វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែងបើចាំត្រងភ្ញៀវពីគេ

វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង បើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាង


អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា កន្លងមកភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជាភាគច្រើនចូលតាមរយៈប្រទេសជិតខាង និងប្រទេសនៅតំបន់អាស៊ានមួយចំនួនទៀត ក្រោមសេវាទេសចរណ៍ជាកញ្ចប់។ ប៉ុន្តែនៅមួយរយៈចុងក្រោយភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជាជាកញ្ចប់ហាក់មានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាហាក់នៅមានកម្រិតបើធៀបនឹងប្រទេសក្បែរខាង។
វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែងបើចាំត្រងភ្ញៀវពីគេ
ដោយ

ជុំវិញបញ្ហានេះអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង បើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាង និងប្រទេសមួយចំនួនទៅក្នុងតំបន់អាស៊ាន។ យ៉ាងណាមិញអ្នកជំនាញលើកទឹកចិត្តឲ្យអ្នករកទទួលទានក្នុងវិស័យទេសចរណ៍គួរចេញទៅទាក់ទងភ្ញៀវទេសចរបរទេសនៅតាមប្រទេសផ្សេងៗដោយផ្ទាល់ ជាជាងចាំទទួលភ្ញៀវទេសចរពីប្រទេសដទៃ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានចាត់ទុកការចាំត្រងភ្ញៀវទេសចរពីប្រទេសដទៃ ជាពិសេសថៃ និងវៀតណាម ដែលកម្ពុជាបានអនុវត្តតាំងដើមរហូតដល់បច្ចុប្បន្ន គឺជាកំហុងឆ្គងមួយក្នុងការធ្វើទីផ្សារក្នុងវិស័យទេសចរណ៍របស់កម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើបែបនេះ វានឹងធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាបាត់បង់ភាពប្រកួតប្រជែងជាមួយប្រទេសដទៃ ជាពិសេសបាត់បង់ប្រាក់ចំណេញតែម្តង។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជាមួយចំនួនប្រកួតប្រជែងតែគ្នាឯងនៅក្នុងស្រុក មិនដែលចេញទៅប្រកួតប្រជែងទាក់ទាញភ្ញៀវទេសចរដោយផ្ទាល់ជាមួយប្រទេសដទៃនោះទេ។ កត្តានេះ គឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុចម្បងៗជាច្រើនទៀត ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជានៅមានកម្រិតតិចតួច បើធៀបនឹងប្រទេសដទៃ ជាពិសេសថៃ និងវៀតណាមតែម្តង។

បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះ កត្តាដែលធ្វើឲ្យកម្ពុជាពឹងពាក់លើការភ្ជាប់កញ្ចប់ទេសចរណ៍ជាមួយប្រទេសដទៃ គឺដោយសារកម្ពុជាខ្វះការតភ្ជាប់ជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសផ្សេងៗ ដែលជាហេតុធ្វើឲ្យជើងហោះហើរចូលមកកម្ពុជាត្រូវពឹងផ្អែកប្រទេសទីពីរមុនបន្តមកកម្ពុជា។ ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជានៅលើទីផ្សារអន្តរជាតិនៅមានកម្រិត និងកង្វះគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក៏ជាមួលហេតុមួយធ្វើឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជានៅមានកម្រិតផងដែរ។ យ៉ាងណាក៏ដោយ លោក ធួន ស៊ីណាន ស្នើឲ្យពាក់ព័ន្ធទាំងអស់ត្រូវរួបរួមនិងសហការគ្នាដោះស្រាយបញ្ហាទាំងនេះ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានផុសផុលបន្ថែមទៀត សំដៅជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសបរទេសឲ្យមកកម្សាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើន។ ជាមួយគ្នានេះ លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងទេសចរណ៍មានយុទ្ធសាស្ត្រ និងគោលនយោបាយលើកទឹកសម្រាប់ភ្ញៀវទេសចរ និងបង្កើនប្រសិទ្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ជុំវិញបញ្ហានេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកកង្វះជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ ជាពិសេសពីប៉ែកអឺរ៉ុបមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ គឺជាកត្តារាំងស្ទះចម្បងមួយក្នុងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកលើកញ្ចប់ទេសចរណ៍ជាមួយប្រទេសដទៃ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ កម្ពុជាពិតជាចង់បានណាស់ចំពោះភ្ញៀវទេសបរទេសដែលមកកម្សាន្តដោយផ្ទាល់ដោយមិនចាំពឹងផ្អែកលើប្រទេសដទៃ ហើយកន្លងកម្ពុជាបានខិតខំប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជានៅតាមប្រទេសផ្សេងៗជាច្រើនលើកច្រើនសារដែរ តែនៅតែមិនអាចទាក់ទាញភ្ញៀវទេសចរបរទេសឲ្យកម្សាន្តនៅកម្ពុជាបានច្រើន ដ្បិតភាពទាក់ទាញរបស់កញ្ចប់ទេសចរណ៍របស់កម្ពុជានៅមានកម្រិត បើធៀបនឹងកញ្ចប់ទេសចរណ៍របស់ប្រទេសដទៃ។

នៅមួយរយៈចុងក្រោយមានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជា ដោយភ្ជាប់ការប្រៀបធៀបជាមួយនឹងប្រទេសដទៃ ជាពិសេសថៃ និងវៀតណាមតែម្តង បន្ទាប់ពីចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាហាក់មានចំនួនតិចតួច បើធៀបនឹងប្រទេសក្បែរខាងកម្ពុជា។ ស្របពេលដែលថៃកំពុងមមាញឹកទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិចិនក្រោមលើកលែងទិដ្ឋការ អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្នើឲ្យរាជរដ្ឋាភិបាលមានការគិតគូបញ្ហាការលើកលែងទិដ្ឋការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលកម្ពុជាកំពុងត្រូវការសម្រាប់ស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ អ្នកជំនាញជឿជាក់ថា ចំនួនភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិនឹងមានការកើនឡើង ប្រសិនបើកម្ពុជាមានការលើកលែងទិដ្ឋការដូចអ្វីដែលថៃកំពុងអនុវត្ត។ យ៉ាងណាក៏ដោយនៅឆ្នាំ២០២៣ នេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ៥នាក់ បន្ទាប់ពីទទួលបានជាង៣លាននាក់នៅក្នុងរយៈពេល៨ខែកន្លងមកនេះ៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ វចនានុក្រមខ្មែរ ឆ្នាំ២០២២

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធ…

មេពន្ធដារថា វិស័យមួយចំនួនទោះទទួលបានការលើកលែងពន្ធ តែហាក់មិនរីកចម្រើន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលការណ៍លើកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ