វិនិយោគបន្ទះឈីប

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយគ្រោងបោះទុន១ពាន់លានដុល្លារ ផលិតបន្ទះឈីបនៅវៀតណាម


ក្រុមហ៊ុន ហាណា មីក្រុង (Hana Micron) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបោះទុន១ពាន់លានដុល្លារវិនិយោគក្នុងផលិតកម្មបន្ទះឈីប នៅប្រទេសវៀតណាម នៅត្រឹមឆ្នាំ២០២៥ ដែលជាការវិនិយោគចុងក្រោយបំផុតនៅក្នុងរលកនៃការវិនិយោគបន្ទះឈីប ដែលកំពុងតែជន់ជោរនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិនិយោគបន្ទះឈីប
ដោយ

ក្រុមហ៊ុនផលិតគ្រឿងបន្ទះឈីប និងអង្គចងចាំរបស់កូរ៉េខាងត្បូងនេះបានប្រាប់ នីកេអេស៊ាថា ក្រុមហ៊ុននេះកំពុងបញ្ជូនឧបករណ៍ទៅកាន់រោងចក្រថ្មីទីពីររបស់ខ្លួននៅក្នុងខេត្តបាក់គៀង (Bac Giang) ដើម្បីត្រៀមខ្លួនសម្រាប់ផលិតកម្ម និងមានកាលវិភាគដ៏មមាញឹកជាមួយនឹងការពិនិត្យមើលអតិថិជន និងការងារត្រូវធ្វើមួយចំនួនទៀត។

បើតាមសារព៏ត៌មាននីកេ នៅខេត្តបាក់គៀងនេះមានរោងចក្រផលិតបន្ទះឈីប ផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ចំនួន៣កន្លែង ហើយខេត្តបាក់និញ (Bac Ninh) ដែលជាប់ព្រំប្រទល់ខេត្តបាក់គៀង គឺជាខេត្ត ដែលល្បីល្បាញថា ជាកន្លែងប្រមូលផ្ដុំទៅដោយក្រុមហ៊ុនទូរស័ព្ទ Samsung របស់កូរ៉េខាងត្បូងច្រើនជាងគេបំផុតក្នុងពិភពលោក។

លោក ហ័ង ឈុល មីន (Hwang Chul Min) អ្នកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនហាណាមីក្រុង បានប្រាប់នីកេអេស៊ាថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងខេត្តបាក់គៀង បានដើរតួយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃតំបន់នេះ ហើយវានឹងបង្កើតឱកាសដើម្បីទាក់ទាញគម្រោងបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃផលិតកម្មបន្ទះឈីបផងដែរ។

ការប្រកាសបណ្ដាក់ទុននៅវៀតណាម ជាបន្តបន្ទាប់ក្នុងផលិតកម្មបន្ទះឈីបនៅមួយរយៈចុងក្រោយនេះ វាបានផ្តល់សន្ទុះដល់ក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោក ដែលកំពុងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសាតែបញ្ហាភូមិសាស្ត្រនយោបាយ និងបានបង្ហាញពីសក្តានុពលរបស់វៀតណាម ដែលចង់ទាក់ទាញក្រុមហ៊ុនឱ្យមកវិនិយោគក្នុងប្រទេសនេះជាយូរឆ្នាំមកហើយ។

ប៉ុន្តែវានៅតែមានបញ្ហាប្រឈមខ្លះៗផងដែរ។ ក្រុមហ៊ុន Samsung ដែលជាអតិថិជនរបស់ក្រុមហ៊ុនហាណាមីក្រុង បានបដិសេធសំណើរបស់រដ្ឋាភិបាលក្នុងការសាងសង់រោងចក្របន្ទះឈីបមួយនៅវៀតណាម ដោយប្រភពមួយបានប្រាប់ Nikkei ថា គឺដោយសារតែក្រុមហ៊ុននេះបានវិនិយោគច្រើនរួចហើយនៅប្រទេសនេះ។

បើតាមគេហទំព័ររបស់រដ្ឋភិបាលខេត្តបាក់គៀង ដែលបង្ហោះកាលពីថ្ងសៅរ៍ ទី៣០ ខែកញ្ញាបានឱ្យដឹងថា វៀតណាមកំពុងប្រឹងប្រែងបំពេញតាមតម្រូវការជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនហាណាមីក្រុង នឹងផ្តល់ការងារដល់មនុស្ស៤ពាន់នាក់ និងសហការជាមួយមហាវិទ្យាល័យបច្ចេកទេសឧស្សាហកម្មវៀតណាម-កូរ៉េ សម្រាប់ការជួលបុគ្គលិក ខណៈដែលក្រុមហ៊ុននេះក៏មានរោងចក្រមួយនៅខេត្តបាក់និញផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពិនិត្យមើលយន្តការសម្រួលការចេញចូលរបស់ភ្ញៀវបរទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យសម្រួលលើឯកសារចេញចូលរបស់ភ្ញៀវទេសចរបរទេសតាមច្រកទ្វារនានា …

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសធំៗពីរ មានរឿងអាស្រូវពាក់ព័ន្ធការបោកប្រាស់

ព័ត៌មាន
វិស័យអចលនទ្រព្យនៅប្រទេសវៀតណាម និងចិន ក្រៅពីប្រឈមមុខនឹងការធ្លាក់ចុះ វិស័យនេះក៏កំពុងប្រឈមមុខនឹងរឿងអាស្រូវមួយចំនួនផងដែរ ក្រោយក្រុមហ៊ុនអភិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ