ផ្កាយរណបកូរ៉េខាងជើង

ផ្កាយរណបកូរ៉េខាងជើងបានធ្លាក់ចូលសមុទ្រ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនរ៉ូក្កែត


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនកាលពីថ្ងៃពុធ ទី ៣០ ខែឧសភា បានទទួលបរាជ័យ ជាហេតុធ្វើឱ្យឧបករណ៍ជំរុញ និងកម្ទេចកំទីផ្សេងៗទៀតធ្លាក់ចូលសមុទ្រ។ យោធាប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនក៏បានរកឃើញផ្នែកខ្លះនៃរ៉ុក្កែតរបស់កូរ៉េខាងជើងដែរ។
ផ្កាយរណបកូរ៉េខាងជើងបានធ្លាក់ចូលសមុទ្រ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនរ៉ូក្កែត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) រ៉ុក្កែតដែលប្រើដើម្បីបង្ហោះផ្កាយរណប ខូលីម៉ា ១ (Chollima-1) បានធ្លាក់ដោយសារតែអស្ថិរភាពក្នុងម៉ាស៊ីនរ៉ុក្កែត និងក្នុងប្រព័ន្ធចំហេះឥន្ទនៈ។ នេះជាលើកពីប្រាំមួយហើយដែលទីក្រុងព្យុងយ៉ាងប៉ុនប៉ុងបាញ់បង្ហោះផ្កាយរណប និងជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៦ ដើម្បីបញ្ជូនផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅក្នុងគន្លងគោចរ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា យោធាខ្លួនកំពុងធ្វើប្រតិបត្តិការស្រង់នូវអ្វីដែលគេជឿថាជាផ្នែកនៃយានអវកាសសម្រាប់បាញ់បង្ហោះ។ យោធាកូរ៉េខាងត្បូងបានចែកចាយរូបភាពបំណែកដែលទាញចេញពីទឹក ក្នុងនោះមានទាំងវត្ថុរាងដូចបំពង់ធំមួយផងដែរ។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងនេះក៏បានបណ្តាលឱ្យមានការប្រកាសអាសន្ន និងការព្រមានមួយរយៈខ្លីឱ្យជម្លៀសប្រជាជនទៅកន្លែងសុវត្តិភាពនៅក្នុងផ្នែកខ្លះនៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែរ។ ការជូនដំណឹងត្រូវបានដកចេញក្រោយទទួលដំណឹងថា រ៉ុក្កែនោះទទួលបរាជ័យ។

ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា កាំជ្រួចដែលបានបាញ់ចេញពីទីតាំងក្បែរតំបន់ Tongchang-ri ភាគពាយ័ព្យប្រទេសកូរ៉េខាងជើង មិនបានធ្វើដំណើរតាមផែនការដែលបានប្រកាសដោយទីក្រុងព្យុងយ៉ាងនោះ។ យោធាកូរ៉េខាងត្បូងថា រ៉ុក្កែតនោះបានធ្លាក់នៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីកោះ Eocheong របស់ប្រទេសកូរ៉េខាងត្បូង ចូលទៅក្នុងសមុទ្រលឿង។

យោងតាម KCNA គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម បានជួបប្រទះនឹងភាពខុសប្រក្រតីនៃម៉ាស៊ីនដំណាក់កាលទីពីរ ហើយបាត់បង់កម្លាំងរុញឱ្យហោះឡើងបន្តទៀត ទើបធ្លាក់ចូលសមុទ្រ។

នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា រដ្ឋាភិបាលកំពុងប្រមូលនិងវិភាគព័ត៌មានអំពីការបាញ់បង្ហោះ តែមិនមានរបាយការណ៍អំពីការខូចខាតពីគ្រឿងបង្ហោះនោះទេ។ គួរជម្រាបថា ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុនអំពីតំបន់គ្រោះថ្នាក់ក្នុងដែនសមុទ្រចំនួនបីកន្លែង ដែលផ្កាយរណបអាចធ្លាក់ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនៅចន្លោះពីថ្ងៃពុធ ទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។ តំបន់គ្រោះថ្នាក់ចំនួនពីរកន្លែងស្ថិតនៅភាគខាងលិចឧបទ្វីបកូរ៉េ និងមួយកន្លែងទៀតនៅភាគខាងកើតនៃប្រទេសហ្វីលីពីន។ តំបន់ទាំងបីនោះគឺនៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

បន្ទាប់ពីទទួលស្គាល់ថា ការប៉ុនប៉ងកាលពីថ្ងៃពុធបានបរាជ័យ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតមួយទៀតដែលផ្ទុកផ្កាយរណបចារកម្មយោធា"ឱ្យបានឆាប់តាមដែលអាចធ្វើបាន"។ មន្ត្រីយោធាកូរ៉េខាងជើងបានលើកឡើងអំពីតម្រូវការ"ប្រព័ន្ធព័ត៌មានឈ្លបយកការណ៍ដែលអាចទុកចិត្តបាន" ដើម្បីឱ្យប្រទេសនេះអាច"ក្តាប់សកម្មភាពយោធារបស់សត្រូវក្នុងពេលវេលាជាក់ស្តែង"បាន ដោយនិយាយយោងទៅដល់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងប្រព្រឹត្តទៅ។

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស្ស៊ីដា បានព្រមានថា ការធ្វើតាមផែនការរបស់កូរ៉េខាងជើងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងចំពោះសកម្មភាពពាក់ព័ន្ធនឹងអាវុធរបស់ប្រទេសនេះ៕




អត្ថបទបន្ទាប់


អ្នកជំនាញក្នុងទីផ្សារភាគហ៊ុន ប្រាប់រដ្ឋាភិបាលថ្មីរបស់ថៃឲ្យបញ្ជៀសបញ្ហាឱនភាពថវិកា ដ្បិតបារម្ភពីផលប៉ះពាល់ទីផ្សារភាគហ៊ុន

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងទីផ្សារភាគហ៊ុនរបស់ថៃ បានព្រមានប្រាប់ជាមុនទៅកាន់រដ្ឋាភិបាលថ្មីរបស់ថៃថា ទីផ្សារភាគហ៊ុនអាចនឹងរងផលប៉ះពាល់ ប្រសិនបើរដ្ឋ…

IMF ថា សេដ្ឋកិច្ចអ៊ុយក្រែនបង្ហាញពី"ភាពធន់" នឹងការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែត្រូវការប្រាក់កម្ចីច្រើន

ព័ត៌មាន
មន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនកំពុងបង្ហាញ "ភាពធន់គួរឱ្យកត់សម្គាល់" ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ