តំបន់អភិវឌ្ឍន៍រុនតាឯក

តំបន់រុនតាឯកនឹងក្លាយជាទីក្រុងថ្មីមួយមានការរីកចម្រើននាពេលអនាគត


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញទិសដៅបន្តអភិវឌ្ឍន៍តំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺនឹងប្រែក្លាយតំបន់នេះឱ្យទៅជា ក្រុងរុនតាឯក នៅពេលអនាគត ខណៈបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ក៏សម្រេចបានការអភិវឌ្ឍយ៉ាងច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
តំបន់អភិវឌ្ឍន៍រុនតាឯក
ដោយ

សម្តេចធិបតី ក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធសហការគ្នា រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅក្នុងតំបន់នោះឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ ដើម្បីសម្រេចបានទៅតាមទិសដៅដែលបានដាក់ចេញនេះ។

ថ្លែងនាពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រោយប្រើប្រាស់រយៈពេលប្រមាណ៥០០ថ្ងៃ តំបន់រុនតាឯក បានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្សារ និងវត្តអារាមជាដើម។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញទិសដៅអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺមិនយូរទៀតទេ តំបន់អភិវឌ្ឍន៍រុនតាឯក នឹងប្រែក្លាយទៅជាក្រុងរុនតាឯកតែម្តង។ បើតាមសម្តេចនាយករដ្ឋមន្ត្រី រុនតាឯក អាចជាក្រុងមួយដែលបានកកើតក្រោយគេក្នុងខេត្តសៀមរាប ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះមិនយឺតជាងគេនោះទេ ជាក់ស្តែង រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តាំងពីកន្លែងដីទទេមិនមានអ្វីសោះ ឱ្យក្លាយទៅជាកន្លែងមួយដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងជាច្រើនខ្សែប្រវែងជាង១៦០គីឡូម៉ែត្រ ខណៈប្រព័ន្ធទឹកស្អាត និងអគ្គិសនីសម្រាប់ប្រើប្រាស់វិញក៏បានតភ្ជាប់ហើយផងដែរ។

តំបន់រុនតាឯក គឺជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅក្នុងតំបន់នោះ។ ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា ការឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះ លក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ដ្បិតថា ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុតក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានានៅតំបន់អភិវឌ្ឍន៍រុនតាឯក បាននិងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះ បានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរសព្ទផងដែរ។ និងបានកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បង​ៗមួយចំនួនទៀត ដូចជាសាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហម សម្រេចបានជាង៧៤% ការសាងសង់ផ្សារ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន៨០% ការកសាងវត្តរុនតាឯកលើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រីលើផ្ទៃដីជាង ៤ហិកតា សម្រេចបាន ៨៥% និងការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋចំនួន ៤ពាន់៤រយ៤២ គ្រួសារ ស្នើនិងជាង ៧៥% ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលទេសចរណ៍ថៃទំនងជាមិនអាចសម្រេចតាមគោលដៅ៤៥ពាន់លានដុល្លារបានទេនៅឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅឆ្នាំនេះទំនងជារកបានសរុបជាង២ទ្រីលានបាត ប្រហែលជាង៣០ពាន់លានដុល្លារ គឺនៅ…

អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញមុខអះអាងថា «ករណីសាច់បង្កកជិត ៤០០តោន» គឺស្របច្បាប់ និងមានគុណភាព

ព័ត៌មាន
ករណីចុះត្រួតពិនិត្យលើឃ្លាំងស្ដុកសាច់បង្កក មួយកន្លែងនៅខណ្ឌសែនសុខ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់នៅថ្ងៃទី ០៧ ខែធ្នូថា សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ