អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ

អារ៉ាប៊ីសាអូឌីតព្រមានពីភាពមិនប្រាកដប្រជាក្នុងតំបន់នឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ


រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ថា ប្រទេសជិតខាងឈូងសមុទ្រអារ៉ាប់ដែលនៅក្បែរប្រទេសអ៊ីរ៉ង់នឹងមិននៅស្ងៀមនោះទេ គឺនឹងពង្រឹងសន្តិសុខរបស់ពួកគេ ប្រសិនបើទីក្រុងតេអេរ៉ង់មានអាវុធនុយក្លេអ៊ែរក្នុងដៃមែននោះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អនាគតនឹងមានភាពមិនច្បាស់លាស់ ប្រសិនបើអ៊ីរ៉ង់មាននុយក្លេអ៊ែរ!

ការចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោកធំៗ និងអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនបានចាកចេញកាលពីឆ្នាំ២០១៨ បានជាប់គាំងនៅក្នុងខែកញ្ញាកន្លងទៅនេះ។ ប្រមុខទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសថ្មីៗនេះដោយទីក្រុងតេអេរ៉ង់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននោះ។

ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើឆាកនៃឯសន្និសីទគោលនយោបាយពិភពលោកនៅទីក្រុង Abu Dhabi ថា៖ «ប្រសិនបើអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរប្រតិបត្តិការក្នុងដៃនោះ អនាគតក្នុងតំបន់នឹងមានការប្រែប្រូលយ៉ាងពិតប្រាកដ»។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតរូបនេះបានបន្ថែមថា «យើងកំពុងស្ថិតនៅស្ថានការមួយប្រកបដោយគ្រោះថ្នាក់នៅក្នុងតំបន់ ដូច្នេះហើយប្រទេសទាំងនោះនឹងសម្លឹងមើលថាតើពួកគេត្រូវធ្វើបែបណា ដើម្បីធានាបាននូវសន្តិសុខរបស់ខ្លួន»។

មែនទែនទៅ កិច្ចចរចានុយក្លេអ៊ែរត្រូវបានជាប់គាំងរវាងអ៊ីរ៉ង់ជាមួយមហាអំណាចលោកខាងលិច បន្ទាប់ពីមានការចោទប្រកាន់អ៊ីរ៉ង់ថា បានបង្កើនការទាមទារដែលមិនសមហេតុផល និងការគាំទ្ររុស្ស៊ីយ៉ាងពេញទំហឹងក្នុងសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាភាពចលាចលក្នុងស្រុកក្នុងប្រទេសអ៊ីរ៉ង់ជាដើម។

ទន្ទឹមនឹងគ្នានេះ បណ្តារដ្ឋនៅឈូងសមុទ្រអារ៉ាប់ដែលគ្រប់គ្រងដោយនិកាយអ៊ីស្លាមស៊ុននី បានជំរុញឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឱ្យកាន់តែរឹងមាំជាមួយប្រទេសអ៊ីរ៉ង់ ព្រោះវាជាកង្វល់សន្តិសុខដ៏ធំធេងរបស់ពួកគេដូចជាកម្មវិធីមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ព្រមទាំងការជួយនៅពីក្រោយក្រុមសកម្មប្រយុទ្ធជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលពីសំណាក់រដ្ឋអំណាចទីក្រុងតេអេរ៉ង់ដែលគ្រប់គ្រងដោយនិកាយស៊ីអ៊ីតនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Faisal បានសង្កត់ធ្ងន់ថា «សញ្ញានៅពេលនេះមិនមានភាពវិជ្ជមានខ្លាំងណាស់ណាទេ» ដោយអ៊ីរ៉ង់បានអះអាងថា ខ្លួនមិនមានការចាប់អារម្មណ៍លើកម្មវិធីអាវុធនុយក្លេអ៊ែរទេ ដោយថាបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួននោះ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។

បើតាមមន្ត្រីជាន់ខ្ពស់របស់អេមីរ៉ាត់អារ៉ាប់រួមម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា អាចនឹងមានឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវ «គោលបំណងទាំងមូល» នៃកតិកាសញ្ញានុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ជាមួយប្រទេសបស្ចិមលោក លុះត្រាតែភាពតានតឹងដែលលោកខាងលិចចោទថា អ៊ីរ៉ង់បានផ្គត់ផ្គត់យន្តហោះដ្រូនឱ្យរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះត្រូវបានបន្ថយកម្តៅមកវិញ។




អត្ថបទបន្ទាប់


EU ពិភាក្សាដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ និងត្រៀមផ្តល់ជំនួយថវិកាយោធាឱ្យអ៊ុយក្រែនបន្ថែមទៀត

ព័ត៌មាន
ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដោយក្នុងនោះក៏នឹងត្រៀមផ្តល់ជំនួយយោធាជាង ២ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធក្…

កត្តាអ្វីខ្លះនឹងរុញសេដ្ឋកិច្ចវៀតណាមឲ្យកើនដល់៨% នៅឆ្នាំ២០២២?

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយងើបឡើងខ្លាំងក្លាថែមទៀតផងសម្រាប់ឆ្នាំ២០២២នេះ ពោលគឺនឹងមានកំណើនដល់ទៅ ៨%ឯណោះ។ តើសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ