វិបត្តិខ្វះដើមទុន

ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម កំពុងជួបវិបត្តិខ្វះដើមទុន


ផ្អែកតាមរបាយការណ៍ផ្លូវការមួយបង្ហាញថា ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម នឹងបន្តជូបការលំបាកនៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារតែការខ្វះខាតដើមទុនប្រតិបត្តិការអាជីវកម្ម។ការខ្វះដើមទុននេះ គឺជាបញ្ហាធំបំផុតរបស់ក្រុមហ៊ុនសាងសង់ទាំងអស់នោះនៅពេលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
វិបត្តិខ្វះដើមទុន
ដោយ

របាយការណ៍មួយរបស់ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បង្ហាញថា មានជាង ៤២% នៃក្រុមហ៊ុនសំណង់ក្នុងស្រុក ដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេបានជួបការលំបាកកាន់តែខ្លាំងនៅក្នុងត្រីមាសទី១ ខណៈ ៤១,៥% និយាយថា អាជីវកម្មរបស់ពួកគេមានស្ថិរភាព ហើយ១៦,៣%និយាយថា អាជីវកម្មរបស់ពួកគេមានភាពល្អប្រសើរក្នុងត្រីមាសទី១។

សម្រាប់ត្រីមាសទី២ ក្រុមហ៊ុនសំណង់ចំនួន ២៧,១% បានរំពឹងថា ប្រតិបត្តិការអាជីវកម្មរបស់ពួកគេនឹងកាន់តែពិបាក ខណៈ ៤០,៧%រំពឹងថា អាជីវកម្មរបស់ពួកគេនឹងមានស្ថិរភាព ហើយ៣៣,២%ព្យាករថា ដំណើរការអាជីវកម្មរបស់ពួកគេនឹងប្រសើរ បើធៀបនឹងត្រីមាសទី១។

ក្រុមហ៊ុនសំណង់ចំនួន ៤៦,៤% បានអំពាវនាវឱ្យមានការគាំទ្រផ្នែកដើមទុនដូចជា កម្ចីអនុគ្រោះ នីតិវិធីកម្ចីដែលងាយស្រួលជាងមុន និងឆាប់រហ័សជាងមុន និងការប្រាក់ទាបជាងមុនជាដើម។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនសំណង់ចំនួន៤៤,៣% បានស្នើសុំជំនួយទាក់ទិនវត្ថុធាតុដើមដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ខណៈ៣៨,៣%រំពឹងថា ព័ត៌មានដេញថ្លៃនឹងកាន់តែមានលក្ខណៈបើកចំហ និងមានតម្លាភាព ហើយ៣២,៩%បានសង្កត់ធ្ងន់លើសារសំខាន់នៃការពន្លឿនកំណែទម្រង់រដ្ឋបាល។

ការស្ទង់មតិមួយទៀតដោយគេហទំព័រព័ត៌មានធុរកិច្ច Vietnam Report ក៏បានបង្ហាញដែរថា ក្រុមហ៊ុនសំណង់ចំនួន៥៥,៦% បានជួបប្រទះការលំបាកទាក់ទងនឹងដើមទុន។

ជាការពិតណាស់ ឥណទានរបស់ធនាគារត្រូវបានបង្កើន ហើយអត្រាការប្រាក់បានថយចុះ ប៉ុន្តែក្រុមហ៊ុនសំណង់នានា ជាពិសេសក្រុមហ៊ុនខ្នាតតូច និងមធ្យម (SMEs) នៅតែជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវរបស់ធនាគារពាណិជ្ជ។

អ្នកជំនាញបានលើកឡើងថា ដើម្បីសម្រាលការលំបាកសម្រាប់ឧស្សាហកម្មសំណង់ ចាំបាច់ត្រូវដោះស្រាយបញ្ហាធំៗមួយចំនួនដូចជាការកាត់បន្ថយថ្លៃដើម ការកែលម្អការប្រកួតប្រជែងរបស់អាជីវកម្ម និងការជំរុញការវិនិយោគ និងបរិយាកាសអាជីវកម្មជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃដីធ្លីកើនឡើងបានជំរុញឱ្យតម្លៃខុនដូថ្មីនៅបាងកកប្រទេសថៃ ហក់ឡើងដូចគ្នា

ព័ត៌មាន
ក្រុមហ៊ុនវាយតម្លៃទីផ្សារអចលនទ្រព្យ Property DNA បាននិយាយកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីបានកើនឡើងនៅតាមខណ្ឌពាណិជ្ជកម្មមួយចំនួនស្ថិតនៅភាគកណ្ត…

ត្រីងៀតកម្ពុជាជិត៥តោន ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូង

ព័ត៌មាន
នៅទីបំផុតត្រីងៀនរបស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាបជិត៥តោន ត្រូវបាននាំចេញសាកល្បងទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូងកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ