រុស្ស៊ីព្រមានពិភពលោក

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានពិភពលោកកុំឱ្យមើលស្រាលហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ពិភពលោកកុំឱ្យមើលស្រាលហានិភ័យដ៏ធ្ងន់ធ្ងរនៃជម្លោះនុយក្លេអ៊ែរឲ្យសោះ ដោយលោកសម្អាងថាការដែលលោកខាងលិច និងអង្គការណាតូកំពុងផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនមានន័យថា សម្ព័ន្ធមិត្តលោកខាងលិចទាំងនេះបានចូលរួមក្នុងការធ្វើសង្គ្រាម ខ្ចីដៃអ៊ុយក្រែន ប្រយុទ្ធទប់ទល់ជាមួយប្រទេសរុស្ស៊ីរួចទៅហើយ។ សង្គ្រាមខ្ចីដៃ(Proxy War) បានសេចក្តីថា ប្រទេសមួយមិនបានធ្វើសង្គ្រាមជាមួយប្រទេសមួយទៀតដោយផ្ទាល់នោះទេ តែបានប្រើប្រាស់ប្រទេសទី៣ ឲ្យធ្វើសង្គ្រាមជំនួសហើយខ្លួនចាំគាំទ្រពីក្រោយ។ នេះបើយោងតាមប្រពភព័ត៌មានពីរ៉
រុស្ស៊ីព្រមានពិភពលោកកុំឱ្យមើលស្រាលសង្គ្រាមនុយក្លេអ៊ែរ!
ដោយ

ក្នុង​បទ​សម្ភាសន៍​ដោយ​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី រដ្ឋមន្ត្រី​ការ​បរទេស សឺ​រី​ហ្កី ឡាវ​រ៉ូ​វ​(Sergei Lavrov) ត្រូវ​បាន​ចោទសួរ​ថា តើ​មាន​ភាព​ចាំបាច់​អ្វីខ្លះ​ដែល​គេ​ត្រូវធ្វើ​ដើម្បី​បញ្ចៀស​សង្គ្រាមលោក​លើក​ទី​បី? ហើយ​ថា​តើ​ស្ថានភាព​បច្ចុប្បន្ន​អាច​ប្រៀបធៀប​ទៅ​នឹង​វិបត្តិ​មី​ស៊ី​ល​នៅ​គុយ​បា​ឆ្នាំ ១៩៦២ បាន​ដែរ​ឬទេ?

ប្រមុខ​ការទូត​រុ​ស្ស៊ី​រូប​នេះ​ឆ្លើយ​ថា ហានិភ័យ​នៅ​ក្នុង​ពេល​ឥឡូវនេះ គឺ​មាន​ច្រើន​ច្រើន​លើសលុប​ណាស់​។ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​បន្ថែម​ទៀត​ថា លោក​មិន​ចង់​និយាយ​អ្វី​ច្រើន​ដោយ​គ្មាន​អំណះអំណាង​នោះ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បានឃើញ​ស្រាប់​ហើយ​។ គ្រោះថ្នាក់ គឺ​នឹង​មាន​ធ្ងន់ធ្ងរ​ណាស់ ហើយ​វា​ពិតប្រាកដ​ថែម​ទៀត គេ​មិន​ត្រូវ​មើល​ស្រាល​វា​ឡើយ​។

ជុំវិញ​ការ​អះអាង​ពី​ភាគី​រុ​ស្ស៊ី​នេះ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក ឌី​មេ​ទ្រី គូ​ឡេ​បា​(Dmytro Kuleba) បាន​ចាត់​ទុក​ការ​អះអាង​ពី​ទីក្រុង​ម៉ូ​ស្កូ​ថា ជា​ការ​បំភិតបំភ័យ ហើយ​លោក​បាន​ចាត់​ទុក​ការ​គំរាម​នេះ ថា​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​របស់​រុ​ស្ស៊ី ជ្រើស​យក​វិធី​គំរាម​មក​ប្រើប្រាស់​។

គួរ​ជម្រាប​ថា ការ​ព្រមាន​របស់​រុ​ស្ស៊ី​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប្រទេស​លោក​ខាងលិច បាន​និង​កំពុង​បង្កើន​ការ​ផ្តល់​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ធំ​ៗ​ជា​ច្រើន​ពិសេស​សហរដ្ឋអាមេរិក បាន​ផ្តល់​សព្វាវុធ​ធន់​ធ្ងន់ និង​ទំនើប​ៗ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ហើយ​ថែម​ទាំង​កំពុង​បង្ហាត់បង្រៀន​ឲ្យ​ចេះ​ប្រើប្រាស់​ស្ទាត់ជំនាញ​ថែម​ទៀត​។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៤​មេ​សា​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក អាន់​តូ​នី ប្លី​ង​ខេន​(Antony Blinken) និង​រដ្ឋមន្ត្រី​ការពារ​ជាតិ ឡ​យ អូ​ស្ទី​ន​(Lloyd Austin) បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែ​ន​។

បន្ថែម​ពីលើ​ការ​ផ្តល់​ឲ្យ​នេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ដើម្បី​អនុម័ត លក់​គ្រាប់កាំភ្លើង​ក្នុង​តម្លៃ ១៦៥​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា ការ​លក់​គ្រាប់កាំភ្លើង​នេះ អាច​រួម​បញ្ចូល​ទាំង​គ្រាប់ សម្រាប់​កាំភ្លើង​ធំ គ្រាប់កាំភ្លើង​ធំ​របស់​រថក្រោះ និង​ឧបករណ៍​បាញ់​គ្រាប់បែកដៃ​ផង​ដែរ​។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ប្រាប់​សហរដ្ឋអាមេរិក​ឱ្យ​បញ្ឈប់​ការ​បញ្ជូន សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់ ដោយ​ព្រមាន​ថា សព្វាវុធ​របស់​លោក​ខាងលិច​ទាំងនេះ ប្រៀប​ដូច​ជា​សាំង​ចាក់​ទៅ​លើ​ភ្លើង​ជម្លោះ​ដែល​កំពុង​តែ​ឆាបឆេះ​ដូច្នោះ​ដែរ​។

យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​មួយ ដែល​រំពឹង​ថា​នឹង​មាន​វត្តមាន ៤០​ប្រទេស​ចូលរួម​នៅ​ស​ប្តា​ហ៍​នេះ សម្រាប់​កិច្ច​ពិភាក្សា​យោធា ដែល​នឹង​ផ្តោត​លើ​ការ​ផ្តល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន​បន្ត​ទៀត​។

សូម​ជម្រាប​ថា ការ​លុកលុយ​របស់​រុ​ស្ស៊ី​រយៈពេល​ជាង​ពីរ​ខែ​មក​លើ​អ៊ុយ​ក្រែ​ន ជា​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​លើ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប គិត​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក​។ សង្គ្រាម​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ឬ​រង​របួស បំផ្លិចបំផ្លាញ​ទីក្រុង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​យ៉ាង​សន្ធឹកសន្ធាប់ និង​បង្ខំ​ឲ្យ​មនុស្ស​ជាង ៥​លាន​នាក់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ខណៈ​ជាង​៧​លាន​នាក់​ផ្សេង​ទៀត គ្មាន​ផ្ទះសម្បែង​រត់​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៥០ជួបគ្នាពិភាក្សាអំពីឱកាសវិនិយោគ និងពាណិជ្ជកម្មបន្ថែមនៅកម្ពុជា

ព័ត៌មាន
វិនិយោគិននៃក្រុមហ៊ុនជប៉ុន និង កម្ពុជាជាង ៥០ក្រុមហ៊ុនបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា នៅគ្រាដែលសេដ្ឋក…

សេវាកម្មថែទាំសំបកកង់រថយន្តជាអាជីវកម្មដ៏មានសក្ដានុពល ខណៈការប្រើប្រាស់រថយន្តកើនឡើងជាលំដាប់

ព័ត៌មាន
នាយកគ្រប់គ្រងក្រុមហ៊ុន Worldbridge Car Solutions ជំរុញឱ្យពាណិជ្ជករ ងាកមកវិនិយោគរកស៊ីលើផ្នែកសេវាកម្មថែទាំសំបកកង់រថយន្ត ខណៈចរន្តនៃការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ