សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

លោកពូទីនថា ទណ្ឌកម្ម​ទាំងអស់​នឹង​ធ្លាក់​លើលោក​ខាង​លិច​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ខ្លាំង​ជាងមុន


ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងរុស្ស៊ីនឹងត្រូវវិលទៅប៉ះពាល់ប្រទេសលោកខាងលិចវិញជាមិនខានឡើយ ពិសេសបញ្ហាការផ្គត់ផ្គង់ស្បៀងអាហារ និងតម្លៃថាមពលកើនខ្ពស់ ។
: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន
ដោយ

លោក ពូទីន បង្ហាញជំនឿចិត្តថា ទីក្រុងមូស្គូនឹងដោះស្រាយបញ្ហាទាំងអស់នេះបានដោយខ្លួនឯង រួចហើយនឹងធ្វើឲ្យងើបឡើងវិញកាន់តែខ្លាំងក្លាជាងមុនទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ 

ក្នុងជំនួបប្រជុំជាមួយមន្ត្រីក្រោមឱវាទនៅឯវិមានក្រឹមឡាំង លោកពូទីនបាននិយាយថា៖ លោកបានដឹងហើយថា ទណ្ឌកម្មទាំងអស់ដែលរុស្ស៊ីទទួលបាន ទោះជាយ៉ាងណាក៏មិនអាចគេចរួចដែរ ទោះបីជាវាមានផលលំបាកដល់រុស្ស៊ីក៏ពិតមែន តែរុស្ស៊ីអាចដោះស្រាយវាបាន ដូចដែលគេធ្លាប់ធ្វើពីអតីតកាលអញ្ជឹងដែរ។ 

បុរសខ្លាំងរបស់រុស្ស៊ី លោកពូទីនបានព្រមានពីទណ្ឌកម្មនឹងវិលទៅប៉ះពាល់ដល់ក្រុមប្រទេសលោកខាងលិចវិញ ដោយរៀបរាប់យ៉ាងដូច្នេះថា៖ ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងរុស្ស៊ីនឹងងើបឡើងប្រឆាំងនឹងលោកខាងលិចវិញ ហើយនៅទីបញ្ចប់ ទាំងអស់នេះនឹងនាំឱ្យរុស្ស៊ីកាន់តែមានឯករាជ្យភាពលើខ្លួនឯង គ្រប់គ្រង និងមានអធិបតេយ្យភាពលើខ្លួនឯង។ 

ការអត្ថាធិប្បាយរបស់លោកពូទីនដូចនេះ ទំនងជាត្រូវបានរៀបចំឡើងដើម្បីបង្ហាញដល់ប្រជាជនរុស្ស៊ី ពីការដែលលោកខាងលិចបានដាក់ទណ្ឌកម្មមកលើខ្លួនដោយមិនសមហេតុផល ប៉ុន្តែក៏ចង់ធានាឲ្យប្រជាជនដឹងបានថា រុស្ស៊ីអាចទប់ទល់នឹងអ្វីដែលទីក្រុងម៉ូស្គូហៅថាជា សង្រ្គាមសេដ្ឋកិច្ច ប្រឆាំងនឹងធនាគារ អាជីវកម្ម និងក្រុមអ្នកជំនួញរបស់ខ្លួន។ 

គួរជម្រាបថា ប្រទេសលោកខាងលិចមិនត្រឹមតែបានដាក់ទណ្ឌកម្មសំដៅស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងមនុស្សជំនិតរបស់លោកពូទីន និងរូបលោកពូទីនផ្ទាល់ប៉ុណ្ណោះទេ សូម្បីតែអ្នកជំនួញធំៗជនជាតិរុស្ស៊ីទាំងក្នុងនិងក្រៅប្រទេសក៏បានក្លាយជាផ្ទាំងស៊ីបនៃទណ្ឌកម្មផងដែរ។ ហាងសាខានៃស្លាកយីហោលំដាប់ពិភពលោកក្នុងប្រទេសរុស្ស៊ី ខ្លះត្រូវដកខ្លួន និងខ្លះទៀតបានផ្អាកដំណើរការជាបណ្តោះអាសន្ន។ 

ជុំវិញបញ្ហាប្រេង និងថាមពលវិញ លោកពូទីនបានបង្ហើបឲ្យដឹងថា រុស្ស៊ីនឹងបន្តបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ដែលខ្លួនធ្លាប់ធ្វើកន្លងមកជាមួយលោកខាងលិចដដែល បើទោះបីជាត្រូវបានគេដាក់ទណ្ឌកម្ម រួមទាំងបញ្ឈប់ការបញ្ជាទិញប្រេងពីសហរដ្ឋអាមេរិកក៏ដោយ។ 

គួរបញ្ជាក់ថា កន្លងមករុស្ស៊ីក៏បានដាក់ទណ្ឌកម្មត្រឡប់ទៅលោកខាងលិចវិញខ្លះៗដែរ ដើម្បីទុកជាការសងសឹក។ ជាក់ស្តែង ម៉ូស្គូបានហាមឃាត់ការនាំចេញផលិតផលទូរគមនាគមន៍ វេជ្ជសាស្ត្រ យានយន្ត កសិកម្ម អគ្គិសនី និងឧបករណ៍បច្ចេកវិទ្យា ក្នុងចំណោមរបស់របរផ្សេងៗទៀត ទៅកាន់បញ្ចឹមលោក រហូតដល់ដំណាច់ឆ្នាំ២០២២។ ក្នុងនោះ មានទំនិញសរុបជាង ២០០មុខ ត្រូវបានបញ្ចូលក្នុងបញ្ជីផ្អាកការនាំចេញ។ 

សូមជម្រាបដែរថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ និងសមភាគី លោក  ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានជួបចរចាគ្នាជាលើកដំបូងនៅ ប្រទេសតួកគី ដោយមានការសម្របសម្រួលពីរដ្ឋមន្រ្តីការបរទេសតួកគី  ផងដែរ។ ជំនួបចរចានេះ មិនទទួលបានលទ្ធផលផ្លែផ្កាជាដុំកំភួនអ្វីឡើយ ជុំវិញការអនុវត្តបទឈប់បាញ់ និងការបើកច្រកជំនួយមនុស្សធម៌៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៖ សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ធ្វើឲ្យស្លាប់ជនស៊ីវិលច្រើនជាងយោធាទៅទៀត

ព័ត៌មាន
រដ្ឋន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយមកជាង២សប្ដាហ៍មកនេះ បានសម្លាប…

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida នឹង​ធ្វើទស្សនកិច្ច​​នៅកម្ពុជា​និង​ឥណ្ឌា​ក្នុង​ខែមីនានេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កំពុងរៀបចំធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឥណ្ឌា រួចនឹងបន្ដដំណើរទស្សនកិច្ចនៅកម្ពុជានៅរយៈពេល២ថ្ងៃដូចគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ