Advertisement
Advertisement
បំណុល​ និង​បញ្ហា​ចំណាកស្រុក

អង្គការលីកាដូ៖ បំណុល​​មីក្រូហិរញ្ញវត្ថុ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំ​ឱ្យ​មាន​ចំណាក​ស្រុក


ការជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើស​លុប គឺ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក។ នេះជា​ការរកឃើញ​នៃ​ការស្រាវជ្រាវ​​របស់​​អង្គការ លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
តើ​បញ្ហា​ចំណាកស្រុក និង​បំណុល​មានជាប់ពាក់ព័ន្ធ​គ្នា​ ដែរ ឬទេ? (រូបតំណាង)
Advertisement

របាយការណ៍​ដែល​មាន​ចំណងជើង​ថា “ការនាំ​ឱ្យ​មាន​ចំណាក​ស្រុក៖ បទ​ពិសោធន៍​នៃភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការចំណាក​ស្រុក​ឆ្លង​ដែន” គឺ​អង្គការលីកាដូ បាន​ផ្ដោត​ទៅ​លើ​ភូមិ​មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្វែងយល់​ឱ្យ​បាន​ស៊ី​ជម្រៅ អំពី​ទំនាក់​ទំនង​រវាង​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ការចំណាក​ស្រុក​នៅ​តាម​តំបន់​ព្រំដែន តាមរយៈ​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ ៣០​គ្រួសារ។

លោកស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ បាន​និយាយ​នៅ​ក្នុង​​របាយការណ៍​ថា៖ “គ្រួសារ​ជា​ច្រើន​បាន​ចាកចេញ​ពី​ផ្ទះ និង​ពី​ប្រទេស​កំណើតរបស់​ពួកគាត់ ដើម្បី​ទៅ​រកប្រាក់​សង​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ”។

លោកស្រី​បាន​បន្ត​ទៀត​ថា៖ “ពេលនេះ អតីត​ពលករ​ចំណាក​ស្រុក​រាប់​សែន​នាក់ មិន​អាច​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ទៀត​បាន​ទេ ដោយសារ​បញ្ហា​វីរុស​កូវីដ១៩ ដូច្នេះ អង្គការ​លីកាដូ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អាច​ជួយ​អ្នក​ខ្ចី​ប្រាក់​ទាំង​នេះ ដោយ​ផ្អាក​ការសង​បំណុល និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ”។

យោងតាម​របាយការណ៍​នេះ មន្ត្រី​ឥណទាន​មួយ​ចំនួន​បាន​លើកទឹកចិត្ត ឬ​ទាមទារ​ឱ្យ​ចំណាកស្រុក ជា​លក្ខខណ្ឌ​ដំបូង ដើម្បី​បាន​កម្ចី ហើយ​កម្ចី​ជាច្រើន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ជា​ប្រាក់​បាត​ថៃ ផងដែរ។

អង្គការ លីកាដូ បាន​អះអាង​ថា ចាប់តាំង​ពី​ការសិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩ អ្នក​ចំណាកស្រុក​ជាង​ ៨​ម៉ឺន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា​វិញ ដោយសារ​​ការ​ឆ្លង​រាល​ដាល​ជាសកល​នៃ​វីរុស​កូវីដ​១៩។

ការបាត់បង់​ប្រាក់​ចំណូល​ភ្លាមៗ​នេះ នាំ​ឱ្យ​គ្រួសារ​ទាំងនេះ​ប្រឈមនឹង​ហានិភ័យ​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត ដោយសារ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ពួកគាត់ ក្នុង​នោះ​មាន​ការបង្ខំ​ឱ្យ​លក់​ដី​សង​បំណុល ជាដើម។ នេះ​បើយោង​តាម​អង្គការ លីកាដូ។

អង្គការ លីកាដូ ក៏​បាន​សំណូមពរ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្អាក​ការសង​បំណុល និង​សង្ឃឹម​ថា អ្នកវិនិយោគ​បរទេស​របស់​គ្រឹះស្ថាន​ទាំងនោះ នឹង​អាច​វាយតម្លៃ​ឡើង​វិញ​ចំពោះ​ការផ្ដល់​ប្រាក់​កម្ចី​ជា​រូបិយវត្ថុ​បាត ក៏ដូចជា​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​ថា តើ​ប្រាក់​កម្ចី​ទាំងនេះ​បាន​នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ការជួញ​ដូរមនុស្ស ឬ​ការរំលោភ​សិទ្ធិ​មនុស្ស ផ្សេង​ទៀត ឬ​យ៉ាង​ណា។

Advertisement

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​នេះ ដោយ​បាន​និយាយ​ថា ការសិក្សា​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៃ​ប្រទេស​កម្ពុជា ឬក៏​អតិថិជន​ទាំងអស់​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ឡើយ ហើយ​ការ​សិក្សា​នេះ​គ្រាន់តែ​បាន​ច្បិច​យក​បញ្ហា​ធ្ងន់ធ្ងរ​ពី​តំបន់​ដែល​មាន​អត្រា​ចំណាក​ស្រុក​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយ​តាមរយៈ​អ៊ីម៉េល​ដូច្នេះថា “ចំណាកស្រុក​គឺ​ជា​បាតុភូត​សាកល ដែល​កំពុងតែ​កើត​មាន​ឡើង​ទូទាំង​សាកល​លោក។ ហើយ​វាជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ក៏ដូចជា ឱកាស​ផ្សេងៗ​ទៀត​ផងដែរ។”

លោក ផល វ៉ាន់ឌី បាន​បន្ត​ដូច្នេះ​ថា “ការដែល​ច្បិច​យក​តែ​ផ្នែក​អវិជ្ជមាន​ខ្លាំង​បំផុត ពី​តំបន់​ដែល​មាន​អត្រា​ចំណាក​ស្រុក​ខ្ពស់​ជាង​គេ មក​រំលេច​ឡើង ហើយ​ភ្ជាប់​បញ្ហា​ទាំងអស់​មក​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​បង្កើត​ជា​រូបភាព​មិន​ល្អ​ដល់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ទាំងមូល ដែល​បាន​និង​កំពុង​​បម្រើ​ប្រជាជន​ខ្មែរ ២,២​លាន​នាក់ តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ទាន់​ពេល​វេលា និង​ប្រកប​ដោយ​និរន្តរភាព។”

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​អះអាង​បន្ត​ថា តាមរយៈ​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​របស់​ខ្លួន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​និង​កំពុង​ជួយ​​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​សេរីភាព និង​ជម្រើស​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​ល្អ​សម្រាប់​ខ្លួន​គាត់ ក៏ដូចជា បាន​ជួយ​ឲ្យ​ប្រជាជន​អាច​ចាប់​យក​ឱកាស​ក្នុង​ការទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដូចជា ប្រទេស​ជប៉ុន កូរ៉េ ថៃ ជាដើម ពោល​គឺ​មិនមែន​ចំណាក​ស្រុក​ដើម្បី​តែ​សង​បំណុល​នោះទេ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលខេត្តកែប៖ ផែទេសចរណ៍នៅកោះទន្សាយជួសជុលបាន ៣០%ហើយ នឹងបញ្ចប់នៅចុងឆ្នាំនេះ

ព័ត៌មាន
កំពង់ផែទេសចរណ៍ ទំហំ ៣.៤០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំនុចកោះទន្សាយ នៃខេត្តកែប បាននិងកំពុងជួសជុលបានប្រមាណជា ៣០%ហើយ ដោយត្រូវច...

វៀតណាម នាំចេញទំនិញទៅក្រៅប្រទេស រក្សាបានកំណើនល្អ ៤ខែដើមឆ្នាំនេះ

ព័ត៌មាន
វៀតណាម នៅតែធ្វើបានល្អ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ជាប្រទេសមួយដ៏លេចធ្លោ ខាងមុខជំនួញពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិកូវីដក៏ដោយ ហើយវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ