ហិរញ្ញវត្ថុរុស្ស៊ី

ក្រុមប្រទេស G7 កំពុងរកវិធីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី៣០០ពាន់លានដុល្លារ យកទៅឧបត្ថម្ភអ៊ុយក្រែន


ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)កំពុងបង្កើននិតិវិធី ក៏ដូចជាយុទ្ធវិធីនានា ដើម្បីធ្វើយ៉ាងណារឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ហើយប្រែក្លាយវាទៅជាមូលនិធិសម្រាប់ឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែន ខណៈពេលនេះ អាម៉េរិក និងអឺរ៉ុប កំពុងតែមានបញ្ហានយោបាយផ្ទៃក្នុងរៀងៗខ្លួន លើបញ្ហាកញ្ចប់មូលនិធិសម្រាប់បន្តគាំទ្រប្រទេសនេះ។
ហិរញ្ញវត្ថុរុស្ស៊ី
ដោយ

ក្រុមប្រទេស G7 កំពុងស្វែងរកយ៉ាងសកម្មនូវមធ្យោបាយ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល​រុស្ស៊ី ដើម្បីប្រែក្លាយជាប្រភពទុនផ្តល់មូលនិធិដល់អ៊ុយក្រែន ខណៈដែលជម្លោះនយោបាយនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុបកំពុងគំរាមកំហែងដល់លំហូរនៃការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដល់ប្រទេសនេះ។

មន្ត្រីជំនាញនៃក្រុមប្រទេស G7 ដែលគេដឹងថា មានសហរដ្ឋអាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអង់គ្លេសកំពុងបង្កើនកិច្ចពិភាក្សានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល៣០០ពាន់លានដុល្លារ ដែលខ្លួនបានបង្កកទុកក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដើម្បីបង្វិលវាទៅជាមូលនិធិទៅជួយអ៊ុយក្រែន ដើម្បីប្រឆាំងទប់ទល់នឹងទីក្រុងម៉ូស្គូ។

សារព័ត៌មានបច្ចិមប្រទេសបានរាយការណ៍ថា ការជំរុញនេះបានកើតឡើងនៅពេលដែលកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ចំនួនពីរសម្រាប់អ៊ុយក្រែនដែលមានតម្លៃជាង១០០ពាន់លានដុល្លារកំពុងជាប់គាំងនៅសប្តាហ៍នេះ ខណៈក្រុមមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាម៉េរិកជំទាស់ ហើយសមាជិកសហភាពអឺរ៉ុបមកហុងគ្រី ក៏បានជំទាស់នឹងការផ្តល់មូលនិធិរបស់អឺរ៉ុបដល់ទីក្រុងគៀវផងដែរ។

ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីអាចផ្តល់នូវលំហូរមូលនិធិសម្រាប់ទីក្រុងគៀវបន្តស្តារ និងការកសាងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល G7 ភាគច្រើនបានច្រានចោលចំពោះទង្វើបែបនេះ ដោយបារម្ភថា ស្ថិរភាពសេដ្ឋកិច្ចអាចនឹងមានបញ្ហា។ ពាក់ព័ន្ធនឹងបញ្ហានេះ មានការធ្លាយឯកសារពិភាក្សារបស់រដ្ឋាភិបាលអាម៉េរិក ប៉ុន្តែរតនាគារសហរដ្ឋអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ​។

មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមនៅក្នុងការសន្ទនាយ៉ាងសកម្មលើការប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ហើយជឿជាក់ថា មានពេលវេលាខ្លីដើម្បីសម្រេចចិត្ត។ ពួកគេបានស្នើថា កិច្ចពិភាក្សានេះគួរតែត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់មេដឹកនាំ G7 ដែលចំថ្ងៃខួបពីរឆ្នាំ នៃការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅពេលនេះបណ្តាប្រទេសអ៊ឺរ៉ុប ជាពិសេសអាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដោយលើកឡើងពីការព្រួយបារម្ភផ្នែកច្បាប់ ខណៈដែលគេដឹងថា ភាគច្រើននៃទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី គឺមានតម្លៃដល់ទៅ៣០០ពាន់លានអឺរ៉ូ គឺនៅអឺរ៉ុប៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ហៃ លីអ៊ាង រៀបចំពានរង្វាន់គីណាល់ ដើម្បីលើកកម្ពស់ការស្រាវជ្រាវវេជ្ជសាស្ត្រនៅកម្ពុជា

ព័ត៌មាន
ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យសុខាភិបាល ជាពិសេសលើការសិក្សាស្រាវជ្រាវ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល ប…

ការស្ទង់មតិបង្ហញថា ការស្ទុះងើបសេដ្ឋកិច្ចរបស់សិង្ហបុរីជាកត្តាជំរុញកំណើនអាស៊ាននៅឆ្នាំ២០២៤

ព័ត៌មាន
យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់អ្នកសេដ្ឋកិច្ច ដែលចងក្រងដោយមជ្ឈមណ្ឌលជប៉ុនសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងសារព័ត៌មាននីកេអាស៊ី បានឱ្យដឹងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ