អត្ថបទក្រុមហ៊ុន

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត- ទីតាំងផ្សារទំនើបសហគមន៍ថ្មីសម្រាប់លោកអ្នក


ផ្សារទំនើប ខេ ម៉ល អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសពង្រីកគម្រោងផ្សារ ទំនើបមួយទៀតនៅក្នុងតំបន់ព្រែកត្នោត ភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនឹងក្លាយជាទីតាំងសហគមន៍ថ្មីមួយនៅតាមបណ្តោយផ្លូវជាតិលេខ ២ ដើម្បីបង្កើន ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។
(រូបថតគំរូមើលពីលើរបស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត)

ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ លោកអ្នកនឹងអាចមើលឃើញពីទីតាំងរបស់ផ្សារទំនើប ខេ​​ ម៉ល​ ព្រែក​ត្នោតដ៏ធំទូលាយ អមជាមួយបរិយាកាសធម្មជាតិបៃតង ស្រស់រង់ចាំទទួលស្វាគមន៍ លោកអ្នកនាពេលអនាគត។

រចនាជាមួយភាពច្នៃប្រឌិត និងការផ្តោតគំនិតសំខាន់លើផាសុកភាពតាមបែបធម្មជាតិសម្រាប់ អ្នកប្រើប្រាស់ គម្រោងផ្សារទំនើបថ្មីនេះ ប្រៀបបីដូចជាសហគមន៍ចម្រុះមួយដែលនឹងផ្តល់ជូន នូវទីកន្លែងជួបជំុមិត្តភក្តិ និងក្រុមគ្រួសារក្នុងការលម្ហែកម្សាន្ត ក៏ដូចជាការទិញទំនិញ ប្រចាំថ្ងៃ ព្រមទាំងការចូលរួមប្រារព្ធកម្មវិធីផ្សេងៗជាច្រើនប្រភេទសម្រាប់សហគមន៍នៅជុំវិញតំបន់នេះ​។

គម្រោងថ្មីនេះនឹងធ្វើឡើងលើទំហំផ្ទៃដីប្រមាណ ៨,000 ម៉ែត្រការ៉េ ដោយរួមមានទីកន្លែងជួបជុំ ជាសាធារណៈ ផ្លាហ្សាធំទូលាយបែបបើកចំហ និងទីធ្លាបៃតងធម្មជាតិសម្រាប់សកម្មភាពកម្សាន្ត ផ្សេងៗ ដោយមានទីតាំងស្ថិតនៅជាប់នឹងបុរីចន្ទគីរី ហើយក៏ជាគម្រោងថ្មីមួយទៀតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) ក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ។

ផ្សារទំនើបថ្មីនេះបានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី ប្រោនកាហ្វេ និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀត​នឹងចូលរួមមានវត្តមានជាបន្ត បន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន បានមានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍទីមួយនៃផ្សារទំនើប ខេ ម៉ល គឺជាសមិ្ធផលនៃស្នាដៃអភិវឌ្ឍន៍របស់យើងនៅក្នុងតំបន់ វេង ស្រេង។ ហើយក្រុមការងាររបស់យើង​មាន​ភាពជឿជាក់​ក្នុង​ការ​នាំយក​គម្រោងផ្សារទំនើបនេះ ទៅ​ភាគ​​ខាង​ត្បូងនៃ​ទីក្រុង​ភ្នំពេញ ដែលជាតំបន់ដ៏មានសក្តានុពលមួយមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសហការដំបូងគេទាំងបីរបស់យើង ដែលនេះបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត និងភាពជាដៃ​គូរ​ ហើយយើងប្តេជ្ញានឹងសាងសង់គម្រោង​​ ផ្សារទំនើបសហគមន៍ថ្មីដ៏​ល្អបំផុត​សម្រាប់​តំបន់​ព្រែក​ត្នោត។»

លោក Jose Carlos Reis Bettencourt នាយកគ្រប់គ្រងផ្សារទំនើបឡាក់គី​ បានមានប្រសាសន៍ថា៖ «យើងមានការកោតសរសើរដល់ក្រុមការងាររបស់ផ្សារទំនើប ខេ ម៉ល និង អឺបេនលែន ដែលបានខិតខំប្រឹងប្រែងអស់ពីចិត្ត និងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុង ការបង្ហាញស្នាដៃរចនាដ៏ល្អប្រណិតប្លែក ហើយពួកយើងពិតជាមានសំណាង ដែលបានចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍ថ្មីនេះ ព្រមទាំងបន្តភាពជាដៃគូ ពាណិជ្ជកម្មរួមគ្នាជាមួយ ប្រោនកាហ្វេ Kungfu Kitchen និងម៉ាកយីហោផ្សេងៗជាច្រើនទៀត។»

ក្នុងឱកាសនេះដែរ លោកស្រី Denise Lim នាយកគ្រប់គ្រងភោជនីយដ្ឋាន Kungfu Kitchen បានបង្ហាញចំណាប់អារម្មណ៍អំពីភាពជោគជ័យរបស់ភោជនីយដ្ឋាន Kungfu Kitchen ដែលកំពុងបើកដំណើរការនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង​ ដោយមានក្រុមការងារផ្សារទំនើប ខេ ម៉ល និង អឺបេនលែន តែងតែផ្តល់ការគាំទ្រ ទំនុកចិត្ត និង ភាពជឿជាក់ ក្នុងការបន្តដំណើរក្នុងភាព ជាដៃគូសហការ ព្រមទាំងផ្តល់ឱកាសដល់ Kungfu Kitchen ចូលរួមក្នុងការពង្រីកសាខាថ្មីរបស់ ខ្លួនមួយទៀតនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោតផងដែរ។

ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រង់តំបន់ផ្លូវ ៦០ ម៉ែត្រ ជាពិសេសតំបន់ព្រែកត្នោត លោកអ្នកនឹងបានឃើញនូវភាពលេចធ្លោនៃការវិនិយោគ និងការអភិវឌ្ឍន៍ធំៗជាច្រើនរួម​មាន​ គម្រោង​សាងសង់​បុរី សាលា​រៀន និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា​ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដ៏ធំជាងគេមួយក្នុងតំបន់ និង គម្រោងស្ពានអាកាស ព្រះមុនីវង្សដែលនឹងតភ្ជាប់ចរាចរណ៍សំខាន់ៗឆ្លងកាត់តំបន់​ផ្លូ​វ​ ៦០ ម៉ែត្រ និងតំបន់ស្ទឹងព្រែកត្នោត នាពេលអនាគត។

ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ផ្សារទំនើប ខេ ម៉ល នៅក្នុងតំបន់ វេង ស្រេង គឺជាភស្តុតាងនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្នុងការរៀបចំអនាគត និងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ការទទួលស្គាល់ និងការគាំទ្រពីអតិថិជនជាច្រើនដល់ផ្សារទំនើប ខេ ម៉ល នេះ បានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កាល្អមួយពីសហគមន៍តំបន់ វេង ស្រេង ហើយ គម្រោងថ្មី របស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក៏នឹងបន្តផ្តល់ជូននូវការរស់នៅប្រកបដោយផាសុកភាព

និងភាពងាយស្រួលដល់សហគមន៍ក្នុងបរិស្ថានប្រណិតបែបធម្មជាតិផងដែរ។

បច្ចុប្បន្ន ផ្សារទំនើប ខេ ម៉ល​ មានហាងម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុកចំនួន ៣៣ ហាង និងជា ផ្សារទំនើបសហគមន៍ដំបូងគេបង្អស់ក្នុងការលើកកម្ពស់មុខមាត់តំបន់ វេង ស្រេង ដែលបម្រើជូន ប្រជាជនក្នុងសហគមន៍ជុំវិញជាមួយការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះប្រកបដោយបរិយាកាសធម្មជាតិបៃតង ហើយដែលកំពុងទទួលស្វាគមន៍អតិថិជនប្រមាណ ៤៥00 នាក់ជារៀងរាល់ថ្ងៃ។

ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល វេង ស្រេង មានចំងាយប្រមាណតែ ៥​ នាទី ប៉ុណ្ណោះពីរង្វង់មូលស្ទឹង មានជ័យ និងប្រមាណតែ ១០ នាទីពីរង្វង់មូលចោមចៅ និងត្រឹមតែ ១៥ នាទី ពីអាកាសយានដ្ឋាន

អន្តរជាតិ។ ផ្សារទំនើប ខេ ម៉ល ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ក្នុងតំបន់ វេង ស្រេង ដែលឈរនៅលើផ្ទៃដីទំហំ ៦ ហិកតា រួមជាមួយអគារ ISI Tower ផ្ទះអាជីវកម្មចំនួន ៤0 និងតារាងបាល់ទាត់មួយផងដែរ។




អត្ថបទបន្ទាប់


EU ស្នើកាត់មូលនិធិចំនួន ៧,៥ពាន់លានដុល្លារសម្រាប់ប្រទេសហុងគ្រី ជុំវិញសំណុំរឿងអំពើពុករលួយ

ព័ត៌មាន
សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យផ្អាកការផ្តល់មូលនិធិប្រហែល ៧ពាន់៥រយលានដុល្លារ សម្រាប់ប្រទេសហុងគ្រី លើសំណុំរឿងអំពើពុករលួយ។ នេះជាករណីដំបូ…

តើការបណ្ដោយឲ្យតម្លៃប្រេងឡើងថ្លៃ ពិតជានឹងធ្វើអត្តឃាតនយោបាយរបស់លោកចូកូ វីដូដូ ឬយ៉ាងណា?

ព័ត៌មាន
ក្រោយការឧបត្ថម្ភធនអស់ពេល៨ឆ្នាំ ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីដើមខែកញ្ញា បានសម្រេចចិត្តឈប់ផ្តល់ប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈ ហើយបណ្តោយឱ្យប្រេងឡើងថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ