Advertisement
កីឡាករ​បាល់ទាត់​ជប៉ុន បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កីឡាករ​បាល់ទាត់​ជប៉ុន​ដ៏​ល្បី កេស៊ូកិ ហុងដា បោះទុន​វិនិយោគ​លើក្រុមហ៊ុន​កសិកម្ម​នៅកម្ពុជា


ជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ដែល​កីឡាករ​បាល់ទាត់​ដ៏ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន លោក កេស៊ូកិ ហុងដា (Keisuke Honda) ចាប់​អារម្មណ៍បោះទុន​វិនិយោគ​​​​លើ​ធុរកិច្ច​កសិកម្ម​នៅកម្ពុជា ដើម្បីជួយ​ដល់​ជីវភាព​កសិករ​នៅក្នុង​ប្រទេស​នេះ ។
លោក កេស៊ូកិ ហុងដា (Keisuke Honda) (រូបខាងស្ដាំ) ថតរូបជាមួយ​លោក យ៉ង់ ប៉ាក់ នាយក​ក្រុមហ៊ុន អេហ្គ្រី បាឌី ប្រចាំកម្ពុជា។
ដោយ
Advertisement

ក្រុមហ៊ុនជប៉ុន អេហ្គ្រីបាឌី (Agribuddy) ​ដែល​ធ្វើប្រតិបត្តិការ​ក្នុង​បំណង​លើក​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច និង​គុណភាព​ជីវិត​របស់​កសិករ​ខ្នាត​តូច​ក្នុង​ប្រទេស​កម្ពុជា និងឥណ្ឌា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការវិនិយោគច្រើនជាងគេបំផុតពីមូលនិធិអ្នកវិនិយោគ KSK ជាមូលនិធិវិនិយោគមួយដែលបង្កើតឡើងដោយកីឡាករបាល់ទាត់អាជីពល្បីឈ្មោះរបស់ប្រទេសជប៉ុន គឺលោក កេស៊ូកិ ហុងដា (Keisuke Honda)។

មូលនិធិវិនិយោគ KSK Angel Fund ត្រូវបានបង្កើតឡើងក្នុងបំណងធ្វើឲ្យពិភពលោកក្លាយជាទីមនោរម្យសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈបេសកកម្មក្នុងការបង្កើតឲ្យបាននូវសង្គមមួយដែលគ្មានភាព ក្រីក្រ និងមនុស្សគ្រប់គ្នាទទួលបានការអប់រំដោយស្មើភាពគ្នា។ 

លោក កេស៊ូកិ ហុងដា បានមានប្រសាសន៍ថា៖ “យើងបានមើលឃើញនូវសក្ដានុពលជាច្រើនរបស់អេហ្គ្រីបាឌី ក្នុងការផ្ដល់សេវាដល់កសិករឲ្យបានកាន់តែប្រសើរ តាមរយៈប្រតិបត្តិការសម្របសម្រួលហិរញ្ញប្បទានកសិកម្ម និងការស្វែងរកទីផ្សារឲ្យបានច្រើនសម្រាប់កសិផលរបស់កសិករ។ ទាំងអស់នេះមានភាពស៊ីគ្នានឹងសេចក្តីថ្លែងបេសកកម្មរបស់យើង។”

សកម្មភាព​ដាំដុះ​របស់​កសិករ​ដែល​ជាសមាជិក​របស់​ អេហ្គ្រី​ បាឌី។

នាយកប្រតិបត្តិ និងជាស្ថាបនិករបស់អេហ្គ្រីបាឌី លោក ខេងហ្គោ គីតួរ៉ា (Kengo Kitaura) បានស្វាគមន៍ចំពោះដំណឹងនេះ ដែលនឹងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែរឹងមាំថែមទៀតក្នុងនាមជាមិត្តដៃគូរបស់កសិករ។

លោក ខេងហ្គោ បានមានប្រសាសន៍ថា៖ “នេះជាដំណឹងដ៏គួរឲ្យរំភើបចិត្តសម្រាប់ពួកយើង ស្របពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍កសិករ ឲ្យបានរឹងមាំ និងលូតលាស់រីកចម្រើន តាមរយៈការជួយសម្របសម្រួលសកម្មភាពផលិតកម្មកសិករ និងការគ្រប់គ្រងចង្វាក់តម្លៃកសិកម្ម”។ 

លោកបានបន្ថែមទៀតថា៖ “យើងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា កសិកររបស់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេបំផុតពីការជួយគាំទ្រ និងការវិនិយោគពីលោក ហុងដានេះ”។ 

លោក កេស៊ូកិ ហុងដា ជាជនគំរូម្នាក់ មិនថាក្នុងនាមជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឥស្សរជនដែលចួលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ និង ជាសហគ្រិន ក៏ដូចជាអ្នកបោះទុនវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីៗផងដែរ។ 

ទន្ទឹមនឹងនេះ លោក កេស៊ូកិ បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំងសកលលោក ហើយក៏ជាអ្នកវិនិយោគដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យអាជីវកម្មបង្កើតថ្មីៗផងដែរ។ 

ក្រៅពីនេះ លោក កេស៊ូកិ ហុងដា ក៏បានចូលរួមជាមួយនឹងក្រុមហ៊ុនអេហ្គ្រីបាឌីក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនថែមទៀតផង។ 

សម្រាប់ក្រុមហ៊ុន អេហ្គ្រីបាឌី មកទល់នឹងពេលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមួយចំនួនរួមមាន Mistletoe លោកកេស៊ូកិ ហុងដា មូលនិធិអាជីវកម្មឌីជីថល (SADIF) និង ក្រុមហ៊ុន Forte Investment Holdings ជាដើម។ 

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុនអេហ្គ្រីបាឌីប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមូលនិធិ KSK នៅទីក្រុងតូក្យូ បានមានប្រសាសន៍ថា ការ​ក្លាយ​ជា​ក្រុមហ៊ុនកំពូលចំនួនពីរលើបញ្ជីវិនិយោគរបស់ឥស្សរជនល្បីឈ្មោះលំដាប់ពិភពលោកដូច្នេះ គឺជាសមិទ្ធផលមួយដ៏ធំធេងសម្រាប់អេហ្គ្រីបាឌី ស្របពេលដែលក្រុមហ៊ុនកំពុងតែពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញសមត្ថភាពផលិតកម្មកសិកម្ម។

លោក យ៉ង់ ប៉ាក់ មានប្រសាសន៍ថា៖  “នេះជាជោគជ័យមួយដ៏ធំធេងរបស់ក្រុមការងារអេហ្គ្រីបាឌីទាំងមូលដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារដើម្បីបម្រើដល់កសិករ។ ហើយដំណឹងនេះ នឹងកាន់តែលើកទឹកចិត្តដល់យើងទាំងអស់គ្នាថែមទៀតឲ្យប្រឹងប្រែងកាន់តែខ្លាំង និងធ្វើការងារកាន់តែប្រសើរជាងមុនដើម្បីជាប្រយោជន៍ដល់វិស័យកសិកម្មរបស់យើង”។ 

អេហ្គ្រីបាឌីគឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម មួយដែល គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បានធ្វើការងារជាមួយនឹងកសិកររាប់ពាន់នាក់ ដែលដាំដណាំស្រូវ ដំឡូង និងពោត នៅក្នុងខេត្តចំនួនប្រាំពីរ គឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ធំ ដើម្បីជំរុញការដាំដុះ និងលើកកម្ពស់ជីវភាពរបស់កសិករ៕ 




អត្ថបទបន្ទាប់


ចំនួន​​ក្រុមហ៊ុន​ថ្មី​ចុះបញ្ជី​ នៅប្រទេស​ថៃ បង្ហាញពីសញ្ញាថយចុះ

ព័ត៌មាន
ការចុះបញ្ជីក្រុមហ៊ុនថ្មី នៅក្នុងប្រទេសថៃ បានបង្ហាញពីសញ្ញាធ្លាក់ចុះ ២% នៅក្នុងខែ មិថុនា កន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលថៃ មានគោលដៅ នឹងអូសទ...

វិទ្យុ​អាស៊ីសេរី អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​របស់​ខ្លួន

ព័ត៌មាន
វិទ្យុ អាស៊ីសេរី នៅ​ថ្ងៃ​ពុធ​ ទី២៤ ខែកក្កដា នេះ បាន​អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​របស់​ខ្លួន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ