រ៉ែមាស

ក្រសួងរ៉ែប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា


ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា ដ្បិតថា ការចម្រាញ់បែបនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សទៀតផង។
រ៉ែមាស
ដោយ

ការប្តេជ្ញាបោសសម្អាតនេះ ធ្វើឡើងដើម្បីជំរុញកំណើនសកម្មភាពរុករក និងចម្រាញ់រ៉េមាសលក្ខណៈឧស្សាហកម្មស្របច្បាប់ ដែលអាចផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជាបង្កើតការងារដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក្រសួងស្នើឱ្យពលរដ្ឋបញ្ឈប់សកម្មភាពចម្រាញ់រ៉ែមាសអនាធិបតេយ្យ និងចូលរួមសហការជាមួយក្រសួងក្នុងការលុបបំបាត់សកម្មភាពបែបនេះ។

ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ តាមរយៈការជួយបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងដោយផ្ទាល់ និងប្រយោល ការចូលរួមចំណែកជួយបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកជួយអភិវឌ្ឍន៍សហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។ ការប្តេជ្ញានេះ ធ្វើឡើងក្រោយក្រសួងរ៉ែ និងថាមពលសង្កេតឃើញសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅតែបន្តកើតមាននៅតាមតំបន់ក្នុងបណ្តាខេត្តមួយចំនួន។

បើតាមក្រសួងរ៉ែ និងថាមពល របរជីករ៉ែមាសរបស់ប្រជាពលរដ្ឋខ្មែរ គឺមានតាំងពីយូរលង់ណាស់មកហើយ ដោយប្រជាពលរដ្ឋតែងតែធ្វើឡើងជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម ហើយប្រើប្រាស់ឧបករណ៍សាមញ្ញៗមាននៅក្នុងមូលដ្ឋាន និងមិនប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។

ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។

ជាក់ស្តែងកាលពីពេលថ្មីៗ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី អមដោយកងកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តច្បាប់លើសកម្មភាពខុសច្បាប់ទាំងនេះឡើងវិញ និងបានសហការជាមួយអ្នកជំនាញរបស់អង្គការ JICA មកពីសកលវិទ្យាល័យ ហុកកៃដូ នៃប្រទេសជប៉ុន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយសិក្សាពីផលប៉ះពាល់ ដូចជាអាស៊ីត និងសារធាតុលោហៈផ្ទុកក្នុងទឹក ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាព។ ទន្ទឹមនឹងនេះ ក្រុមជំនាញកំពុងសិក្សាពីវិធីសាស្រ្តបន្សាបអាស៊ីត និងសារធាតុពុលដោយប្រើប្រាស់វិធីសាស្រ្តអកម្ម(passive treatment)នាពេលខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់សុខុមាលភាព​សង្គម និងបរិស្ថាន នៅតំបន់អតីតធ្វើសកម្មភាពចម្រាញ់រ៉ែអនាធិតេយ្យ និងតំបន់ដែលរងប៉ះពាល់ក្បែរនោះ។

ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងនូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា ក្រសួងរ៉ែ និងថាមពល ស្នើឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមសហការជាមួយក្រសួងរ៉ែ និងថាមពល តាមរយៈការផ្តល់ព័ត៌មាន ឬរាយការណ៍ពីសកម្មភាពចម្រាញ់រ៉ែមាសខុសច្បាប់ ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីក្រសួងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅត្រីមាសទី៣ និងបើកជាផ្លូវការនៅចុងឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដែលសាងសាង់រួចរាល់ជាផ្លូវការអស់រយៈពេលជិត២ឆ្នាំមកនេះ…

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីកើនឡើងទ្វេដងនៅ៤ខែឆ្នាំនេះ ខណៈតម្លៃក៏ហក់ឡើងខ្ពស់

ព័ត៌មាន
នៅ៤ខែឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ បានជិត៥០ម៉ឺនតោន មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ