ទីផ្សារស្វាយចន្ទី

ក្រុមហ៊ុនអ៊ីស្រាអែលមួយអាចនឹងទិញគ្រាប់ស្វាយចន្ទីកម្ពុជាដល់១ម៉ឺនតោន ប្រសិនបើការសាកល្បងជំហានដំបូង១០០តោនទទួលជោគជ័យ


ក្រុមកសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតជំហានសាកល្បងពីក្រុមហ៊ុនអ៊ីស្រាអែល Floresta ចំនួន១០០តោន ក្នុងតម្លៃលើសទីផ្សារប្រហែល២០%។
ទីផ្សារស្វាយចន្ទី
ដោយ

ក្រុមហ៊ុនអ៊ីស្រាអែលនេះ អាចបញ្ជាទិញរហូតដល់១ម៉ឺនតោន ប្រសិនបើទទួលបានជោគជ័យសម្រាប់ការទិញជំហានដំបូងនេះ។ ទោះបីវាជាការទិញសាកល្បង តែមន្រ្តី និងអ្នកជំនាញបានចាត់ទុកការទិញនេះថា គឺជាការសាកល្បងមួយដ៏ល្អ និងសង្ឃឹមថាអ្វីៗនឹងមានភាពប្រសើរនាពេលខាងមុខ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ខេមបូណូមីសថា ការបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួត ចំនួន១០០តោនរបស់ក្រុមហ៊ុនអ៊ីស្រាអែល Floresta គ្រាន់តែជាការសាកល្បងសម្រាប់នាំចេញប៉ុណ្ណោះ ហើយប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ នោះក្រុមហ៊ុននេះអាចនឹងពង្រីកការបញ្ជាទិញរហូតដល់១ម៉ឺនតោននៅក្នុងឆ្នាំ២០២៥ ខាងមុខ។

ជុំវិញការបញ្ជាទិញសាកល្បងរបស់ក្រុមហ៊ុនមកពីប្រទេសអ៊ីស្រាអែលនេះ ត្រូវបានលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ចាត់ទុកថា គឺជាជំហានសាកល្បងមួយដ៏ល្អ ហើយលោកសង្ឃឹមថា វិនិយោគិនអ៊ីស្រាអែលនឹងចាប់អារម្មណ៍មកវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា នាពេលខាងមុខ។

បើតាមឯកឧត្តម ឃឺម ហ្វីណង់ ការបញ្ជាទិញរបស់ក្រុមហ៊ុនអ៊ីស្រាអែលខាងលើ គឺស្ថិតក្នុងគម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន។ ការបញ្ជាសាកល្បងរបស់ក្រុមហ៊ុនអ៊ីស្រាអែលនេះ គឺជាផ្នែកមួយបង្ហាញពីការទទួលបានអត្ថប្រយោជន៍របស់កសិករក្រោមការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ក្រៅពី«ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការគាំទ្របច្ចេកទេស និងការគ្រប់គ្រង ការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានដើមទុនក្នុងអត្រាការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុផងដែរ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកមើលឃើញពីការកាត់បន្ថយអត្រាការប្រាក់៣លើកនៅឆ្នាំនេះ តែអាស្រ័យលើអតិផរណា

ព័ត៌មាន
ប្រធានធនាគារកណ្តាលអាម៉េរិកលោក ជេរ៉ូម ផៅវែល បានអះអាងថា អត្រាអតិផរណានៅសហរដ្ឋអាម៉េរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ ពោលគឺមិនបានផ្លាស់ប្ដូរមូល…

កម្ពុជាកំពុងពន្លឿនការសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងគម្រោងផ្លូវរថភ្លើងមួយចំនួនទៀត

ព័ត៌មាន
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញឱ្យក្រុមហ៊ុនបង្កើនការសិក្សារបស់ខ្លួនលើគម្រោងផ្លូវរថភ្លើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ