រុស្ស៊ី-បេឡារុស្ស-អ៊ុយក្រែន

លោក ពូទីន ទៅជួបសម្ព័ន្ធមិត្តបេឡារុស្សដល់ផ្ទះ ខណៈទាហានអ៊ុយក្រែនកំពុងប្រុងជើងការខ្ពស់តាមខ្សែបន្ទាត់ព្រំដែន


មេដឹកនាំកំពូលរបស់វិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ហោះហើរទៅកាន់ប្រទេសបេឡារុសនៅថ្ងៃចន្ទ ទី១៩ ខែធ្នូ នេះ ចំពេលមានការភ័យខ្លាចពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែនថា លោក ពូទីន មានបំណងដាក់សម្ពាធអតីតរដ្ឋសម្ព័ន្ធមិត្តសហសូវៀតមួយនេះ ឱ្យចូលរួមជាកម្លាំងរណសិរ្សថ្មីជាមួយកងទ័ពរុស្ស៊ី ដើម្បីបើកការវាយលុកលើអ៊ុយក្រែនពីតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើបេឡារុស្សពិតមានមានគម្រោងបើកការវាយប្រហារលើអ៊ុយក្រែនទេ?

កងកម្លាំងរុស្ស៊ីដែលត្រូវបានវាយបកដោយកងកម្លាំងអ៊ុយក្រែន បានបង្ខំចិត្តឱ្យដកថយជាបន្តបន្ទាប់ពីភាគខាងជើង ភាគឦសាន និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ ហើយដំណើរទស្សនកិច្ចរបស់លោក ពូទីន ក្នុងការពិភាក្សាជាមួយមេដឹកនាំបេឡារុស្ស លោក Alexander Lukashenko នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋធានី Minsk ចាប់តាំងពីឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ១៩ និងបន្ទាប់ពីរលកនៃការតវ៉ារបស់បេឡារុស្សនៅឆ្នាំ២០២០ត្រូវបានបង្គ្រាប។

បើតាមមេបញ្ជាការកងកម្លាំងរួមអ៊ុយក្រែន លោក Serhiy Nayev បាននិយាយថា «ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ នឹងមានការពិភាក្សាបន្ថែមទៀតលើការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាការចូលរួមយ៉ាងទូលំទូលាយនៃកងកម្លាំងប្រដាប់អាវុធបេឡារុស្សក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ុយក្រែន ជាពិសេសលោកគិតថា កងកម្លាំងថ្មើរជើងតែម្តង»។

ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែនលោក វ៉ាឡឺរី ហ្សាលូស្ញា (Valery Zaluzhniy) បានប្រាប់កាសែត The Economist កាលពីសប្តាហ៍មុនថា រុស្ស៊ីកំពុងរៀបចំកងទ័ពថ្មីចំនួន ២ សែននាក់ សម្រាប់ការវាយលុកដ៏ធំមួយ ដែលអាចធ្វើឡើងពីភាគខាងកើត ភាគខាងត្បូង ឬសូម្បីតែពីបេឡារុស្សនៅដើមខែមករាខាងមុខនេះ ក៏អាចនឹងចូលរួមការវាយប្រហារនេះជាមួយរុស្ស៊ីដែរ។

មែនទែនទៅ សកម្មភាពយោធារុស្ស៊ី និងបេឡារុស្សជាបន្តបន្ទាប់ជាច្រើនខែមកនេះ បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់វិមានក្រឹមឡាំងនេះអាចនឹងក្លាយជាទីតាំងទ្រនាប់ និងជាការឈរជើងសម្រាប់ការវាយលុករបស់កម្លាំងម៉ូស្គូលើប្រទេសអ៊ុយក្រែនសាជាថ្មី។ ក្នុងរយៈពេលចុងក្រោយនេះទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍ (Minsk) បានបង្កើតអង្គភាពនៃកងកម្លាំងក្នុងតំបន់រួមគ្នាមួយនៅក្នុងប្រទេសបេឡារុស្ស និងបានធ្វើសមយុទ្ធយោធាជាច្រើន។ យន្តហោះចម្បាំងរុស្ស៊ីចំនួនបីគ្រឿង និងយន្តហោះបញ្ជា និងព្រមានជាមុននៅលើអាកាស ក៏ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស្សកាលពីសប្តាហ៍មុនផងដែរ។

យ៉ាងណាក៏ដោយ អ្នកវិភាគផ្នែកយោធាមួយចំនួនមើលឃើញថា សមយុទ្ធនេះ គឺជាល្បិចមួយដើម្បីធ្វើឱ្យអ៊ុយក្រែនគិតថារុស្ស៊ីអាចវាយប្រហារពីភាគខាងជើង ប៉ុន្ដែ ទីក្រុងម៉ូស្គូនឹងធ្វើការវាយលុកនៅកន្លែងណាផ្សេង។ ប៉ុន្តែក៏មានសកម្មភាពនយោបាយច្របូកច្របល់ដែរ។ មន្ត្រីក្នុងទីក្រុង Kyiv បានព្រមានជាច្រើនខែមកហើយថា ប្រទេសជិតខាងបេឡារុស្សអាចចូលរួមជាមួយកងកម្លាំងរុស្ស៊ី និងធ្វើជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហារជាថ្មីលើរដ្ឋធានីអ៊ុយក្រែន។

ទន្ទឹមនឹងការធ្វើដំណើររបស់លោក ពូទីន មកកាន់ប្រទេសបេឡារុស្សនេះ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងកាលពីថ្ងៃចន្ទនេះដែរថា ការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ីនៅតែបន្តឥតដកដៃ និងបានវាយប្រហារលើ «ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់»នៅក្នុងនិងជុំវិញរដ្ឋធានីកៀវ។ ក្រុមមន្ត្រីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើកប្រហែល ១៥ គ្រឿងក្នុងចំណោម ២០គ្រឿង ហើយផ្ទះសម្បែងជនស៊ីវិលក៏ត្រូវបានខូតខាតដូចគ្នា។

ជាមួយគ្នានេះ លោក Zelenskiy កាលពីថ្ងៃអាទិត្យជាថ្មីម្តងទៀតបានអំពាវនាវឱ្យប្រទេសលោកខាងលិចបង្កើនការផ្គត់ផ្គត់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត តាមតែអាចធ្វើទៅបានដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងវាយប្រហារតាមអាកាសមិនរើសមុខរបស់ប្រទេសរុស្ស៊ីនេះ ខណៈរដូវរងាក៏កំពុងបង្កស្ថានការលំបាកខ្លាំងផងនោះ៕




អត្ថបទបន្ទាប់


តើជាង១ឆ្នាំមកនេះ ការចម្រាញ់រ៉ែមាសនៅមណ្ឌលគិរីទទួលបាននលទ្ធផលយ៉ាងណាដែរ?

ព័ត៌មាន
មានរយៈពេលជាង១ឆ្នាំហើយ ដែលរោងចក្រឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺនេសង់ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានដាក់ឲ្យដ…

ការស្ដារឡើងវិញនៃវិស័យទេសចរណ៍វៀតណាម កំពុងមានដំណើរយឺត?

ព័ត៌មាន
វិស័យទេសចរណ៍នៅប្រទេសវៀតណាមកំពុងតែជួបឧបសគ្គក្នុងការក្រោកឈរឡើងវិញ ក្រោយពីបានបាក់ស្រុតដោយសារតែការចូលលុកលុយនៃជំងឺកូវីដ១៩ បើទោះជាប្រទេសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ