កូរ៉េខាងជើងអួតមីស៊ីលខ្លួនកំពុងអង្រួនពិភពលោក

កូរ៉េខាងជើងអួតថាខ្លួនកំពុងអង្រួនពិភពលោក តាមរយៈការធ្វើតេស្ដមីស៊ីលដ៏អស្ចារ្យដែលអាចបាញ់ដល់សហរដ្ឋអាមេរិក


ឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកកាលពីម្សិលមិញដែលថា កូរ៉េខាងជើងគួរយកចិត្តទុកដាក់លើប្រជាជនដែលកំពុងជួបការលំបាក ជាជាងខ្វល់ខ្វាយនឹងរឿងមីស៊ីនោះ នៅថ្ងៃពុធទី០៩កុម្ភៈនេះ របបក្រុងព្យុងយ៉ាង បានចេញមកនិយាយអួតអាងថា ខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក ដោយអង្រួនពិភពលោកឲ្យញ៉ាប់ញ័រ តាមរយៈការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ហើយមីស៊ីលទាំងអស់នោះ អាចបាញ់បានដល់សហរដ្ឋអាមេរិកថែមទៀតផង។
កូរ៉េខាងជើងអួតមីស៊ីលខ្លួនកំពុងអង្រួនពិភពលោក

ភាព​តានតឹង​បាន​កើត​ឡើងជា​ថ្មី នៅ​តំបន់​ឧបទ្វីប​កូរ៉េ ខណៈ​សម្ពាធ​អន្តរជាតិ​ក៏​ធ្លាក់​មក​ជាមួយ​គ្នា​ផង​ដែរ នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​ចាប់​សាកល្បង​មី​ស៊ី​ល​គ្រប់​ប្រភេទ រួម​មាន​ប្រភេទ​ដែល​បាន​ហាមឃាត់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បាន​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សារ ត្រឹម​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។ ជាក់ស្តែង ខែមករា គឺជា​គ្រា​ដែល​មាន​ភាព​តានតឹង និង​អង្រួន​ពិភពលោក​ខ្លាំង​បំផុត ក្រោយ​របប​ក្រុង​ព្យុ​ង​យ៉ាង សាកល្បង​មី​ស៊ី​ល​ដល់​ទៅ​៧​ដង ដោយ​មាន​ទាំង​មី​ស៊ី​ល​ល្បឿន​លឿង​ជាង​សំឡេង និង​ប្រភេទ​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​បាញ់​ដល់ មូលដ្ឋានទ័ព ឬ​ដែនដី​របស់​សហរដ្ឋអាមេរិក នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មី​ស៊ី​ល​ប្រដេញ មី​ស៊ី​ល​អន្តរទ្វីប​រយៈ​ឆ្ងាយ និង​ជិត​ជាដើម​។

អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី លី​ន​ដា ថូ​ម៉ាស់​-​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​អំពាវនាវ​ឱ្យ​របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង បញ្ឈប់​ការ​ចាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​កម្មវិធី​អភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ ហើយ​ងាក​មក​ផ្តោត​ការ​យកចិត្តទុកដាក់ ជា​អាទិភាព​លើ​តម្រូវការ​ចាំបាច់​នៃ​ប្រជាជន​របស់​ខ្លួន​វិញ​។

ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប ក្រសួង​ការ​បទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ធ្វើតេស្ត​មី​ស៊ី​ល​ចាប់តាំងពី​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០២២​មក គឺ​តំណាង​ឲ្យ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ ប្រការ​នេះ​សបញ្ជាក់​កាន់តែ​ច្បាស់់ ពី​ភាព​រីក​ចម្រើន​នៃ​សមត្ថភាព​យោធា​របស់​កូរ៉េ​ខាងជើង ស្រប​តាម​ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ លោក​គី​ម ជុង​អ៊ុ​ន​ដែល​សច្ចា​បន្ត​អភិវឌ្ឍ​កម្លាំងយោធា​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​។

សេចក្តីថ្លែងការណ៍​ក្រុង​ព្យុ​ង​យ៉ាង​ដដែល​បន្ត​អួត​សរសើរ​ខ្លួនឯង​ទៀត​ថា​៖ « «​សព្វថ្ងៃ ប្រទេស​ជា​ច្រើន​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​ដោះស្រាយ​ជាមួយ​អា​មេ​រិ​ក ដោយ​ការ​ចុះ​ញ៉ម និង​ស្ដាប់បង្គាប់​ទាំង​ងងឹត​ងងុល​។ ហើយ​នៅ​លើ​ពិភពលោក មាន​តែ​កូរ៉េ​ខាងជើង​តែ​មួយ​គត់ ដែល​អាច​អង្រួន​ពិភពលោក តាម​រយៈ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​គ្រប់​ទីកន្លែង​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ហ៊ាន​តតាំង​ជាមួយ​អា​មេ​រិ​ក ដោយ​មិន​ញញើត​នោះ​ឡើយ​។ មាន​ជិត​២០០​ប្រទេស​នៅ​លើ​ពិភពលោក ប៉ុន្តែ​មាន​ប្រទេស​តិចតួច​ណាស់ ដែល​មាន​គ្រាប់បែក​អ៊ីដ្រូសែន មី​ស៊ី​ល​បា​លិ​ស្ទិ​ក​អន្តរទ្វីប និង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​»​។

ដោយឡែក នៅ​ក្រោយ​មាន​សេចក្តីថ្លែងការណ៍​ដូចនេះ ក្រសួងការបរទេស​អា​មេ​រិ​ក មិន​មាន​ប្រតិកម្ម​អ្វី​ច្រើន​ឡើយ ក្រៅ​តែ​ពី​ការ​បញ្ជាក់​ជា​ថ្មី​ថា អា​មេ​រិ​ក​មិន​មាន​ចេតនា​អាក្រក់​ជាមួយ​កូរ៉េ​ខាងជើង​ឡើយ ហើយ​បន្ត​អំពាវនាវ​ឲ្យ​របប​ព្យុ​ង​យ៉ាង វិល​រក​តុ​ចរចា​ឡើង​វិញ​។ ប៉ុ​ន្ត​ការ​អំពាវនាវ​នេះ ត្រូវ​បាន​របប​ក្រុង​ព្យុ​ង​យ៉ាង​ទាត់​ចោល​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៧​មក កូរ៉េ​ខាងជើង មិន​បាន​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ទើបតែ​នៅ​ដើមឆ្នាំ​២០២២​នេះ​ប៉ុណ្ណោះ ដែល​កូរ៉េ​ខាងជើង​ចាប់ផ្ដើម​បាញ់​បង្ហោះ​កាំ​ជ្រួញ​មី​ស៊ី​ល​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ជា​បន្ដបន្ទាប់​។ យ៉ាងណាមិញ​ការ​ធ្វើតេស្ដ​កន្លង​មកនេះ កំពុង​បង្កក្តី​បារម្ភ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​អាច​នឹង​ឈាន​ដល់​ការ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករប្រមាណ ៩០% នៅវៀតណាមបានត្រឡប់មកធ្វើការវិញ បន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំចិន-វៀតណាម

ព័ត៌មាន
ថៅកែៗរោងចក្រធំៗនៅទីក្រុងហូជីមិញហាក់ធូរទ្រូងឡើងវិញហើយ ក្រោយពេលដែល កម្មករនិយោជិកជាង ៩០ ភាគរយ បានត្រឡប់ទៅធ្វើការវិញហើយ បន្ទាប់ពីថ្ងៃឈប់ស…

ក្រុមហ៊ុន Pfizer រំពឹងការលក់វ៉ាក់សាំងកូវីដ១៩កើនដល់ ៥០ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុន Pfizer បានព្យាករណ៍ថា ការលក់វ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ១៩ របស់ខ្លួន កើនឡើងច្រើនជាង ៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២នេះ ខណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ