ដែនអាកាសអ៊ីស្រាអែល

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកហោះហើរត្រង់ទៅអ៊ីស្រាអែលភ្លាមៗ


ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបង្ខំចិត្តលុបចោលជើងហោះហើរត្រេង់ទៅកាន់ប្រទេសអ៊ីស្រាអែលភ្លាមៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសនៅប៉ាឡេស្ទីន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងទីក្រុងមួយចំនួននៅប្រទេសអ៊ីស្រាអែល ក្នុងពេលថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក CNN។
ដែនអាកាសអ៊ីស្រាអែល
ដោយ

គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី៧ ខែតុលា ជើងហោះហើរប្រហែល១៦% ត្រូវបានលុបចោល ហើយ២៣%ទៀតត្រូវបានពន្យារពេលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ បេនហ្គូរៀន (Ben Gurion) ដែលស្ថិតនៅជាយទីក្រុងតេអាវី (Tel Aviv) និងជាមជ្ឈមណ្ឌលអន្តរជាតិ របស់ប្រទេសអ៊ីស្រាអែល។

ជើងហោះហើរមួយចំនួនដែលហោះត្រង់ទៅអ៊ីស្រាអែល ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតនៅជុំវិញពិភពលោក។ បើតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរលេខ៩៥៤របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីយប់ថ្ងៃសុក្រ ទី៦ ខែតុលា ដោយសំដៅទៅអ៊ីស្រាអែល ប៉ុន្តែក៏បានបង្វែរទិសទៅកាន់ទីក្រុង Greenland នៅប្រទេសដាណឺម៉ាក ហើយក្រោយមកជើងហោះហើរនេះ ក៏បានត្រឡប់ទៅទីក្រុង San Francisco វិញ។

ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពរបស់អតិថិជន និងអាកាសយានិកនាវិករបស់ពួកគេ គឺជាអាទិភាពចម្បង ហើយពេលនេះពួកគេកំពុងតាមដានស្ថានការណ៍នៅអ៊ីស្រាអែលយ៉ាងដិតដល់ ខណៈដែលពួកគេកំពុងកែសម្រួលកាលវិភាគហោះហើរតាមការចាំបាច់ឡើងវិញ។

ទិន្នន័យរបស់គេហទំព័រ FlightAware ក៏បានបង្ហាញដែរថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និងក្រុមហ៊ុន American Airlines បានលុបចោលជើងហោះហើរទៅកាន់អ៊ីស្រាអែលទាំងអស់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលគ្រោងនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ក្រៅពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់លូហ្វថានសា (Lufthansa) ក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ពួកគេនឹងកាត់បន្ថយការហោះហើរភាគច្រើនទៅកាន់ទីក្រុងតេអាវីរបស់អ៊ីស្រាអែល។

អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែស្ថានភាពសន្តិសុខបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីស្រាអែល ដូច្នេះហើយក្រុមហ៊ុនអាកាសចរណ៍ លូហ្វថានសា អ៊ែរឡាញ (Lufthansa Group Airlines) បានកាត់បន្ថយជើងហោះហើររបស់ខ្លួនទាំងទៅ និងមកពីទីក្រុងតេអាវីកាលពីថ្ងៃសៅរ៍។

អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍នេះបានសរសេរថា ពួកគេកំពុងតាមដានស្ថានការណ៍សន្តិសុខយ៉ាងដិតដល់នៅប្រទេសអ៊ីស្រាអែល និងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះសុវត្ថិភាពរបស់ភ្ញៀវ និងសមាជិកអាកាសយានិករបស់ពួកគេគឺជាអាទិភាពចម្បង ដែលក្រុមហ៊ុននេះត្រូវគិតគូរបំផុត។

សារព័ត៌មានវ៉ាឡា (Walla) របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនអាកាសចរណ៍ស្វីស Swiss Air និងក្រុមហ៊ុនអាកាសចរណ៍អូទ្រីស Austrian Airlines ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើររបស់ពួកគេទាំងទៅនិងមកពីប្រទេសអ៊ីស្រាអែល។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អ៊ីស្រាអែល អែល អាល់ (El Al) បាននិយាយថា អតិថិជន អាចផ្អាកឬលុបចោលជើងហោះហើរដោយមិនគិតថ្លៃ និងបានបង្កើតខ្សែទូរស័ព្ទបន្ទាន់សម្រាប់អតិថិជនណាដែលចង់ផ្លាស់ប្តូរជើងហោះហើររបស់ពួកគេផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែលពង្រាយទ័ពជាង១០ម៉ឺននាក់ សម្រាប់សង្គ្រាមជាមួយហាម៉ាស នៅ Gaza

ព័ត៌មាន
មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ក៏ដូចជាប៉ាឡេស្ទីន ដែលជម្លោះប្រដាប់អាវុធរវាងកងទ័ពអ៊ីស្រាអែល និងការវាយឆ្លក់ប្រហារពីក្រុមជ្រុលនិ…

តើមេដឹកនាំប្រទេសធំៗលើពិភពលោកមានការប្រតិកម្មយ៉ាងណាចំពោះសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស?

ព័ត៌មាន
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសជាផ្លូវការពីការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ និងបានផ្តល់ភ្លើងខៀវសម្រាប់ចំណាត់ការយោធា ដើម្បីស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ