បច្ចេកវិទ្យា-សុខាភិបាល

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs


មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈបានអនុវត្តឌីជីថលូបនីយកម្មក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs
ដោយ

ក្នុងយុគសម័យជឿនលឿនផ្នែកបច្ចេកវិទ្យា មន្ទីរពេទ្យនិងគ្លីនិកនានាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីធ្វើឌីជីថលូបនីយកម្មប្រព័ន្ធ IT របស់ខ្លួននៅក្នុងវិស័យសុខាភិបាល ដូច្នេះ ការអភិវឌ្ឍប្រព័ន្ធរក្សាទុកនិងបញ្ជូនទិន្នន័យ គឺជាការចាំបាច់ ។ 

PACs គឺជាប្រព័ន្ធរក្សាទុកនិងបញ្ជូនរូបភាព (Picture Archiving Communication System) ដែលផ្ដួចផ្ដើមឡើងនៅក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន មិត្តហ្វូន ដើម្បីផ្ដល់សេវាកម្មឌីជីថលសម្រាប់វិស័យសុខាភិបាល និងផ្ដល់ដល់ប្រទេសទាំងមូលនូវបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថលឈានមុខគេ ។

យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs ត្រូវបានប្រគល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បីកែលម្អបច្ចេកវិទ្យាថ្មីសម្រាប់បម្រើការងារស្កែនរូបភាពវេជ្ជសាស្ត្រនៅកម្ពុជា ។ ការប្រើប្រាស់ប្រព័ន្ធ PACs នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់មន្ទីរពេទ្យនិងគ្លីនិក ការគាំទ្រល្អប្រសើរនៅក្នុងការផ្លាស់ប្ដូរព័ត៌មានវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកជំងឺ ដូចជា ៖ 

សម្រាប់គណៈគ្រប់គ្រង(នាយកដ្ឋានមន្ទីរពេទ្យ, គ្លីនិក) 

- ការសន្សំសំចៃចំណាយ ៖ ប្រព័ន្ធ PACs ជំនួសគ្រឿងសម្ភារៈគ្រប់គ្រងដែលផ្អែកលើការបោះពុម្ព ដោយកាត់បន្ថយចំណាយលើការទិញហ្វ៊ីលនិង CD រៀងរាល់ឆ្នាំ ។ ដោយមិនចាំបាច់ត្រូវរក្សាទុកហ្វ៊ីលនិងសម្ភារៈវេជ្ជសាស្ត្រ គេអាចសន្សំសំចៃលើឃ្លាំងនិងលំហទីតាំងសម្រាប់រក្សាទុកហ្វ៊ីល ។ 

- ការធ្វើការពីចម្ងាយ ៖ អាចពិនិត្យមើលនិងធ្វើរបាយការណ៍ពីចម្ងាយបាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅទីកន្លែងភូមិសាស្ត្រខុសៗគ្នា ចូលមើលនិងប្រើប្រាស់ព័ត៌មាននិងរូបភាពតែមួយជាមួយគ្នាបាន ក្នុងពេលដំណាលគ្នា ។ 

- ធ្វើទំនើបកម្មនិងកែលម្អលទ្ធផលការងាររបស់ផ្នែកស្កែនរូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការបច្ចេកវិទ្យា ៤.០ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រងនិងតាមដាននៅក្នុងមន្ទីរពេទ្យ-គ្លីនិក និងផ្សារភ្ជាប់និងបង្កើនកិច្ចសហប្រតិបត្តិការ ។ 

- លើកកម្ពស់ភាពវិជ្ជាជីវៈកាន់តែប្រសើរឡើង នៅក្នុងដំណើរការវះកាត់ ដោយជួយលើកស្ទួយកិត្តិនាមយីហោរបស់មន្ទីរពេទ្យនិងគ្លីនិក ។ 

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs

សម្រាប់គ្រូពេទ្យ ៖ 

- ការគ្រប់គ្រងអ្នកជំងឺប្រកបដោយភាពឆ្លាតវៃនិងមានភាពល្អិតល្អន់សម្រាប់ការព្យាបាលនីមួយៗ ដោយជួយក្នុងការធ្វើរោគវិនិច្ឆ័យនិងអន្តរាគមន៍បានលឿនរហ័សជាងមុន ។ 

- ការប្រើប្រាស់បច្ចេកវិទ្យា ៤.០ នៅក្នុងការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ ដោយផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបង្កើតបានលទ្ធផលត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺ ។ 

- ប្រព័ន្ធទំនាក់ទំនងចែករំលែករូបភាពបានលឿននិងត្រឹមត្រូវ ដោយបង្កើតជាដំណើរការប្រកបដោយអន្តរកម្ម និងជួយដល់ការធ្វើរោគវិនិច្ឆ័យនៅក្នុងក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងគ្លីនិក ។ 

- កាត់បន្ថយការចំណាយផ្នែកច្បាប់ដោយសារការបាត់ហ្វ៊ីល ការខ្វះភាពវិជ្ជាជីវៈជាមួយអ្នកជំងឺ ។ 

សម្រាប់អ្នកជំងឺ ៖

- ការងាយស្រួលប្រើប្រាស់កំណត់ត្រាដែលមានការអនុញ្ញាត ដើម្បីពិនិត្យមើលព័ត៌មានរូបភាព និងលទ្ធផលរោគវិនិច្ឆ័យទាំងអស់ពីវេជ្ជបណ្ឌិតក្នុងអំឡុងពេលពិនិត្យពិគ្រោះជំងឺនិងការព្យាបាល ។ 

- ការការពារនូវរាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងរូបភាពនិងការធ្វើរោគវិនិច្ឆ័យ ដោយសារតែព័ត៌មានទាំងនេះត្រូវបានបំប្លែងជាកូដប្រកបដោយសុវត្ថិភាព ធានាបាននូវភាពលឿនរហ័សក្នុងការទាញយកព័ត៌មានសម្រាប់ការដំណើរការរូបភាព ។ 

- សម្រាប់ការធ្វើរោគវិនិច្ឆ័យកាន់តែប្រសើរឡើង រូបភាពត្រូវបានទាញយកតាមស្តង់ដារ Dicom ដោយរូបភាពច្បាស់ល្អ និងមានទម្រង់ជារូបភាព 3D ។ 

- កាត់បន្ថយការទទួលរងចំហាយធាតុវិទ្យុសកម្មពីឧបករណ៍ X-ray ដោយសារតែការកាត់បន្ថយបាននូវការស្កែនឡើងវិញច្រើនដងច្រើនសា ។ 

- មិនចាំបាច់ចំណាយពេលរង់ចាំដើម្បីបោះពុម្ពហ្វ៊ីល; ពេលវេលាពិនិត្យនិងធ្វើរោគវិនិច្ឆ័យត្រូវបានកាត់បន្ថយ ។ 

- លុបបំបាត់ការលំបាករបស់អ្នកជំងឺនៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងតាមដានជំងឺ ដោយសារតែត្រូវកាន់ហ្វ៊ីល ឬឌីសរូបភាពទៅជាមួយ ។ 

វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈគឺជាមន្ទីរពេទ្យដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលស្ម័គ្រចិត្តប្រើប្រាស់ប្រព័ន្ធ PACs នេះមុនគេបង្អស់ ។ 

លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែងយ៉ាងដូច្នេះថា ៖ «យើងបានសង្កេតឃើញថា ប្រព័ន្ធនេះស្រួលប្រើនិងមានសារប្រយោជន៍ច្រើនណាស់សម្រាប់ការបណ្ដុះបណ្ដាលគ្រូពេទ្យថ្មីនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈយើង ។ ហើយសម្រាប់ឆ្នាំ២០២២នេះ យើងគ្រោងដំឡើងមុខងារច្រើនថែមទៀតនៃប្រព័ន្ធ PACs នេះ នៅតាមនាយកដ្ឋាននានា ដើម្បីពួកគេអាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាស្កែនទំនើបនេះ និងអាចរក្សាទុករបាយការណ៍វេជ្ជសាស្ត្រ ទិន្នន័យនិងព័ត៌មានរោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យមានសុវត្ថិភាព។» 

យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវពេលវេលាដំណើរការព្យាបាលប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង មិត្តហ្វូន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ទៀតផង ។ 

មុខងារថ្មីៗទៀតនាពេលខាងមុខ នឹងធ្វើឲ្យប្រព័ន្ធនេះកាន់តែងាយស្រួលប្រើថែមទៀត និងកាត់បន្ថយថ្លៃចំណាយរបស់មន្ទីរពេទ្យបានយ៉ាងច្រើន ជាពិសេស ជួយគាំទ្រមន្ទីរពេទ្យក្នុងអំឡុងពេលនៃស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនេះ ។ ជាមួយនឹងមុខងារ AI នៅពេលចាប់ផ្ដើមអនុវត្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នាឆ្នាំ២០២២ខាងមុខនេះ ប្រព័ន្ធនេះនឹងផ្ដល់លទ្ធផលកាន់តែប្រសើរនិងត្រឹមត្រូវសម្រាប់ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ ។ មុខងារ AI នេះ អាចពិនិត្យលើឯកសាររាប់ពាន់នៃលទ្ធផលស្កែនពីមុនៗ ដើម្បីរកមើលព័ត៌មានលម្អិត និងបង្កើតបានជារបាយការណ៍វេជ្ជសាស្ត្រមួយដែលច្បាស់លាស់និងលឿនរហ័សជាងមុន ។ ប្រព័ន្ធនេះក៏មានបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបជាងគេបំផុតនៅកម្ពុជា ផងដែរ ។ 

នៅពេលអនាគត ប្រព័ន្ធ PACs នឹងធ្វើបច្ចុប្បន្នកាន់តែប្រសើរឡើងជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈដើរតួនាទីជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ PACs ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូពេទ្យតាមខេត្តជាច្រើនទៀត ឲ្យក្លាយជាអ្នកជំនាញផ្នែក PACs ។ បន្ទាប់មក គ្រូពេទ្យតាមខេត្តអាចស្នើសុំជំនួយបន្ទាន់ភ្លាមៗពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈដើម្បីជួយគាំទ្រនិងធ្វើរោគវិនិច្ឆ័យករណីបន្ទាន់នានា ដោយមិនចាំបាច់ត្រូវធ្វើដំណើរចម្ងាយឆ្ងាយដែលប្រើរយៈពេលយូរ ដូច្នេះសន្សំសំចៃពេលវេលាទាំងសម្រាប់អ្នកជំងឺ ទាំងគ្រូពេទ្យ ៕




អត្ថបទបន្ទាប់


ហេតុអ្វីបានជាការនាំចេញរថយន្តពីថៃទៅកាន់ទីផ្សារអឺរ៉ុប មិនរងគ្រោះព្រោះអូមីក្រុង?

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានអះអាងថា បើទោះបីជាមានការរីករាលដាលនៃមេរោគអូមីក្រុងនៅទូទាំងទ្វីបអឺរ៉ុបក៏ពិតមែន ប៉ុន្តែវានឹងមិនជះឥទ្ធិពលធ្ង…

រីករាយដំណើរកម្សាន្ដ ជាមួយនឹងការប្រើប្រាស់សេវាឌីជីថលរបស់ធនាគារអេស៊ីលីដា

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយ ដែលតែងតែគិតគូរអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក៏ដូចជាសេវាធនាគារឌីជីថល ដើម្បីបំពេញសេចក្ដីត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ