ដីធ្លី​និង​អចលនទ្រព្យ

ការពុះដី​ឡូត៍​លក់៖ តើ​មាន​ផល​វិជ្ជមានអ្វីខ្លះ? អវិជ្ជមាន​អ្វីខ្លះ?


សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កាន់​តែ​កក្រើក​ខ្លាំង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​ឥទ្ធិពល​នៃ​កំណើន​នេះ​បាន​បន្ត​សាយភាយ​ដល់​តំបន់​ជាយៗ​ក្រុង​ ខណៈ​​ដែល​​តម្រូវការ​​កំពុង​តែ​កើន​ឡើង​ខ្លាំង។
ការពុះដី​ជា​ឡូត៍តូចៗ ដាក់​លក់ កំពុង​ពេញ​និយម និង​រីក​ដុះដាល​យ៉ាងខ្លាំង ជាពិសេស នៅជាយៗ​ក្រុង។ រូបភាព៖ ហេង ភារម្យ
ដោយ

ទោះ​បី​ជា​មាន​ការ​ពុះ​ដីទ្បូត៍​លក់​យ៉ាង​គគ្រឹក​គគ្រេង​ដែល​ជារូបភាព​មួយ​ឃើញ​ថា វា​ល្អ​ក៏​ពិត​មែន ប្រសិន​បើ​​ម្ចាស់គម្រោង​ពុះ​ដី​ឡូត៍​ទាំង​អស់​នោះ​គោរព​តាម​បទដ្ឋាន​នគរូបនីយកម្ម​ត្រឹម​ត្រូវ បាន​ន័យ​ថា រាល់​គម្រោង​នៃការ​ពុះ​ដី​ឡូត៍ ម្ចាស់​គម្រោង​ត្រូវ​រក្សា​ចំណី​ផ្លូវ យ៉ាង​តិច​ទទឹង​ផ្លូវ​ឲ្យ​បាន ៨​ម៉ែត្រ មាន​ប្រព័ន្ធ​លូ​ត្រឹម​ត្រូវ។ 

ប៉ុន្តែ បើ​សិន​ជា​មិន​បាន​គោរព​ទៅតាម​បទដ្ឋាន​ទាំង​អស់​នេះ​ទេ នោះ​វា​នឹង​ធ្វើ​ឲ្យ​ការ​កក​ស្ទះ​ចរាចរណ៍ ស្ទះ​លូ និង​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ ចំពោះ​ការ​អភិវឌ្ឍ​រាជ​ធានី​ភំ្នពេញ​នៅ​ពេល​ក្រោយ។ 

ដឹង​ហើយ​ថា ការ​ពុះ​បំបែក​ប្លង់​ដី​ជា​ឡូត៍​តូចៗ​ដើម្បី​លក់​បន្ត​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​កៀងគរ​ប្រជាជន​ឲ្យ​ទៅ​រស់​នៅ​តំបន់​ជាយ​ក្រុង​កាន់​តែ​ច្រើន ខណៈ​ដែល​នៅ​ទីក្រុង​កាន់​តែ​ចង្អៀត​ទៅៗ និង​តម្លៃ​ដីធ្លី​ទៀត​សោត​ ក៏​ខ្ពស់​ហួស​ពី​លទ្ធភាព​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ផង​ដែរ។ 

បើ​ផ្អែក​តាម​អ្នក​ជំនាញ​អចលន​ទ្រព្យ​កម្ពុជា លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ការពុះ​ដីទ្បូត៍​លក់​បាន​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប​ដែល​ត្រូវការ​សាងសង់​លំនៅដ្ឋាន​ស្នាក់​នៅ។

លោក​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KFA

លោក​ឧកញ៉ា នួន រិទ្ធី បាន​បញ្ជាក់​ថា វា​គឺ​ជា​រឿង​ប្រសើរ​ហើយ​បើ​សិន​ជា​ម្ចាស់​គម្រោង​គោរព​ទៅ​តាម​បទដ្ឋាន​ច្បាស់​លាស់ មាន​ន័យ​ថា ម្ចាស់​គម្រោង​ត្រូវ​រក្សា​ចំណី​ផ្លូវ​យ៉ាង​តិច​ទទឹង​ផ្លូវ​ឲ្យ​បាន​៨​ម៉ែត្រ រៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្តែ មិន​ដូច្នេះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ដែរ។ 

លោក​ឧកញ៉ា នួន រិទ្ធី បញ្ជាក់​ថា ៖ «អត្ថប្រយោជន៍​នៃ​គម្រោង​ពុះ​ដី​ឡូត៍​លក់ គឺ​ផ្តល់​លទ្ធភាព​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើការ​វិនិយោគ ឬ​ធ្វើការ​អភិវឌ្ឍ​ជា​លំនៅដ្ឋាន​ស្នាក់​នៅ ពិសេស​អ្នក​ដែល​មាន​ចំណូល​ទាប​តែ​ម្តង។ រីឯ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិញ​គឺ​ដោយសារ​តែ​មាន​គម្រោង​មួយ​ចំនួន​មិន​ស្ថិត​នៅ​ក្នុង​ប្លង់​គោល​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​កំណត់​ថា ការ​កសាង​លំនៅ​ដ្ឋាន​មួយ ភូមិមួយ ត្រូវ​តែ​មាន​ផ្លូវ ត្រូវ​តែ​មាន​ប្រព័ន្ធ ទឹក ភ្លើង និង​ប្រព័ន្ធ​លូ​បណ្តោះ​ទឹក​ស្អុយ​ជាដើម។ អ្នក​អភិវឌ្ឍ​ដីឡូត៍​ចាំបាច់​ត្រូវ​តែ​មាន​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ការ​អភិវឌ្ឍ​នេះ»។

ជាមួយគ្នា​នេះ​ដែរ លោក សុត វីរៈ ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុម​អចលន​ទ្រព្យ ស៊ីភីអិល (CPL) បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ទិញ​លំនៅ​ដ្ឋាន ឬ​ដី​ធ្លី​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន ជា​ចាំបាច់​ត្រូវ​មើល​ពី​ស្ថានភាព​រស់​នៅ​នៃ​ពលរដ្ឋ ​និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ គោរព​តាម​ប្លង់មេ​នៃ​ផែនការ​អភិវឌ្ឍន៍​ក្រុង​របស់​រាជ​រដ្ឋាភិបាល​បាន​ល្អ នោះ​តម្លៃ​អចលន​ទ្រព្យ​អាច​នឹង​កើន​ឡើង​បន្ទាប់​ពី​ទិញ​រួច។

វិស័យ​ដីធ្លី និង​អចលនទ្រព្យ​នៅ​កម្ពុជា រីកលូត​លាស់​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក សុត វីរៈ បាន​គូស​បញ្ជាក់​ថា៖ «បើ​ពលរដ្ឋ​ទិញ​ផ្ទះ ឬ​ទិញ​ដី​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ស្នាក់នៅ ខុស​ពី​គម្រោង​អភិវឌ្ឍន៍​បុរី តែ​ចំ​ទីតាំង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ តម្លៃ​ដី​នៅ​ឆ្នាំ​បន្ទាប់​ប្រាកដ​ណាស់ នឹង​មាន​តម្លៃ​ទីផ្សារ​ល្អ​ដូចគ្នា​នឹង​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅ​ដ្ឋាន​ធំៗ​ដែរ ប៉ុន្តែ​បើ​ពលរដ្ឋ​ទិញ​ដី​ធ្លី​ប៉ះ​ចំ​គម្រោង​ពុះ​ដី​ឡូត៍​ដែល​មិន​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ ខ្វះ​ទីធ្លា​សាធារណៈ អាច​នឹង​ប្រឈម​ផល​ប៉ះពាល់ ហើយ​តម្លៃ​ដីធ្លី​ក៏​នឹង​មិន​អាច​ឡើង​ថ្លៃ​ខ្ពស់​ឡើយ»។

តាម​ទីផ្សារ​ប្រកាស​លក់​ដីឡូត៍​បច្ចុប្បន្ន មាន​តម្លៃ​ខុសៗ​គ្នា​ទៅ​តំបន់ និង​ទំហំ​ដី​ជាក់​ស្តែង។ ដីឡូត៍​នៅ​តំបន់​ខ្លះ​មាន​តម្លៃ​ជា​មធ្យម ៩​ពាន់​ដុល្លារ​ទៅ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឡូត៍ និង​តំបន់​ខ្លះ​ទៀត​មាន​តម្លៃ​ជា​មធ្យម ១ម៉ឺន​២ពាន់​ដុល្លារ ទៅ ២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឡូត៍។

ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ផែនការ​កំណត់​ចំណី​ផ្លូវ​នៅ​តាម​តំបន់​គម្រោង​ពុះ​ដី​ឡូត៍​លក់​នេះ​ដែរ លោក វីរៈ ក៏​បាន​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល​មេត្តា​ពិនិត្យ​ទៅ​លើ​គម្រោង​ប្លង់​មេ នូវ​រាល់​គម្រោង​ពុះ​ដី​ឡូត៍​ជា​មុន មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ពុះ​ដី​ឡូត៍​ចេញ​លក់​ជា​សាធារណៈ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​ខណ្ឌ រាល់​គម្រោង​នៃ​ការ​​ពុះ​ដី​ឡូត៍ ម្ចាស់​គម្រោង​ត្រូវ​រក្សា​ចំណី​ផ្លូវ យ៉ាង​តិច​ទទឹង​ផ្លូវ​ឲ្យ​បាន ៨​ម៉ែត្រ។ 

ការ​កំណត់​ទំហំ​ផ្លូវ​នេះ​គឺ​ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​​ចរាចរណ៍ និង​ដើម្បី​បង្ការ​ផល​ប៉ះពាល់​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​ក្រុង​នៅ​ពេល​ក្រោយ។

គួរ​បញ្ជាក់​ថា កាល​ពី​២​ឆ្នាំ​មុន​សកម្មភាព​ពុះ​ដី​ឡូត៍​ឃើញ​មាន​តែ​នៅ​តំបន់​ភ្នំពេញ​ថ្មី ចោមចៅ ចម្ការ​ដូង និង​ទួល​សង្កែ ប៉ុន្តែ ឥឡូវ​សកម្មភាព​នេះ​បាន​បន្ត​រីករាល​ដាល​ខ្លាំង​ឡើងៗ​នៅ​តំបន់ បឹងជើងឯក តំបន់​ទំនប់​កប់​ស្រូវ និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ គឺ​កំពុង​តែ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង និង​ក៏​មាន​តម្រូវការ​ទិញ​ច្រើន​ទៀត​ផង៕




អត្ថបទបន្ទាប់


អាជីវកម្ម​បើក​ហាង​កាហ្វេ​កណ្តាល​ក្រុង​កំពុង​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា

ព័ត៌មាន
ហាង​កាហ្វេ​បែប​ទំនើបៗ​បាន​និង​កំពុង​មាន​ការ​រីក​សុះ​សាយ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ទីផ្សារ​នៃ​វិស័យ​មួយ…

ឧកញ៉ា សុង សារ៉ន៖ រក​ស៊ី​ស្រូវ​អង្ករ​ត្រូវ​មាន​អាវុធ​ពីរ​យ៉ាង​ដើម្បី​ច្បាំង​ក្នុង​សមរភូមិ​ដ៏​ក្តៅ​គគុក​និង​ផុយ​ស្រួយ!

ព័ត៌មាន
កាល​ពី​សម័យ​ដើម អាជីវកម្ម​ជួញ​ដូរ​ស្រូវ​អង្ករ គឺ​ជា​មុខ​របរ​ដ៏​ពេញ​និយម​មួយ​របស់​ឈ្មួញ សេដ្ឋី ឬ​ដង្ខៅ​អ្នក​មាន​គ្រាក់ៗ ប៉ុន្ដែ ឈាន​មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ