វិស័យSME

តើវិស័យ SME កម្ពុជាមានការរីកចម្រើន និងជួបបញ្ហាប្រឈមអ្វីខ្លះនៅក្នុងឆ្នាំ២០២៣?


វិស័យសហគ្រាសធុនតូច និងមធ្យម(SME)បានរួមចំណែកកាន់តែធំ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដែលមានប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេស និងរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)។ ទោះបីបច្ចុប្បន្នវិស័យនេះមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែក៏នៅមានភាពទន់ខ្សោយ និងជួបបញ្ហាប្រឈមមួយចំនួននៅឡើយ ជាពិសេសទាក់ទងនឹងបញ្ហាខ្វះប្រភពទុន ខ្វះភាពប្រកួតប្រជែង និងការហូរចូលទំនិញពីទីផ្សារពីខាងក្រៅជាដើម។
វិស័យSME
ដោយ

ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅក្នុងវិស័យ SME កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះវិស័យ SME ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ក្រុមអ្នកជំនាញ ក៏បានបង្ហាញគំនិតសុទិដ្ឋិយមសម្រាប់ឆ្នាំ២០២៤ ខាងមុខ ថាវិស័យ SME កម្ពុជា នឹងកាន់តែល្អប្រសើរ និងរួមចំណែកកាន់តែធំក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ឃើញថា វិស័យ SME កាន់តែរីកចម្រើន និងដើរតួនាទីកាន់តែសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ជាក់ស្តែងបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេសកម្ពុជា ដោយបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប។ បើតាមការកត់សម្គាល់របស់ឯកឧត្តម ហេង សុគង់ នៅពេញមួយឆ្នាំ២០២៣ វិស័យ SME នៅកម្ពុជា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ពោលគឺវិស័យនេះបានជួបបញ្ហាប្រឈមផង និងឱកាសផង។ ការខ្វះដើមទុន គួបផ្សំនឹងការខ្វះចំណេះដឹង នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមគ្នាបន្ត និងជំរុញការដោះស្រាយ និងលើកកម្ពស់វិស័យ SME កម្ពុជាបន្តទៀត។

ជាក់ស្ដែង កន្លងមករាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្ដល់កម្ចីជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់វិស័យ SME នៅកម្ពុជា។ លើសពីនេះ កាលពីពេលថ្មីៗ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ធនាគារទាំងអស់នៅកម្ពុជា បន្តផ្ដល់ឥណទានដល់វិស័យ SME សំដៅរួមចំណែកជួយលើកកម្ពស់ និងលើកទឹកចិត្តបន្ថែមទៀតដល់វិស័យ​ SME នៅកម្ពុជា។

ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាលមានការជួយជ្រោមជ្រែងកាន់តែខ្លាំង ក្នុងការជួយដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យវិស័យនេះ ហាក់មានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។ ក្រោយទទួលបានទទួលការជួយពីរាជរដ្ឋាភិបាល បញ្ហាប្រឈមមួយចំនួនក្នុងវិស័យនេះ ហាក់ចាប់ផ្ដើមធូរស្បើយ ពិសេសទាក់ទិននឹងបញ្ហាទីផ្សារតែម្ដង។ តែយ៉ាងណា វិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងពីការធ្វើអាជីវកម្មរបស់ម្ចាស់អាជីវកម្មមួយចំនួននៅមានកម្រិត និងបញ្ហាដើមទុនជាដើម។ លើសពីនេះ អ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់ SME កម្ពុជានោះ គឺការបន្តហូរចូលនូវផលិតផលសម្រេចពីខាងក្រៅ តែម្ដង ពិសេសផលិតផលដែលកម្ពុជាមានលទ្ធភាពផលិតដោយខ្លួនឯង។

យ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកជំនាញនៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ថា វិស័យ SME កម្ពុជានៅឆ្នាំ២០២៤ខាងមុខ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣ ហើយវានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ សហគ្រាសធុនតូច និងមធ្យមប្រភេទកម្មន្តសាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រមាណ៤ម៉ឺន៤ពាន់មូលដ្ឋាន និងបានបង្កើតការងារសរុបជាង៤១ម៉ឺន កន្លែង។ ក្នុងនោះ កំណើន SME ដែលចុះបញ្ជីថ្មីមានប្រមាណ១ពាន់មូលដ្ឋាន និងអាចបង្កើតការងារបន្ថែមជាង១ម៉ឺននាក់។ ដោយឡែក ចំពោះ SME ដែលរងផលប៉ះពាល់ខ្លាំង និងឈានដល់ការបិទអាជីវកម្មនោះមានចំនួនជាង៧០០សហគ្រាស។ សូមបញ្ជាក់ថា វិស័យ SME បានបែងចែកជា៤ផ្នែក រួមមានផ្នែកកម្មន្តសាល កសិកម្ម សេវាកម្ម និងឧស្សាហកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរទេសចរណ៍ខេត្តកែប និងកំពត រំពឹងទាក់ទាញភ្ញៀវទេសចរបានច្រើន នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល

ព័ត៌មាន
ប្រធានមន្ទីរទេសចរន៍ខេត្តកែប និងខេត្តកំពត សុទ្ធតែបានអះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងថ្ងៃឈប់សម្រា…

ឡាវ រៀបចំមាគ៌ាសម្រាប់កំណើននៅឆ្នាំ២០២៤ ដោយផ្តោតលើទេសចរណ៍ ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ព័ត៌មាន
ខណៈដែលឆ្នាំ២០២៣ ជិតកន្លងផុត ប្រទេសឡាវ នៅតែបន្តប្រឈមបញ្ហាសេដ្ឋកិច្ចរួមទាំងការកើនឡើងអតិផរណា កង្វះកម្លាំងពលកម្ម និងឱនភាពពាណិជ្ជកម្មដែលរីកកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ