បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនរថយន្ត ហុងដា និងចាប់ដៃជាមួយ ជីអឹម បង្កើតតាក់ស៊ីគ្មានអ្នកបើក


ក្រុមហ៊ុន Honda Motor កាលពីព្រហស្បតិ៍បាននិយាយថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅប្រទេសជប៉ុន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន General Motors (GM) ដោយក្រុមហ៊ុនទាំង២រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន GM នឹងបណ្តាក់ទុនរួមគ្នានៅឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមសេវាកម្មតាក់ស៊ីនេះនៅឆ្នាំ២០២៦ នៅកណ្តាលទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យារថយន្ត
ដោយ

ក្រុមហ៊ុនចំនួន៣នឹងបង្កើតគម្រោងវិនិយោគទុនរួមគ្នាមួយដោយផ្ដោតលើសេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិនៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុនទាំង៣នោះរួមមានក្រុមហ៊ុន Honda ក្រុមហ៊ុន GM និងក្រុមហ៊ុន GM Cruise Holdings ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធខាងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន GM ប៉ុន្តែក្រុមហ៊ុន Honda គឺជាអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុងការបណ្តាក់ទុនរួមគ្នាមួយនេះ។

ប្រសិនបើគម្រោងការណ៍វិនិយោគទុននេះពិតជាបានសម្រេចមែននោះ សេវាកម្មនេះត្រូវបានគេរំពឹងថា នឹងក្លាយជាសេវាកម្មលើកដំបូងនៅប្រទេសជប៉ុន ដែលនឹងអនុវត្តស្តង់ដារបើកបរស្វ័យភាពកម្រិត៤ ដល់ការប្រើប្រាស់ជាក់ស្តែងនៅលើផ្លូវសាធារណៈនៅក្នុងប្រទេសនេះ។

សេវាតាក់ស៊ីនេះ នឹងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ២០២៦ ជាមួយរថយន្តពីរបីគ្រឿងជាមុនសិន ហើយក្រុមហ៊ុនដៃគូរំពឹងថា ចំនួនរថយន្តនេះនឹងបន្តកើនឡើងរហូតដល់៥០០គ្រឿង និងលើសពីនេះទៀតនៅពេលមានការពង្រីកតំបន់សេវាកម្មបន្ថែមទៀត។

នាយកប្រតិបត្តិក្រុមហ៊ុន Cruise គឺលោក កៃ វ៉ូត (Kyle Vogt) មានទំនុកចិត្តថា ដោយសារតែយានយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Cruise មានបទពិសោធន៍គ្រប់គ្រាន់ ដែលកំពុងដំណើរការតាមទីក្រុងនានានៅសហរដ្ឋអាមេរិកនោះ ដូច្នេះហើយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនេះ នឹងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការយានជំនិះ Origin ដោយស្វ័យប្រវត្តិពេញលេញតាមកាលកំណត់នៅដើមឆ្នាំ២០២៦។

លោក វ៉ូត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដោយប្រកាសពីគម្រោងសេវាកម្មរបស់ជប៉ុននេះថា លោកមានទំនុកចិត្តថា រថយន្តរបស់ក្រុមហ៊ុន Cruise នេះមានសុវត្ថិភាពជាងរថយន្ត ដែលមានអ្នកបើកបរ ហើយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយអ្នកស៊ើបអង្កេតពីសេវាកម្មនេះ។

រថយន្តស្វ័យប្រវត្តិ Cruise Origin ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Honda និង GM នេះ នឹងបម្រើការជារថយន្តតាក់ស៊ីសម្រាប់កម្រិតទី៤ ដែលតាមធម្មតាយានជំនិះកម្រិតទី៤ គឺមិនតម្រូវឱ្យមានអ្នកបើកបរនោះទេ ដូច្នេះហើយរថយន្តនេះគ្មានកៅអីអ្នកបើកបរទេ គឺមានតែផ្ទៃខាងក្នុងធំទូលាយប៉ុណ្ណោះ។

កាលពីខែមេសា ច្បាប់ចរាចរណ៍ផ្លូវគោកដែលបានកែសម្រួលនៅជប៉ុន​បានចូលជាធរមានហើយដោយបានដកបម្រាមទៅលើយានជំនិះស្វ័យប្រវត្តិកម្រិតទី៤ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌអនុវត្តន៍មួយចំនួន។

សូមបញ្ជាក់ថា បើតាមស្តង់ដារអន្តរជាតិ គឺមាន៥កម្រិតសម្រាប់ការបើកបរដោយស្វ័យប្រវត្តិ។ ចាប់ពីកម្រិត១ដល់កម្រិត៣ គឺត្រូវការអ្នកបើកបរដើម្បីគ្រប់គ្រងសុវត្ថិភាពដូចជាជាន់ហ្វ្រាំងជាដើម ហើយចាប់ពីកម្រិត៤ដល់កម្រិត៥ គឺលែងមានអ្នកបើកទៀតហើយ ប៉ុន្តែកម្រិត៥ គឺជាកម្រិតបើកបរដោយស្វ័យប្រវត្តិពេញលេញជាងគេបំផុត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសអាស៊ានណាខ្លះដែលទទួលបានផលប្រយោជន៍ពីគម្រោងខ្សែក្រវាត់និងផ្លូវ ?

ព័ត៌មាន
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រកាសជាចំហរថា ខ្លួននឹងបន្តគាំទ្រ និងជំរុញការអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវា…

សេដ្ឋកិច្ចចិនមានសន្ទុះឡើងវិញ ប៉ុន្តែវិស័យអចលនទ្រព្យនៅតែបន្តភាពអួអាប់

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះឡើងវិញហើយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបពង្រីកបានជិត៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ