សេដ្ឋកិច្ចនៅអាមេរិក

តើសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី៣ មានការប្រែប្រួលយ៉ាងណាខ្លះ?


សេដ្ឋកិច្ចអាមេរិក នៅមួយរយៈកន្លងមកនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនរួមទាំងវិបត្តិអតិផរណា និងថាមពលជាដើម។ ប៉ុន្ដែ សម្រាប់ត្រីមាសទី៣ នៅឆ្នាំនេះ សេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា បានរក្សាកំណើនរឹងមាំនៅក្នុងការបន្តស្ទុះងើបឡើងវិញយ៉ាងខ្លាំង បើធៀបនឹងពីរត្រីមាសមុន ប៉ុន្តែប្រជាជនអាមេរិកាំងភាគច្រើនទំនងជាមើលមិនឃើញពីការងើបរើសេដ្ឋកិច្ចឡើងវិញនេះទេ។ នេះបើតាមការចេញផ្សាយរបស់កាសែតអាមេរិក Washington Post។
តើសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី៣ មានការប្រែប្រួលយ៉ាងណាខ្លះ?

ក្រុមអ្នកវិភាគសេដ្ឋកិច្ចវិញមើលឃើញថា ដ្បិតតែតួលេខលើក្រដាស​កំណើន​នៅត្រីមាសទី៣ អាចនឹងល្អប្រសើរក្ដី ប៉ុន្ដែ ធាតុពិតជាក់ស្ដែង គឺមិនសូវមានការប្រែប្រួលខ្លាំងឡើយ ដោយសារតែបញ្ហាអតិផរណា​នៅតែបង្កផលប៉ះពាល់​ ហើយធនាគារកណ្ដាល​នឹងនៅតែរឹតបន្ដឹង​គោលនយោបាយរូបិយវត្ថុ​របស់ខ្លួនដដែល។​

អតិផរណារ៉ាំ​រ៉ៃ​បាន​​បន្តដាក់​សម្ពាធ​យ៉ាង​​ធ្ងន់ទៅ​​លើ​កំណើន​សេដ្ឋកិច្ច និង​ថវិកាចំណូលចំណាយ​ក្នុងក្រុម​គ្រួសារអាមេរិក​ ហើយ​​បាន​ក្លាយ​ជា​ចំណុច​សំខាន់មួយ ​​នៅ​មុន​​ការ​បោះឆ្នោត​​ពាក់កណ្តាល​​អាណត្តិ​នៅ​អាមេរិក​។ យ៉ាងណាមិញ តួលេខ​កំណើនរឹងមាំនៅ​ក្នុង​​​របាយការណ៍បន្ទាប់ស្ដីពី​ផលិតផលក្នុងស្រុកសរុប ​​ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែតុលា ​នឹងក្លាយជាដំណឹងស្វាគមន៍សម្រាប់​គណ​បក្ស​​​ប្រជាធិបតេយ្យដែលបានតស៊ូ ​ដើម្បី​បញ្ចុះ​បញ្ចូល​អ្នកបោះឆ្នោតថា ពួកគេមានផែនការដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពជាងមុន។

បើ​ទោះ ជាតួលេខថ្មីបំផុតនេះ​ ទំនងជាមើលទៅដូចជាប្រសើរឡើងនៅលើក្រដាស​ក៏ពិតមែន ​ក៏​ប៉ុន្តែ​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​និយាយថា វាមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងសេដ្ឋកិច្ច​​ដែលអាច​​នឹងឆ្ពោះ​​ទៅរក​ការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ​នេះ​ឡើយ​។

លោក ឌូក្លាស ហូល អ៊ីឃីន (Douglas Holtz-Eakin)​ ប្រធានវេទិកាសកម្មភាពអាមេរិក​ និងជា​អតីតនាយកការិយាល័យ​ថវិកាសភា​​បាននិយាយថា របាយ​ការណ៍​នេះ​មើលទៅប្រសើរជាងរបាយការណ៍ប្រចាំត្រីមាសចំនួន ​២ ​ស្ដីពី​ GDP កាល​ពី​លើក​មុនៗ ​​ប៉ុន្តែលក្ខខណ្ឌជាក់​ស្ដែង ​គឺ​មិនមានការផ្លាស់ប្តូរច្រើន​នោះ​ទេ។ អតិផរណា​នៅតែ​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់ ហើយ​ក្តីបារម្ភពីការរឹតបន្តឹង​របស់​ធនាគារ​កណ្ដាល​អាមេរិក​ (Fed)​ នៅតែមាន ហើយ​អ្វី​ៗក៏​​មិន​ជា​​ខុសប្លែក​​គ្នា​ច្រើនពេក​នោះ​ដែរ​​។

ផលិត​ផ​លក្នុងស្រុក​សរុប ​ដែលជារង្វាស់ដ៏ធំបំផុតនៃសកម្មភាពសេដ្ឋកិច្ចត្រូវគេរំពឹងថា នឹងកើនឡើង​ប្រហែល​ ២,៩%​​នៅចន្លោះខែកក្កដា និងខែកញ្ញា​ ហើយ​តួលេខ​នេះ​គឺ​ស្របនឹងតួលេខនៃ​​​កំណើនសេដ្ឋកិច្ច​ដែល​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​​ប៉ុន្មាន​​ឆ្នាំមុន​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​។ នេះបើតាមអ្នកតាមដានពីធនាគារ​កណ្ដាល​​ក្រុង​​អាឡេន​តា​ (Federal Reserve Bank of Atlanta)​។

ការ​បង្ហាញ​តួលេខ​នេះ​បាន​កើតឡើង​បន្ទាប់ពីការធ្លាក់ចុះ​រយៈពេល៦ខែ​ ដោយសេដ្ឋកិច្ចរបស់​សហរដ្ឋ​​អាមេរិកបានធ្លាក់ចុះ ១,៦%​ បន្ទាប់មក​នៅបន្ដធ្លាក់​ចុះ​ ០,៦%​ នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ។ ការធ្លាក់ចុះនៅឆមាសទីមួយនោះ​​បានបង្កើនការភ័យខ្លាចថា ​ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពដាំក្បាលចុះសេដ្ឋ​កិច្ច​​រួចទៅហើយ បើ​ទោះជាមិនទាន់​ច្បាស់អំពី​ការធ្លាក់ចូល​ទៅក្នុងវិបត្តិ​ក្ដី ដ្បិតថា​ភាពអត់ការងារ​ធ្វើគឺមានជិតដល់​កម្រិតទាបបំផុត។​ ការកំណត់​ជាផ្លូវការ​នេះ​គឺធ្វើឡើងដោយក្រុមអ្នកជំនាញ​ ហើយជាទូទៅអ្នកសេដ្ឋកិច្ចយល់ស្របថាសេដ្ឋកិច្ចអាមេរិកអាច​ទប់ទល់​បាន​នឹងវិបត្តិសេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់នៅឆ្នាំនេះ​។

ការវិលត្រឡប់ទៅរក​កំណើនរបស់អាមេរិក​វិញ​នេះ​ មានភាពផ្ទុយស្រឡះទៅនឹងប្រទេស​ដែល​មាន​សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត​​រួមទាំងអឺរ៉ុប និងចក្រភពអង់គ្លេស ​​ដែលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ​ ឬស្ទើរតែប្រាកដជាឆ្ពោះទៅរកការ​ធ្លាក់ចុះ​សេដ្ឋ​កិច្ច​។ ដោយឡែក គោលនយោបាយ«សូន្យជំងឺ​កូវីដ»​​របស់ចិនវិញ ​ក៏បាន​ក្លាយជាការអូសបន្លាយ​ពេល​លើ​​កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ ក្រោយ​ពីប្រទេស​សេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនេះ បានក្លាយជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​នាំ​មុខ​គេ​អស់រយៈពេល​​​ជា​យូរមកហើយ។

តួលេខ GDP ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក​នេះ​ទំនងជាបាន​​កើន​ឡើង​​ដោយសារ​​គម្លាតពាណិ​​ជ្ជកម្ម​រួមតូច ​ដោយហេតុ​តែ​សហរដ្ឋអាមេរិកកំពុងនាំចូលទំនិញតិចជាងមុន ព្រោះ​តម្រូវការថយចុះ​។ ​លើសពីនេះ​ទៀត​ កម្រិតសារពើភ័ណ្ឌរបស់អ្នកលក់រាយ​ត្រូវគេរំពឹងថា នឹងកើនឡើង​ ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់សម័យជំងឺ​រាតត្បាត​ត្រូវបានកាត់បន្ថយ ហើយ​កត្តាទាំងពីរនេះ​មិនបាន​ប៉ះពាល់ច្រើនដល់ជីវភាពប្រចាំថ្ងៃរបស់ពល​រដ្ឋ​អាមេរិកនោះទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើលោកលី ឈាំង ជានរណា? ហេតុអ្វីអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីជំនួសលោក លី ខឺឈាំង?

ព័ត៌មាន
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលធ្វើឡើងរាល់៥ឆ្នាំម្តង បានបិទបញ្ចប់ជាស្ថាពរហើយកាលពីចុងសប្តាហ៍មុននេះ ជាមួយនឹងការតែងតាំងក្បាលម៉ាស៊ីនដឹកន…

ព្រលានយន្តហោះធំបំផុតទី២នៅហ្វីលីពីនផ្អាកដំណើរការ ក្រោយយន្តហោះរបស់កូរ៉េចុះចតរអិលជ្រុលហួសផ្លូវ

ព័ត៌មាន
ព្រលានយន្តហោះអន្តរជាតិ Mactan Cebu ដែលជាព្រលានយន្តហោះធំបំផុតទី២ របស់ហ្វីលីពីន ត្រូវបានផ្អាកការហោះហើរជាបណ្ដោះអាសន្ន នៅថ្ងៃទី២៤ ខែតុលា ឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ