កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៣គ្រាប់

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៣គ្រាប់ ក្រោយលោកចូ បៃឌិនបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី


នៅទីបំផុត ដូចជាការព្យាករទុករបស់អាមេរិក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ គ្រាប់ ដែលមួយក្នុងនោះត្រូវបានគេសន្មតថាជាមីស៊ីលអន្តរទ្វីប (ICBM) ហើយការបាញ់នេះ គឺឆ្ពោះទៅក្នុងដែនសមុទ្រជប៉ុននៅព្រឹកថ្ងៃពុធ ២៥ ឧសភា នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីលោកចូ បៃដិន (Joe Biden) បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅតំបន់អាស៊ី ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៣គ្រាប់ ក្រោយលោកចូ បៃឌិនបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី

អគ្គមេបញ្ជាកងទ័ពចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាខ្លួនបានចាប់សញ្ញាការបាញ់នេះនៅម៉ោងប្រហែល ៦ ព្រឹក ដែលបានបាញ់ចេញពីតំបន់ស៊ូណាន Sunan ភាគខាងលិចនៃទីក្រុងព្យុងយ៉ាង។

បើយោងតាមក្រុមយោធាកូរ៉េខាងត្បូងបាននិយាយថា កាំជ្រួចទីមួយដែលបានបាញ់ចេញកាលពីថ្ងៃពុធនេះទំនងជាមីស៊ីលអន្តរទ្វីប (ICBM) ខណៈពេលដែលមីស៊ីលមិនស្គាល់អត្តសញ្ញាណទីពីរហាក់ដូចជាទទួលបរាជ័យពេលហោះពីដីបានពាក់កណ្តាល រីឯកាំជ្រួចទី៣ គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី(SRBM)។ ជាការឆ្លើយតប សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ព្រមទាំងការបាញ់សាកល្បងប្រព័ន្ធមីស៊ីល ដែលអាចប្រឆាំងទប់ទល់នឹងកូរ៉េខាងជើងបានទៀតផង។

យ៉ាងណាមិញ កងទ័ពឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានព្រមានប្រាប់ដល់នាវារបស់ខ្លួនឱ្យចេញឱ្យឆ្ងាយពីកន្លែងដែលមីស៊ីលនោះធ្លាក់ក្នុងដែនទឹករបស់ខ្លួន ដោយសារការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះដោយបារម្ភថា វាអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។ ហើយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស្សីដា (Fumio Kishida) ក៏បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតូក្យូកំពុងព្យាយាមបញ្ជាក់ព័ត៌មានអំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះឲ្យបានកាន់តែច្បាស់ថែមទៀតផងដែរ។

លើសពីនេះទៅទៀត អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ភ្លាមៗ ជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះផងដែរ ហើយបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ដែលលើកឡើងថា ការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើងនេះជា "ការបង្កហេតុដ៏ធ្ងន់ធ្ងរ" សម្រាប់សន្តិសុខក្នុងតំបន់។

លោក យូន សុខយ៉ូល (Yoon Suk-yeol) ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានកោះប្រជុំក្រុមប្រឹក្សាជាតិខាងលើនេះ ហើយបានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាត់វិធានការ ដែលបានព្រមព្រៀងគ្នាដើម្បីពង្រឹងកម្លាំងយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែករបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួនបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់និងមានប្រសិទ្ធភាព រួចចជាស្រេចក្នុងការត្រៀមដោះស្រាយរាល់ការបង្កហេតុណាមួយរបស់កូរ៉េខាងជើង។

គូររំលឹកថា ទីក្រុងព្យុងយ៉ាងបានបន្តការសាកល្បងមីស៊ីលអន្តរទ្វីប ICBM របស់ខ្លួនឡើងវិញ នៅចុងខែមីនា ក្រោយបានរផ្អាកតាំងពីឆ្នាំ ២០១៧ រួមទាំងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងៗទៀត និងនុយក្លេអ៊ែរផងដែរ ក្រោយកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនកន្លងមកបានបរាជ័យ។

ការសាកល្បងអាវុធមីស៊ីលចុងក្រោយនេះ កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកចូ បៃដិន បានចាកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ស្របពេលដែលមន្ត្រីអាមេរិកបានព្រមានទុកមុនថា មេដឹកនាំទីក្រុងព្យុងយ៉ាងលោក Kim Jong Un អាចធ្វើការសាកល្បងបាញ់មីស៊ីលរបស់ខ្លួននៅមុន ឬអំឡុងពេល ឬក្រោយពេល ដំណើរទស្សនកិច្ចរបស់លោក Biden នៅក្នុងតំបន់អាស៊ី។

ស្របពេលដែលកូរ៉េខាងជើងបាញ់បង្អួតសមត្ថភាពអាវុធមីស៊ីលរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា មានមនុស្សជាងបីលាននាក់ហើយនៅប្រទេសដ៏ឯកោមួយនេះ បានឈឺដោយសារ "គ្រុនក្តៅ" និងមានអ្នកស្លាប់ ៦៨ នាក់ផងដែរ ចាប់តាំងពីបានចាប់ផ្តើមដំបូងនៅចុងខែមេសាមក។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងក្រោយការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកចូ បៃដិន នៅក្នុងតំបន់អាស៊ីនេះ គេក៏បានអង្កេតឃើញមានយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិនក៏បានហោះហើរល្បាតរួមគ្នានៅជិតតំបន់ការពារដែនអាកាសរបស់ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះផងដែរ៕

អត្ថបទ: ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរំពឹងទាក់ទាញបានក្រុមហ៊ុនដល់៣០០ ក្រោយបញ្ចប់ការស្ថាបនាទាំងស្រុង

ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងកំពុងបន្តជំរុញការសាងសង់ដំណាក់កាលទី២ ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្ម…

ប្រទេសតំបន់អាស៊ីកាន់តែច្រើនរាំងខ្ទប់ការនាំចេញស្បៀងអាហារសំខាន់ៗ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ

ព័ត៌មាន
កង្វះខាតស្បៀងអាហារ កំពុងក្លាយជាវិបត្តិធំមួយ ក្នុងចំណោមវិបត្តិផ្សេងៗទៀត ដែលពិភពលោកកំពុងប្រឈម និងត្រូវរួមគ្នាដោះស្រាយ ហើយពិភពលោកចាប់ផ្ដើមប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ