វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង

វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង ដោយសាររងទណ្ឌកម្មពីលោកខាងលិច


វិស័យភស្តុភារ (Logistic)នៅក្នុងប្រទេសរុស្ស៊ីកំពុងដំណើរការយ៉ាងរដាក់រដុប ហើយក៏នឹងអាចឈប់ដំណើរការផងដែរ ក្រោយពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ តាមរយៈការរារាំងការនាំចូលផលិតផល និងគ្រឿងបន្លាស់ ក៏ដូចជាការនាំចេញធនធានកម្រ និងគ្រាប់ធញ្ញជាតិពីរុស្ស៊ី។ ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាងលិច ចំពោះ​សកម្មភាព​លុកលុយ​របស់​ទីក្រុង​មូ​ស្គូ​មក​លើ​អ៊ុយ​ក្រែ​ន បាន​និង​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​កំពុង​តែ​ឯកោ​ពី​ពិភពលោក​ទាំងមូល។
វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង ដោយសាររងទណ្ឌកម្មពីលោកខាងលិច

អាជ្ញាធរ​គយ​នៃ​សមាជិក​សហភាព​អឺរ៉ុប​កំពុង​ហាមឃាត់​នាវា​ដឹក​ទំនិញ​ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ពី​ការ​ប្រើប្រាស់​កំពង់​ផែ​របស់​អឺរ៉ុប ជា​ពិសេស​បញ្ឈប់​ផ្លូវ​សមុទ្រ​ដែល​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​កុងតឺន័រ​ជា​ច្រើន​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​។ ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប ក៏​បាន​ប្រកាស​បិទ​ការ​ទទួល​ទិញ​ទំនិញ និង​បញ្ឈប់​ការ​ដឹក​កុងតឺន័រ​ទាំង​ទៅ និង​មក​ពី​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ក៏​រង​ផល​ប៉ះពាល់ ដោយសារ​តែ​សហភាព​អឺរ៉ុប​បាន​ហាមឃាត់​យន្តហោះ​រុ​ស្ស៊ី​មិន​ឱ្យ​ហោះហើរ​ពីលើ​ដែនអាកាស​របស់​សហភាព​អឺរ៉ុប​។ ដូច្នេះ​រុ​ស្ស៊ី​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ពឹងផ្អែក​លើ​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ឆ្លងកាត់​ស៊ី​បេ​រី និង​តាម​ផ្លូវគោក​ពី​ប្រទេស​ចិន​នោះ​ទេ​។ 

សូម​ជម្រាប​ថា ជីវភាព​រស់នៅ​របស់​ប្រជាជន​រុ​ស្ស៊ី​ចាប់ផ្តើម​រង​ផល​ប៉ះពាល់​ដោយសារ​ការ​យឺតយ៉ាវ​នៃ ការ​ដឹក​ជញ្ជូន​ទំនិញ ខណៈ​តម្លៃ​ផលិតផល​ឌី​ជី​ថ​ល​ដែល​រុ​ស្ស៊ី​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ក៏​បាន​កើនឡើង​ផង​ដែរ​។ ដូច្នេះ​កង្វះ​ទំនិញ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ នៅ​ពេល​ខាង​មុខ​នេះ​។

យ៉ាងណាមិញ កាលពី​ខែមករា​កន្លង​ទៅ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​រុ​ស្ស៊ី​នឹង​កើនឡើង ២,៨% នៅ​ឆ្នាំ​នេះ​។ តែ​ក្រោយ​ពេល​ដែល​រុ​ស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ផ្ទុះ​ជា​សង្គ្រាម ក្រុមហ៊ុន Goldman Sachs បាន​ចេញ​ការ​កែសម្រួល​ការ​ព្យាករ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​រុ​ស្ស៊ី​ពី​កំណើន​២% មក​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៧% វិញ​នៅ​ឆ្នាំ​២០២២​។

គួរ​ឱ្យ​កត់​សម្គាល់ថា ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ធនធាន​កម្រ និង​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​រុ​ស្ស៊ី​អាច​នាំ​ឱ្យ​តម្លៃ​វត្ថុធាតុដើម​កាន់តែ​ខ្ពស់ ដែល​វា​នឹង​ដាក់បន្ទុក​លើ​ក្រុមហ៊ុន និង​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក ដូច្នេះ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​ក៏​នឹង​កើនឡើង​ខ្ពស់​ដូច​គ្នា​ផង​ដែរ​៕  

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក និង IMF ព្រមានថា សេដ្ឋកិច្ចសកលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
បើទោះបីជា មិនទាន់មានការវាយតម្លៃជាក់លាក់ និងចេញរបាយការណ៍លម្អិតអំពី ផលប៉ះពាល់មកលើសេដ្ឋកិច្ចសកល ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប…

ក្រសួងពាណិជ្ជកម្មថា ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនឹងប៉ះពាល់ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រោយផ្ទុះសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែន ពិភពលោកកំពុងរង្គោះរង្គើយ៉ាងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ សម្រាប់កម្ពុជាវិញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ