វិស័យទេសចរណ៍

សណ្ឋាគារ ផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍មួយចំនួន ត្រូវបានកក់ប្រមាណ៩០% ហើយ


មន្ត្រីទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើមបានអះអាងថា សកម្មភាពកក់បន្ទប់ស្នាក់នៅមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលថ្ងៃឈប់សម្រាកបុណ្យឆ្លងឆ្នាំសកលខិតជិតចូលមកដល់នាចុងសប្ដាហ៍នេះ។ បើតាមការរំពឹងទុករបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍ ការដើរកម្សាន្តរបស់ពលរដ្ឋក្នុងឱកាសឈប់សម្រាកនេះ អាចនឹងមានចំនួនច្រើន ស្របពេលដែលអាជ្ញាធរក៏បានរៀបចំទីតាំង និងកម្មវិធីមួយចំនួនត្រៀមស្វាគមន៍ភ្ញៀវទេសចរផងដែរ។
វិស័យទេសចរណ៍
ដោយ

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា អាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារធំៗនៅក្នុងក្រុងព្រះសីហនុ ត្រូវបានអ្នកទេសចរកក់បន្ទប់ស្នាក់នៅជាបន្តបន្ទាប់ស្ទើអស់ទៅហើយ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញរូបនេះ មកទល់ពេលនេះ បន្ទប់ស្នាក់នៅក្នុងអាជីវកម្មសណ្ឋាគារធំៗត្រូវបានកក់អស់ប្រមាណ៩៥% ប៉ុន្តែបន្ទប់ផ្ទះសំណាក់តូចៗអាចនៅមានសេសសល់មួយចំនួន ខណៈបន្ទប់ដែលនៅសេសសល់នេះក៏អាចនឹងកក់អស់ដែរ នៅពេលថ្ងៃឈប់សម្រាកចូលមកដល់។ មន្រ្តីជំនាញរូបនេះរំពឹងថា ការដើកម្សាន្តរបស់អ្នកទេសចរនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ​ អាចនឹងមានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែមានផ្លូវល្បឿនលឿន ខណៈអាជ្ញាធរក៏បានត្រៀមរៀបចំពិធីកម្សាន្តនានា និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ការពារសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ។

មិនខុសគ្នាពីខេត្តព្រះសីហនុនោះទេ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរបានរៀបចំទីកន្លែងកម្សាន្តមួយចំនួន ដើម្បីអបអរ និងស្វាគមន៍ដល់ភ្ញៀវទេសចរដែលមកលេងនៅក្នុងខេត្តមួយនេះ។ យ៉ាងណាក៏ដោយមកទល់ពេលនេះ អ្នកជំនាញរូបនេះ ពុំទាន់ទទួលបានទិន្នន័យពីការកក់បន្ទប់ស្នាក់នៅក្នុងខេត្ត ដែលសម្បូរប្រាសាទបុរាណមួយនេះនៅឡើយទេ ដោយថា កំពុងឱ្យក្រុមការងារស្រង់ទិន្នន័យនៅឡើយ​។ តែយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះកត់សម្គាល់ថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរភាគច្រើនតែងធ្វើដំណើរមកលេងខេត្តសៀមរាបចន្លោះពីថ្ងៃទី២៩ ឬថ្ងៃទី៣០ ខែធ្នូ។

ពាក់ព័ន្ធនឹងពិធីបុណ្យឆ្លងឆ្នាំសកលនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអភិបាលរាជធានី ខេត្ត ទូទាំងប្រទេស ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់​ធ្នាប់សាធារណៈ និងពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលអសន្តិសុខក្នុងសង្គម ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវរៀបចំលម្អទីតាំងសប្បាយៗឱ្យបានច្រើនបម្រើជូនដល់ភ្ញៀវទេសចរផងដែរ។

ពាក់ព័ន្ធនឹងវិស័យសណ្ឋាគារនេះដែរ អ្នកជំនាញវិស័យទេសចរណ៍បានឱ្យដឹងថា នៅក្នុងអំឡុងខែ១១ ឆ្នាំ២០២៣នេះ កំណើនតម្រូវការបន្ទប់ស្នាក់នៅមានការកើនឡើងជាងមុនគួរឲ្យកត់សម្គាល់ ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានអំពីការងើបឡើងវិញនៃវិស័យនេះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជាកៀរគរទុនវិនិយោគបានជិត៣៦០លានដុល្លារ ក្រោយមានក្រុមហ៊ុនចំនួន២២បានចុះបញ្ជី

ព័ត៌មាន
ទោះបីវិបត្តិសេដ្ឋកិច្ចសកលបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យមូលបត្រកម្ពុជានៅតែបន្តដំណើរការយ៉ាងសកម្មជាមួយកំណើនក្រុ…

ប្រទេសថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណានៅឆ្នាំក្រោយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា ប្រទេសថៃ នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីរបស់ខ្លួននៅខែមករា ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ