វិស័យកសិកម្ម

សហព័ន្ធឧស្សាហកម្មថៃ ស្នើឱ្យរដ្ឋាភិបាលរឹតបន្ដឹងលើការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ក្រោយរកឃើញសារធាតុគីមីហាមឃាត់


សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការត្រួតពិនិត្យគុណភាពបន្លែ និងផ្លែឈើនាំចូលពីបណ្ដាប្រទេសជិតខាង និងប្រទេសចិន ដោយការប្រុងប្រយ័ត្នខ្ពស់ជាងមុន បន្ទាប់ពីបានរកឃើញសារធាតុថ្នាំសម្លាប់សត្វល្អិតដ៏គ្រោះថ្នាក់នៅក្នុងផលិតផលកសិកម្មនាំចូលមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។
វិស័យកសិកម្ម
ដោយ

លោក គ្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា ប្រទេសថៃ នៅតែបន្តនាំចូលគួរឱ្យព្រួយបារម្ភនូវបន្លែ និងផ្លែឈើផ្ទុកសារធាតុគីមី ដែលគេហាមឃាត់នៅក្នុងប្រទេសជាច្រើន។ លោកបានគូសបញ្ជាក់ថា វាចាំបាច់ត្រូវមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើកសិផលដែលនាំចូល ដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋជាអ្នកប្រើប្រាស់។ លោកបានសង្កត់ធ្ងន់ថា ជម្រើសដ៏ល្អមួយ គឺត្រូវបង្កើនចំនួនមន្ត្រីអធិការកិច្ច ដែលត្រួតពិនិត្យការនាំចូលបន្លែ និងផ្លែឈើ ដើម្បីបង្កើតទំនុកចិត្តដល់ពលរដ្ឋជាអ្នកប្រើប្រាស់។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៤ ទំហំនៃការនាំចូលបន្លែ និងផ្លែឈើ បានកើនឡើង៨,៤% ឈានដល់ជាង៣៧២លានដុល្លារអាម៉េរិក។ ការនាំចូលរួមមានក្រូចពោធិ៍សាត់ ប៉េងប៉ោះ ស្ពៃក្រញាញ់ ស្ពៃតឿ ម្ទេស និងផ្កាខាត់ណាជាដើម។ សហព័ន្ធឧស្សាហកម្មថៃ (FTI) ក៏មានការព្រួយបារម្ភផងដែរ ចំពោះផលប៉ះពាល់នៃការនាំចូលទៅលើវិស័យកសិកម្មរបស់ប្រទេសថៃ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះ។

ទន្ទឹមនេះ សហព័ន្ធឧស្សាហកម្មថៃ (FTI) ក៏បានព្រមានចំពោះការហូរចូលនៃផលិតផលចិន មានតម្លៃថោកដែលកំពុងជះផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក។ សហព័ន្ធនេះបានគូសបញ្ជាក់ថា ទំនិញចិន ក្នុងបរិមាណយ៉ាងច្រើនដែលហូរចូលក្នុងប្រទេសថៃ បានជះផលប៉ះពាល់ដល់អ្នកផលិតក្នុងស្រុកនៅក្នុងវិស័យរហូតដល់ទៅ២០ រួមមាន ទាំងដែក អាលុយមីញ៉ូម ប្លាស្ទិក សេរ៉ាមិច គីមីឥន្ធនៈ និងឱសថផងដែរ។ សហព័ន្ធនេះបានបន្ថែមថា ផលិតផលមួយចំនួនក្នុងចំណោមនេះតម្រូវឱ្យមានការព្រួតពិនិត្យឱ្យបានហ្មត់ចត់ ព្រោះផលិតផលទាំងនោះអាចនឹងគ្មានស្ដង់ដារសុវត្ថិភាព និងស្ដង់ដារបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក ពីមផាត់ត្រា វិឆៃគុល (Pimphattra Wichaikul) បានណែនាំឱ្យវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) សហការជាមួយនាយកដ្ឋានគយ ដើម្បីត្រួតពិនិត្យគុណភាពទំនិញនាំចូលឱ្យបានម៉ឺនម៉ាត់។ សម្រាប់លោកចំណាត់ការនេះ គឺសំដៅបញ្ឈប់ការហូរចូលនៃទំនិញថោកៗ និងគ្មានស្តង់ដារ។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ទំនិញគុណភាពទាបជាច្រើននៅតែត្រូវបាននាំចូលក្នុងប្រទេសថៃ ដែលពិបាកនឹងទប់ស្កាត់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះប្រាក់ចំណេញ៤០ពាន់លានដុល្លារកាលពីឆ្នាំមុន តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុនប្រេង អារ៉ាមខូ (Aramco) របស់ប្រទេសអារ៉ាប៊ីសាអូឌីត រកបានប្រាក់ចំណេញសុទ្ធរហូតដល់១២១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ប៉ុន្តែតួលេខ…

ឥណ្ឌា ចុះកិច្ចព្រមព្រៀងវិនិយោគទំហំ១០០ពាន់លានដុល្លារ ជាមួយប្រទេសអឺរ៉ុបចំនួន៤

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានចុះកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសអឺរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ