ្គាហ្សារុញឱ្យអ៊ីរ៉ង់ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិន

ព័ត៌មាន
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅហ្គាហ្សាកំពុងធ្វើឲ្យទីក្រុងតេអេរ៉ង់ក្លាយជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ថ្មីមួយទៀតទៅកាន់ប្រទេសចិន។ តួល…

អង់គ្លេស និងកោះតៃវ៉ាន់ ជម្នះបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ទោះមានការព្រមានពីចិន

ព័ត៌មាន
ចក្រភពអង់គ្លេសនិងកោះតៃវ៉ាន់បានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ កាលពីថ្ងៃពុធថា ដោយទីក្រុងតៃប៉ិ សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ