ប្រទេសជប៉ុន - កូរ៉េខាងជើង

ជប៉ុនដាក់ប្រព័ន្ធប្រឆាំងមីស៊ីលឱ្យប្រុងជើងការ បន្ទាប់ពីកូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបយោធា


ប្រទេសជប៉ុនបានដាក់ប្រព័ន្ធការពារមីស៊ីលផ្លោងរបស់ខ្លួនឱ្យត្រៀមលក្ខណៈប្រុងជើងការកាលពីថ្ងៃទី ២៩ឧសភា ហើយបានប្តេជ្ញាថានឹងបាញ់ទម្លាក់រាល់មីស៊ីលណាដែលគំរាមកំហែងដល់ទឹកដីរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ខ្លួនអំពីការបាញ់បង្ហោះផ្កាយរណបនាពេលខាងមុខនេះ គឺពីចន្លោះពីថ្ងៃទី៣១ឧសភាដល់ថ្ងៃទី១១ ខែមិថុនា។ នេះបើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ។
ជប៉ុនដាក់ប្រព័ន្ធប្រឆាំងមីស៊ីលឱ្យប្រុងជើងការ បន្ទាប់ពីកូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបយោធា

រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបញ្ចប់ការសាងសង់ផ្កាយរណបចារកម្មដំបូងបំផុតរបស់ខ្លួន ហើយមេដឹកនាំលោក គីម ជុងអ៊ុនបានអនុម័តការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះនោះដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA លោករី ព្យុងឆុល (Ri Pyong Chol) អនុប្រធានគណៈកម្មាធិការយោធាកណ្តាលនៃគណបក្សកម្មករកូរ៉េបានថ្កោលទោសសមយុទ្ធយោធារួមគ្នា ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ជាការបង្ហាញពី «មហិច្ឆតាមិនប្រុងប្រយ័ត្នចំពោះការចង់ឈ្លានពានកូរ៉េខាងជើង»។ ដូច្នេះហើយ ទីក្រុងព្យុងយ៉ាងត្រូវមានមធ្យោបាយ ដែលមានសមត្ថភាពប្រមូលព័ត៌មានអំពីសកម្មភាពយោធារបស់សត្រូវក្នុងពេលជាក់ស្តែង។

ទន្ទឹមគ្នានេះ បើយោតាមអ្នកនាំពាក្យក្រសួងការពារជាតិ ប្រទេសជប៉ុនរំពឹងថា កូរ៉េខាងជើងនឹងបាញ់រ៉ុក្កែតដែលដឹកផ្កាយរណបរបស់ខ្លួនពីលើខ្សែចង្វាក់កោះភាគនិរតីរបស់ប្រទេសជប៉ុនដូចដែលបានធ្វើកាលពីឆ្នាំ២០១៦កន្លងទៅដែរ។ ក្រុមអ្នកវិភាគបាននិយាយថា ផ្កាយរណបថ្មីនេះ គឺជាផ្នែកមួយនៃកម្មវិធីបច្ចេកវិទ្យាឃ្លាំមើលរបស់ប្រទេសមួយនេះ ដែលរួមមានយន្តហោះគ្មានមនុស្សបើកក្នុងការបង្កើនសមត្ថភាពក្នុងការវាយប្រហារគោលដៅក្នុងពេលមានសង្គ្រាម។

ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងចាត់វិធានយ៉ាងម៉ើងម៉ាត់ប្រឆាំងនឹងមីស៊ីលនិងកាំជ្រួចផ្សេងទៀត បើសិនជាហោះចូលក្នុងទឹកដីរបស់ជប៉ុន»។ ហើយជប៉ុននឹងប្រើប្រាស់មីស៊ីល Standard Missile-3 (SM-3) ឬផាតទ្រីយ៉ូតមីស៊ីលផេក៣ (Patriot Missile PAC-3) ដើម្បីកម្ទេចមីស៊ីលមីស៊ីលកូរ៉េខាងជើង។

ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វីមីអី គីស៊ីដា (Fumio Kishida) បានប្រាប់អ្នកយកព័ត៌មានថា រាល់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នឹងក្លាយជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្កោលទោសសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ លោកបានបន្ថែមថា ទីក្រុងតូក្យូនឹងសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីប្រមូល និងវិភាគព័ត៌មានពីការបាញ់បង្ហោះណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។

ម្យ៉ាងវិញទៀត អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយដែរថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងណាដែលប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង សម្រាប់ដាក់ផ្កាយរណបនៅលើគន្លងតារាវិថី នឹងបំពានលើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យអាមេរិករូបនោះបានបន្ថែមទៀថា សហរដ្ឋអាមេរិកជំរុញឱ្យកូរ៉េខាងជើងជៀសវាងសកម្មភាពខុសច្បាប់បន្ថែមទៀត ហើយអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបែរមករកផ្លូវការទូតវិញ៕




អត្ថបទបន្ទាប់


អាជ្ញាធរកំពុងពន្លឿនកិច្ចការចងក្រងសមាគមទុរេនកំពត ដើម្បីឈានទៅចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)

ព័ត៌មាន
មន្ត្រីមន្ទីរកសិកម្មខេត្តកំពតអះអាងថា បច្ចុប្បន្នទុរេនកំពតសម្រេចបានការប្រមូលផលជាង ៣០%ហើយ ខណៈតម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះក៏អាចលក់បានក្នុង…

តម្លៃផ្ទះក្នុងទីក្រុងហុងកុងឡើងតិចតួចប៉ុណ្ណោះក្នុងខែមេសា ខណៈដែលអត្រាការប្រាក់ឡើងខ្ពស់

ព័ត៌មាន
ក្នុងខែមេសា តម្លៃផ្ទះសម្រាប់រស់នៅក្នុងទីក្រុងហុងកុងបានកើនឡើងត្រឹមតែ ០,៥ ភាគរយ ដែលជាកំណើនទាបបំផុត រហូតមកដល់ពេលនេះ ដោយសារអ្នកទិញផ្ទះត្រូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ