ធនាគារ ខេប៊ីប្រាសាក់ ចាប់ផ្តើមដំណើរការហើយ!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នឹងកម្លាយខ្លួនទៅជាធនាគារ ខេប៊ី ប្រាសាក់ ក្រោយច្របាច់បញ្ចូលគ្នាជាមួយធនាគារ KB Kookmin ដ៏ធំរបស់កូរ៉េ


ធនាគារ ខេប៊ីប្រាសាក់ ដែលជាការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ គូកមីន មកពីប្រទេសកូរ៉េបានប្រកាសធ្វើប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងការអនុម័តលើការរួមបញ្ជូលគ្នាពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីពេលថ្មីៗ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នឹងកម្លាយខ្លួនទៅជាធនាគារ ខេប៊ី ប្រាសាក់ ក្រោយច្របាច់បញ្ចូលគ្នាជាមួយធនាគារ KB Kookmin ដ៏ធំរបស់កូរ៉េ
ដោយ

តាមរយៈជិត៣០ឆ្នាំរបស់ប្រាសាក់ក្នុងវិស័យហិរញ្ញវត្ថុ និងភាពសម្បូរបែបនៃប្រព័ន្ធ​បច្ចេកវិទ្យា​របស់ធនាគារ គូកមីន ថ្នាក់ដឹកនាំធនាគារ ខេប៊ី ប្រាសាក់ ជឿជាក់ថា ធនាគារក្រោមការច្របាច់បញ្ចូលគ្នា​រវាង​គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ ខេប៊ី ប្រាសាក់ ក្លាយជាធនាគារថ្មីដ៏រឹងមាំ និងមានវិសាលភាព​ទូលំទូលាយ​មួយនៅក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះ ធនាគារនេះ នឹងផ្ដល់សេវាកម្ម និងផលិតផលធនាគារបែបទំនើប និងសម្បូរបែប​ជាមួយការបំពាក់បច្ចេកវិទ្យាឌីជីថល​ទំនើបចុងក្រោយ​ក្នុងការបម្រើ​អតិថិជនគ្រប់ប្រភេទនៅកម្ពុជាលើសពីសេវាហិរញ្ញវត្ថុ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ រំពឹងថា ធនាគារ ខេប៊ីប្រាសាក់ ដែលជាការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ និងធនាគារមកពីកូរ៉េខាងត្បូង គូកមីន នឹងក្លាយជាធនាគារ និងជាដៃគូប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុថ្មីដ៏រឹងមាំមួយនៅកម្ពុជា ហើយតាមរយៈ​ការរួមបញ្ចូលគ្នា​នេះវានឹងធ្វើឲ្យទ្រព្យសកម្មរបស់ធនាគារមានការកើនឡើងជាលំដាប់។ ការរំពឹងបែបនេះ ក៏ដោយសារលោកផ្នែកទៅលើ​បទពិសោធរបស់ប្រាសាក់ ដែលបានឈរជើងជិត៣០ឆ្នាំ​ក្នុងវិស័យ​ហិរញ្ញវត្ថុនៅកម្ពុជា គួបផ្សំ​ជំនាញបច្ចេកវិទ្យាឌីជីថលកម្រិតសកលរបស់ធនាគារ គូកមីន ដែលមាន​ក្រុមហ៊ុនមេដ៏រឹងមាំនៅប្រទេសកូរ៉េខាងត្បូង។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ការរួមបញ្ចូលគ្នានៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរជា ធនាគារ ខេប៊ីប្រាសាក់ ម.ក បង្ហាញពីកម្លាំងសំយោគ​ដ៏មានឥទ្ធិពល ដែលនឹងបង្កើតអត្ថប្រយោជន៍​កាន់តែច្រើនឡើង​សម្រាប់​អតិថិជន​ក្នុងប្រទេសកម្ពុជា។ តាមការផ្សំបញ្ចូលគ្នានូវបទពិសោធន៍ឈរជើងដ៏យូរអង្វែង​របស់ប្រាសាក់​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជំនាញកម្រិតសកល​របស់​ធនាគារគូកមីនកម្ពុជា យើងនឹងក្លាយជាធនាគារដ៏​រឹងមាំថ្មីមួយជាមួយនឹងបណ្តាញ​ដ៏ធំទូលាយ​នូវវត្តមានសាខា​កាន់តែច្រើន និងការកើនឡើងនៃទ្រព្យសកម្មសរុប»។

ទន្ទឹងនឹងអរគុណដល់អតិថិជនដែលមានការជឿទុកចិត្ត និងភក្តីភាពលើប្រាសាក់កន្លងមក លោក អ៊ុំ សមអឿន ប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងធ្វើឱ្យជីវិត​របស់អតិថិជនកាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជារួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈ​ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈជំនាញ ធនធាន និងការប្តេជ្ញាចិត្តរបស់​មន្ត្រីគ្រប់ជាន់ថ្នាក់​វានឹងជួយធ្វើឲ្យ​ធនាគារសម្រេច​បានលទ្ធផលល្អប្រសើរ នឹងផ្ដល់អត្ថប្រយោជន៍ជាសារវន្តចំពោះអតិថិជន និងសហគមន៍។

ការបង្ហាញក្តីរំពឹង និងភាពជឿជាក់របស់ថ្នាក់ដឹកនាំខាងលើធ្វើឡើងក្រោយធនាគារ ខេប៊ីប្រាសាក់ បានប្រកាស់ដាក់ឲ្យ​ដំណើរការជាផ្លូវការនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធនាគារនេះ​ទទួលបានការអនុម័ត​លើការរួមបញ្ចូលគ្នាពីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ និងអាជ្ញាបណ្ណ​ធនាគារពាណិជ្ជពី​ធនាគារជាតិនៃកម្ពុជាកាលពីពេលកន្លងទៅ។ បច្ចុប្បន្នធនាគារពាណិជ្ជថ្មីនេះ មានសាខាទូទាំងប្រទេសកម្ពុជាសរុប១៩២ ក្នុងនោះសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន១៨៤ និងសាខារបស់គូកមីនចំនួន៨ ដោយមានទ្រព្យសកម្មសរុបចំនួន ៥,៧ពាន់ដុល្លារអាមេរិក ជាមួយប្រាក់បញ្ញើសន្សំ ២,៩ពាន់លានដុល្លារអាមេរិក និងឥណទាន ៥ពាន់លានដុល្លារអាមរិក។

គួររំលឹកថា ក្រុមហ៊ុន KB Financial Group បានចំណាយថវិកាជាង៦រយលានដុល្លារទិញ​ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់៧០%កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បន្ទាប់មក​ក្រុមហ៊ុននេះ​បានចំណាយថវិកាជាង ៣២២លានដុល្លារបន្ថែម ដើម្បីទិញភាគហ៊ុនរបស់ប្រាសាក់​ដែលនៅសេសសល់៣០% ក្រោយទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ធនាគារ ខេប៊ី ប្រាសាក់ មានភាគទុនិកដ៏រឹងមាំគឺ ធនាគារ KB Kookmin Bank ដែលជាធនាគារពាណិជ្ជ​ធំជាងគេ​របស់ប្រទេសកូរ៉េ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់មួយរបស់ KB Financial Group Inc. ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងសេវាហិរញ្ញវត្ថុសកលដែលមានមូលដ្ឋាននៅកូរ៉េ និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក។ ធនាគារ KB Kookmin Bank មានទិសដៅ​យុទ្ធសាស្ត្រ ក្នុងការនាំយកឧត្ដមានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល មកជូនធនាគារ ខេប៊ីប្រាសាក់ សម្រាប់ធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារ។

ជាមួយនឹងទស្សនវិស័យរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ធនាគារ ខេប៊ីប្រាសាក់ ម.ក ប្តេជ្ញាក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តបំផុត ជាមួយនឹងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដែលជួយដល់ភាពរីកចម្រើនរបស់អតិថិជន។ ធនាគារមានគោលបំណងផ្តល់​សេវាហិរញ្ញវត្ថុដែលប្រកបដោយនិរន្តរភាពជូនដល់សហគមន៍ និងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម៕




អត្ថបទបន្ទាប់


ទាហានជើងទឹកអាមេរិកពីររូបត្រូវបានចាប់ខ្លួន ក្រោយសង្ស័យថា បានចែកចាយព័ត៌មានសម្ងាត់យោធាទៅឱ្យរដ្ឋាភិបាលចិន

ព័ត៌មាន
មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងនាវិកជើងទឹកអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទប្រគល់ព័ត៌មានសន្តិសុខជាតិដ៏រស…

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកើនជិត២០០% នៃ GDP កម្ពុជានៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនមានជាង៣រយលានប្រតិបត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ