អាវុធនុយក្លេអ៊ែ

លោក ពូទីន អនុម័តលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែសកល


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែជាសកល ដែលមានរុស្ស៊ីជាសមាជិក។ វិធានការថ្មីនេះ ទីក្រុងម៉ូស្គូថា ជារឿងចាំបាច់ ដើម្បីធ្វើឱ្យស្មើភាពជាមួយសហរដ្ឋអាម៉េរិក ដែលមិនបានឱ្យសច្ចា ប័នលើកិច្ចព្រមព្រៀងនេះដូចគ្នា។ យ៉ាងណា ទន្ទឹមនឹងការដកខ្លួននេះ គេក៏មានការព្រួយបារម្ភថា រុស្ស៊ីអាចមានបំណងបែរទៅធ្វើការសាកល្បងនុយក្លេអ៊ែវិញ ក្រោយអាក់ខានបីទសវត្សន៍មកនេះ។
អាវុធនុយក្លេអ៊ែ
ដោយ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានឱ្យដឹងថា ច្បាប់លុបចោលការផ្តល់សច្ចាប័នហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែ ដែលសភារបស់រុស្ស៊ីអនុម័តចេញកាលពីខែមុននោះ ត្រូវបានលោក ពូទីន ប្រធានា​ធិបតីរុស្ស៊ីចុះហត្ថលេខាចេញជាច្បាប់ពេញលេញហើយកាលពីថ្ងៃព្រហស្បតិ៍។ តាមរយៈច្បាប់នេះ រុស្ស៊ីនឹងលែងឋិតនៅក្នុងសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែសកល(CTBT)ទៀតហើយ។

គួរជម្រាបថា សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែ ត្រូវបានតាក់តែងឡើងដំបូងក្នុងឆ្នាំ១៩៩៦ ហើយទីបំផុតត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១៧៨ រួមទាំងប្រទេសរុស្ស៊ីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចមួយចំនួន រួមទាំងសហរដ្ឋអាម៉េរិក និងចិន មិនបាន ផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ ហើយវាក៏មិនត្រូវបានចូលជាធរមានដែរ ព្រោះវាមិនទាន់ដល់កម្រិតដែលប្រទេសទាំងនោះត្រូវការ។ យោងតាមសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយថា ការលុបចោលសន្ធិសញ្ញានេះ គឺជាការធ្វើឱ្យស្មើភាពគ្នា។

លោក ពូទីន ធ្លាប់បានរំលឹកឡើងមុនចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍នេះថា ការលុបចោលសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែសកល(CTBT) នឹងក្លាយជាកញ្ចក់ឆ្លុះសម្រាប់អាម៉េរិក ដែលចុះសន្ធិសញ្ញាហើយ តែមិនផ្តល់សច្ចាប័នអនុវត្ត។

ទន្ទឹមគ្នានេះ ការដកខ្លួនរបស់រុស្ស៊ីនេះ ក៏បង្កការព្រួយបារម្ភថា ម៉ូស្គូអាចនឹងងាកទៅបន្តការសាកល្បងនុយក្លេអ៊ែឡើងវិញ ដើម្បីព្យាយាមបំបាក់ទឹកចិត្តលោកខាងលិចពីការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន​។

អ្នកជំនាញរុស្ស៊ីជាច្រើនបាននិយាយផ្តល់យោបល់ឱ្យលោក ពូទីន តេស្តសាកល្បងនុយក្លេរអ៊ែឡើងវិញផងដែរ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ប្លីនខេន បាននិយាយថា«ទង្វើរបស់រុស្ស៊ី គឺជាជំហានមួយក្នុងទិសដៅខុស»។ លោកថា សកម្មភាពរបស់រុស្ស៊ី គឺជាការផ្តល់សញ្ញានៃការដើរថយក្រោយចំពោះការគ្រប់គ្រងអាវុធអន្តរជាតិ។

ដោយឡែក ស្របពេលដែលមានការលើកទឹកចិត្តពីមន្ត្រីរុស្ស៊ី លោក ពូទីន បានបញ្ជាក់កាលពីខែមុនថា លោកមិនទាន់សម្រេចចិត្តងាកទៅសាកល្បងនុយក្លេអ៊ែវិញនៅឡើយទេ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គី រីបខូវ (Sergei Ryabkov) បាននិយាយកាលពីខែមុនថា ទីក្រុងមូស្គូនឹងបន្តគោរពតាមសន្ធិសញ្ញានេះ ហើយនឹងបន្តការសាកល្បងនុយក្លេអ៊ែឡើងវិញ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើមុន។

គួររំលឹកថា កាលពីថ្ងៃពុធ កាសែតអាម៉េរិក The Wall Street បានចុះផ្សាយថា ប្រទេសចិន និងសហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែឡើងវិញនៅសប្តាហ៍ក្រោយ មុនជំនួបទល់មុខរវាងលោក ចូ បៃដិន ជាមួយលោក ស៊ី ជិនពីង ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ក្រោយច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ថៃ មួយកម្រិតទៀត

ព័ត៌មាន
ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីទាំងពីរកម្ពុជា-ថៃ ឯកភាពគ្នា…

ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនៅថៃ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

ព័ត៌មាន
ប្រធានទីភ្នាក់ងារការងារប្រាក់បញ្ញើ (DPA) គឺលោក សុងផូល ឆេវ៉ាផាន់យ៉ារ៉ូច (Songpol Chevapanyaroj) បាននិយាយថា តម្លៃនៃប្រាក់បញ្ញើនៅក្រោមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ