កំពង់ផែទឹកជ្រៅ

កម្ពុជានឹងទទួលផលចំណេញរាប់រយលានដុល្លារ ក្រោយកំពង់ផែក្រុងព្រះសីហនុបញ្ចប់ការលើកគុណភាពជំហានទី១


ក្រោយបញ្ចប់ការសាងសង់ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែដែលមានសក្ដានុពលខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងការដឹកជញ្ជូនទំនិញចេញចូលក្នុងតំបន់ទៅកាន់អន្តរជាតិ។
កំពង់ផែទឹកជ្រៅ
ដោយ

បើតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង៧៥ម៉ឺនទូក្នុង១ឆ្នាំ ហើយគម្រោងថ្មីនេះ នឹងអនុញ្ញាតឱ្យកប៉ាល់ផ្ទុកទូកុងតឺន័រធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាង៩០% ចូលចតបាន ដែលនឹងកាត់បន្ថយថ្លៃដឹកជញ្ជូនរហូតដល់២០០ដុល្លារក្នុង១ទូកុងតឺន័រ ដែលអាចធ្វើឱ្យកម្ពុជាចំណេញប្រមាណ១៥០លានដុល្លារក្នុង១ឆ្នាំ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនប្រមាណ ជាង៧លានតោន កើនឡើងជាង១១% ដោយបានផ្តល់ចំណូលអាជីវកម្មជាង៨៥លានដុល្លារអាម៉េរិក កើនឡើងជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង៧៥ម៉ឺន TEUs ដោយមានកំណើនជាមធ្យម១១% ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។ការណ៍នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាពក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះឡើងការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោយកំពង់ផែនេះ បញ្ចប់ការសាងសង់ជំហានទី១ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ចូនរបស់កម្ពុជាយ៉ាងហោយណាស់២០០ដុល្លារក្នុងទូកុងតឺន័រ។ ដូច្នេះប្រសិនបើក្នុង១ឆ្នាំកំពង់ផែនេះ មានទូរកុងតឺន័រឆ្លងកាត់៧៥ម៉ឺនទូកុងតឺន័រ នោះកម្ពុជាអាចទទួលបានប្រាក់ចំណេញប្រមាណ១៥០លានដុល្លារក្នុង១ឆ្នាំ។ តែយ៉ាងណាប្រាក់ចំណេញដែលកម្ពុជាទទួលបានអាចនឹងមានច្រើនជាងនេះ ដោយសារក្រោយកំពង់ផែនេះបញ្ចប់ការសាងសង់ជំហានទី១ ទូកុងតឺន័រឆ្លងកាត់កំពង់ផែ ទំនងជាក៏មានការកើនឡើងផងដែរ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយកំពង់ផែនេះបញ្ចប់ការសាងសង់ជំហានទី១ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារ វានឹងដើរតួនាទីរឹតតែសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន ដ្បិតក្រោយការលើកកម្ពស់គុណភាពរួចកំពង់ផែនេះអាចអនុញ្ញាតឱ្យកប៉ាល់ធំៗចូលចតបានយ៉ាងងាយស្រួលដោយពុំចាំបាច់លើកដាក់ទំនិញនៅប្រទេសផ្សេងៗដូចមុន។

ក្រោយបញ្ចប់ការសាងសង់ជំហានទី១ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអភិវឌ្ឍន៍ និងពង្រីកគុណភាពចំណតផែកុងតឺន័រនៅកំពង់ផែនេះជំហានទី២ និងជំហានទី៣ជាបន្តបន្ទាប់ទៀត ដែលគ្រោងចំណាយថវិកាប្រមាណជិត៧០០លានដុល្លារ។ ក្រោយអភិវឌ្ឍន៍ជំហានទី១ចប់ កំពង់ផែនេះអាចអនុញ្ញាតឱ្យនាវាផ្ទុកទូកុងតឺន័រចាប់ពី១២ម៉ឺនតោនឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប អាម៉េរិក អាចចូលចតបានដោយពុំចាំបាច់ឆ្លងកាត់បណ្ដាកំពង់ផែផ្សេងៗនៅក្នុងតំបន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោគ្មានអ្វីអាថ៌កំបាំងទេ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងនោះទេ ពោ…

សម្តេច ហ៊ុន ម៉ាណែត ដាក់ទិសដៅប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់នាពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ