គោលនយោបាយចិន

IMF ថា ចិនកំពុងស្ថិតក្នុងរបត់នៃការជ្រើសរើសអនុវត្តតាមគោលនយោបាយចាស់ ឬបង្កើតគោលនយោបាយថ្មី ដើម្បីជំរុញតម្រូវការ


នាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបច្ចុប្បន្នកំពុងស្ថិតនៅលើរបត់មួយរវាងការជ្រើសរើសយកគោលនយោបាយអតីតកាល ឬក៏ជ្រើសយកកំណែទម្រង់ទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គោលនយោបាយចិន
ដោយ

ថ្លែងក្នុងសន្និសីទធុរកិច្ចអន្តរជាតិ ដ៏ល្បីរបស់ចិន នៅទីក្រុងប៉េកាំង លោកស្រី ចចហ្គីវ៉ា បាននិយាយថា សេដ្ឋកិច្ចពិភពលោក​ បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ប៉ុន្តែវាឆ្ពោះទៅរកកំណើនដែល«ចុះខ្សោយជាស្តង់ដាប្រវត្តិសាស្ត្រ»ក្នុងរយៈពេលមធ្យម ខណៈដែលកំណើន​ផលិតភាពទាប និងកម្រិតបំណុលកើនខ្ពស់បានរារាំងដល់ការវិវឌ្ឍន៍។​ជាមួយនឹងកំណែទម្រង់គាំទ្រទីផ្សារជាកញ្ចប់ដ៏ទូលំទូលាយនោះ ចិនអាចបន្ថែម២០% ឬ ៣,៥ទ្រីលានដុល្លារដល់សេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

លោកស្រីបានប្រាប់វេទិកាអភិវឌ្ឍន៍ចិនថា ប្រទេសចិនប្រឈមមុខនឹងផ្លូវរបត់ ដោយត្រូវសម្រេចចិត្តថា តើត្រូវបន្តគោលនយោបាយដែលបានដំណើរការកាលពីអតីតកាល ឬក៏ត្រូវបង្កើតឡើងវិញសម្រាប់យុគសម័យថ្មី នៃកំណើនប្រកបដោយគុណភាពខ្ពស់។​ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនេះ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បាននិយាយថា វេទិកានៅឆ្នាំនេះត្រូវបានចូលរួមដោយនាយកប្រតិបត្តិពិភពលោកជាច្រើនរួមទាំងលោក ទីម ឃុក (Tim Cook) របស់ក្រុមហ៊ុន Apple ផងដែរ។

លោក លី បានសន្យានៅចំពោះមុខនាយកប្រតិបត្តិទាំងនោះថា ទីក្រុងប៉េកាំងនឹងរៀបចំបទប្បញ្ញត្តិថ្មីមួយចំនួន ដើម្បីដំណើរការទីផ្សារដោយរលូនសម្រាប់សហគ្រាសបរទេស និងការខិតខំ ដើម្បីជំរុញបង្កើនការប្រើប្រាស់ក្នុងស្រុកផងដែរ។

សន្និសីទនេះបានធ្វើឡើងនៅចំពេលក្រុមដៃគូពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យនៃការផ្គត់ផ្គង់លើសកម្រិតក្នុងឧស្សាហកម្មសំខាន់ៗរួមទាំងរថយន្តអគ្គិសនី និងដែក ដែលអាចជំរុញឱ្យផលិតករផលិតទំនិញលើសកម្រិតនៅលើទីផ្សារពិភពលោក។ ទីក្រុងប៉េកាំងបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច៥% សម្រាប់ឆ្នាំនេះ គឺដូចឆ្នាំ២០២៣ ដែរ ប៉ុន្តែវាទាបជាងឆ្នាំ២០២២ ហើយអ្នកវិភាគរំពឹងថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលមធ្យមដោយសារការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះប្រជាសាស្រ្ត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹង ទទួលបានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន ខណៈកម្ពុជា-ឥណ្ឌានឹងបើកជើងហោះហើរត្រង់នៅអំឡុងខែមិថុនា

ព័ត៌មាន
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ឥណ្ឌា ចាប់ផ្តើមរៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជាបណ្តើរៗហើយនៅពេលនេះ ដោយពួកគេមិនត្រ…

World Bank គ្រោងបញ្ចេញទិន្នន័យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញវិនិយោគិនឯកជនទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

ព័ត៌មាន
ប្រធានធនាគារពិភពលោក ឬ World Bank លោក Ajay Banga បាននិយាយថា ធនាគារពិភពលោកគ្រោងចេញផ្សាយទិន្នន័យរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ