វិស័យទេសចរណ៍

ក្រុមអ្នកជំនាញរំពឹងថាវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២៤ នឹងប្រសើរឡើងវិញ តែអាចបន្តរងឥទ្ធិពលពីវិបត្តិសកលនានា


អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅរយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យទេសចរណ៍នៅកម្ពុជា ហាក់មិនមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ប៉ុន្មាននោះទេ ប៉ុន្តែក្រុមអ្នកជំនាញនៅតែមានគំនិតសុទិដ្ឋនិយមចំពោះវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២៤។ ទោះបីយ៉ាងនេះក្តី បើក្រឡែកមើលសន្ទុះនៃភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានៅមួយរយៈចុងក្រោយនេះ ហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។
វិស័យទេសចរណ៍
ដោយ

ជាក់ស្ដែង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ១លាន៣សែននាក់កើនឡើងជាង៧៧% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ក្រុមអ្នកជំនាញបង្ហាញក្ដីរំពឹងថា វិស័យទេសចរណ៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ នឹងប្រសើរឡើងវិញ ប៉ុន្តែក្រុមអ្នកជំនាញបារម្ភភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកអាចបន្តជះឥទ្ធិពលដល់ទេសចរណ៍របស់កម្ពុជា។

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទនេះ វិស័យទេសចរណ៍កម្ពុជា កំពុងតែស្ថិតក្នុងស្ថានភាព នៃការស្ដារឡើងវិញ បន្ទាប់ពីវិស័យនេះបានរងគ្រោះខ្លាំងដោយសារវិបត្តិសកលនានា ពោលគឺរហូតមកដល់ពេលនេះចលនាទេសចរក្នុងស្រុក ហាក់មានការរីកលូតលាស់លឿនជាងចលនាទេសចរពីខាងក្រៅ។ បើតាមមន្រ្តីទេសចរណ៍រូបនេះ ចរន្តនៃទេសចរបរទេសដែលបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ហាក់ទើបមានការងើបឡើងវិញក្នុងរង្វង់ ៨០% ប៉ុណ្ណោះ បើធៀបទៅនឹងមុនពេលមានវិបត្តិកូវីដ-១៩។ យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍នៅតែរំពឹងថា វិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤ នឹងអាចងើបឡើងវិញ ដូចអំឡុងមុនពេលកើតមានវិបត្តិកូវីដ-១៩ ខណៈរយៈពេលពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងអាចទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាន៤សែននាក់។

ស្រដៀងគ្នានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កត់សម្គាល់ឃើញថា នៅពេញមួយឆ្នាំ២០២៣ វិស័យទេសចរណ៍កម្ពុជា ហាក់មិនសូវមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ប៉ុន្មាននោះទេ ពោលគឺភាពប្រសើរឡើងវិញនៃវិស័យនេះ នៅតែពឹងផ្អែកលើស្ថានភាពរបស់ពិភពលោក។ សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ ដរាបណាស្ថានភាពពិភពលោកមិនមានភាពច្បាស់លាស់ ពោលគឺនៅតែបន្តកើតមានវិបត្តិជាបន្តបន្ទាប់នោះ វិស័យទេសចរណ៍កម្ពុជានៅតែរងផលប៉ះពាល់។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោក ធួន ស៊ីណាន បានបង្ហាញក្ដីរំពឹងថា វិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤ នឹងអាចប្រសើរឡើងវិញ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការជួយស្ដារ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាពេញមួយឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ហាក់មិនសូវប្រែប្រួលខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ស្ថានភាពវិស័យទេសចរណ៍កម្ពុជា ហាក់ចាប់ផ្ដើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់។ បើតាមអ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ មិនមែនសម្រាប់តែវិស័យទេសចរណ៍កម្ពុជានោះទេ ដែលរងផលប៉ះពាល់ និងមិនសូវទទួលបានភ្ញៀវទេសចរអន្តរជាតិ ពោលគឺវិស័យទេសចរណ៍នៅប្រទេសក្បែរខាងកម្ពុជា ដូចជាប្រទេសថៃ និងវៀតណាម ក៏ជួបបញ្ហាប្រឈមដូចគ្នាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ សម្រាប់លោក លី សុដេត ដ្បិតស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៣ មិនសូវបង្ហាញសញ្ញាណវិជ្ជមានខ្លាំង ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤ នឹងប្រសើរឡើងវិញ។ ការអះអាងរបស់អ្នកសេដ្ឋកិច្ចជាន់ខ្ពស់បែបនេះ ដោយសារលោកមើលឃើញថា នៅរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរចូលមកកម្សាន្តនៅកម្ពុជា កាន់តែមានកំណើន ជាពិសេស នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប តែម្ដង។

ស្រដៀងគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីកន្លងមក វិស័យសេដ្ឋកិច្ចកម្ពុជា បន្តរងផលប៉ះពាល់ដោយសារវិបត្តិសកលនានាក្តី ប៉ុន្តែលោករំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តភាពរឹងមាំ ដោយសារការចូលរួមចំណែកពីវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។ អ្នកជំនាញរូបនេះមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤ នឹងមានភាពប្រសើរជាងឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត៥លាននាក់ មានការកើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ហើយបើធៀបទៅនឹងរយៈពេលដូចគ្នានៅមុនវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា មានការងើបឡើងវិញក្នុងរង្វង់ ៨០%ហើយ។ កំណើននេះ គឺដោយសារភ្ញៀវទេសចរអន្តរជាតិ ដែលបានបង្វែរទិសពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីបញ្ចៀសពីផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងការដាក់ចេញវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់យន្តការគ្រប់គ្រងផលប៉ះពាល់ និងបន្តគាំទ្រដល់វិស័យទេសចរណ៍។ នេះបើតាមរបាយការណ៍ដែលក្រសួងទេសចរណ៍ផ្ដល់ឲ្យសារព័ត៌មាន ខេមបូណូមីស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរខ្មែរប្រតិកម្មនិងកំពុងចាត់នីតិវិធីលើក្រុមហ៊ុនមួយចំនួននៅអាម៉េរិកដែលប្រើរូបប្រាសាទបុរាណខ្មែរលើសំបកវេចខ្ចប់ផលិតផល

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងចាត់វិធានការផ្លូវលើក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកមួយ បន្ទាប់…

ការស្រាវជ្រាវរបស់ AMRO៖ កម្ពុជាត្រូវការការស្តារហិរញ្ញវត្ថុ និងកំណែទម្រង់រចនាមសម្ព័ន្ធ ដើម្បីជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តលើផ្លូវស្ទុះងើបឡើងវិញជាលំដាប់។ ការស្ទុះងើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ