វិស័យទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តកែប និងកំពត រំពឹងទាក់ទាញភ្ញៀវទេសចរបានច្រើន នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល


ប្រធានមន្ទីរទេសចរន៍ខេត្តកែប និងខេត្តកំពត សុទ្ធតែបានអះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។ ក្រៅពីត្រៀមផលិតផលនិងសេវាកម្មទេសចរណ៍ ខេត្តនៅជាប់មាត់សមុទ្រទាំងពីរ ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅក្នុងឱកាសនេះដែរ។
វិស័យទេសចរណ៍
ដោយ

មកទល់ពេលនេះ បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅខេត្តទាំងពីរចន្លោះពី៧០ទៅ៩០%ត្រូវបានភ្ញៀវទេសចរកក់រួចហើយ ខណៈខេត្តទាំងពីររំពឹងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅឆ្នាំនេះ។ ពាក់ព័ន្ធពិធីបុណ្យចូលឆ្នាំសកលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសរៀបចំតុបតែងលម្អ និងបង្កើតកម្មវិធីកម្សាន្តនានានៅតាមគោលដៅទេសចរណ៍ ក៏ដូចជារៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ និងពង្រឹងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ជឿជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ដែលនឹងចូលមកដល់នៅចុងសប្តាហ៍នេះ ខេត្តជាប់មាត់សមុទ្រមួយនេះនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើន។ ការជឿជាក់បែបនេះ ក៏ដោយសារនៅក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូកកន្លងទៅ ខេត្តនេះទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ហើយនៅក្នុងពិធីបុណ្យ សមុទ្ររយៈពេល៣ថ្ងៃ ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ ខេត្តនេះទទួលបានភ្ញៀវទេសចរប្រមាណជិត៣០ម៉ឺននាក់។ម្យ៉ាងវិញទៀត ខេត្តនេះមានឆ្នេរសមុទ្រដែលទើបអភិវឌ្ឍន៍ថ្មីៗដ៏ស្រស់ស្អាត ដែលជួយបន្ថែមសម្រស់ដល់ខេត្តនេះឲ្យកាន់តែមានភាពទាក់ទាញក្នុងការស្រូបទាញភ្ញៀវទេសចរ ស្របពេលពិធីបុណ្យចូលឆ្នាំសកលឆ្នាំនេះ ធ្វើឡើងចំពេលថ្ងៃចុងសប្តាហ៍។

បើតាមការវាយតម្លៃរបស់លោក សោម ចិន្តា មកទល់ពេលនេះមានបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូនៅក្នុងខេត្តកែប ប្រមាណ៧០%ហើយ ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កក់ ហើយលោករំពឹងថា នៅសល់ប្រមាណ៣០% នឹងទទួលបានការកក់អស់នៅថ្ងៃពិធិបុណ្យចូលឆ្នាំសកលមក ដល់។ ប្រធានមន្ទីរទេសចរូបនេះអះអាងថា អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មកទល់ពេលនេះខេត្តកែប​ បានរៀបចំផលិតផល សេវាកម្ម និងសណ្តាប់ធ្លាប់រួចរាល់ហើយ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ។ បន្ថែមលើនេះខេត្តកែបនឹងរៀបចំព្រឹត្តិការណ៍កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតរួមមាន ការប្រកួតការបង្ហោះក្លែងឯក ប្រណាំងទូកកាចាសមុទ្រ ការបង្ហោះគោម ការប្រគំតន្ត្រី និងបាញ់កាំជ្រួច។

​ជាមួយគ្នា្កនេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអះអាងថា មកទល់ពេលនេះមានបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូប្រមាណ៩០% ហើយ ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកក់សម្រាប់ត្រៀមនៅក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំនេះ។ បើតាមការលើកឡើងរបស់ប្រធានមន្ទីររូបនេះ ខេត្តកំពតមិនខុសពីខេត្តកែបនោះទេ គឺរដ្ឋបាលខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ និងកម្មវិធីជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំនៅចុងសប្តាហ៍នេះ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មកទល់ពេលនេះមានបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូប្រមាណ៩៥%ហើយ ត្រូវបានភ្ញៀវកក់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំសកលឆ្នាំនេះ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា បុណ្យចូលឆ្នាំសកលឆ្នាំនេះ ខេត្តព្រះសីហនុនឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ដោយសារខេត្តនេះមានផ្លូវល្បឿនលឿន គួបផ្សំនេះខេត្តត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តជាច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។

ពាក់ព័ន្ធពិធិបុណ្យចូលឆ្នាំសកលនៅចុងសប្តាហ៍នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអភិបាលរាជធានីខេត្តពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមគោលដៅទេសចរណ៍ឱ្យមានរបៀបរៀបរយ ជាពិសេសសម្តេចណែនាំឱ្យក្រសួងទេសចរណ៍រៀបចំតុបតែងលម្អ និងបង្កើតកម្មវិធីសប្បាយៗឱ្យបានច្រើន ដើម្បីបម្រើដល់ភ្ញៀវទេសចរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ធំបំផុត និងលក់ដាច់បំផុតរបស់ពិភពលោកក្ន…

តើវិស័យ SME កម្ពុជាមានការរីកចម្រើន និងជួបបញ្ហាប្រឈមអ្វីខ្លះនៅក្នុងឆ្នាំ២០២៣?

ព័ត៌មាន
វិស័យសហគ្រាសធុនតូច និងមធ្យម(SME)បានរួមចំណែកកាន់តែធំ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដែលមានប្រមាណ៩៨%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ