កូរ៉េខាងត្បូង-កូរ៉េខាងជើង

កូរ៉េខាងត្បូងបារម្ភកូរ៉េខាងជើងប្រើយុទ្ធសាស្ត្រដូចក្រុមហាម៉ាស វាយប្រហារលើខ្លួន


ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារចូលព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ បានធ្វើឱ្យអ្នកនយោបាយកូរ៉េខាងត្បូង និងប្រមុខការពារជាតិ ទាញការប្រៀបធៀប និងបារម្ភខ្លាចកូរ៉េខាងជើង ដែលជាប្រទេសគូសត្រូវប្រើតាក់ទិច និងយុទ្ធវិធីបែបនេះវាយប្រហារលើកូរ៉េខាងត្បូងដែរ។ យ៉ាងណាក៏ដោយ អ្នកវិភាគ និងអ្នកតានដានក្នុងស្រុកមានទស្សន និងការលើកឡើងផ្សេងៗពីគ្នា ដោយខ្លះថា ការវាយប្រហារពីសំណាក់ទីក្រុងព្យុងយ៉ាង គឺសាហាវជាងហាម៉ាសរាប់ដងឯណោះ។
កូរ៉េខាងត្បូង-កូរ៉េខាងជើង
ដោយ

កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានរៀបចំពិធីជប់លៀងមួយទទួលរដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក Lloyd Austin នៅផ្ទះរបស់លោកសម្រាប់អាហារពេលល្ងាច លោក យ៉ូន បានជំរុញឱ្យលោក អូស្ទីន មានការប្រុងប្រយ័ត្នចំពោះការវាយប្រហារណាមួយរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលស្រដៀងនឹងយុទ្ធសាស្ត្រ ដែលហាម៉ាសបានធ្វើទៅលើអ៊ីស្រាអែល។

កាលពីខែមុន ប្រធានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ប្រសិនបើទីក្រុងព្យុងយ៉ាង ត្រូវធ្វើសង្រ្គាមលើកូរ៉េខាងត្បូង នាពេលអនាគតនោះ មានភស្តុតាងបង្ហាញថា គេអាចនឹងធ្វើតាមគំរូស្រដៀងគ្នាទៅនឹងការវាយឆ្មក់របស់ហាម៉ាស។ ប៉ុន្តែ តើនេះពិតជាសេណារីយ៉ូគ្រោះថ្នាក់ ដែលកូរ៉េខាងត្បូងគួរព្រួយបារម្ភមែន ឬក៏ជាលេសរបស់អ្នកនយោបាយ ក៏ដូចជារដ្ឋាភិបាលក្នុងការបង្កើនវិស័យយោធា និងបង្កើនកម្តៅភាពតានតឹងជាមួយកូរ៉េខាងជើង?

អ្នកវិភាគខ្លះបានលើកឡើងថា ខណៈពេលដែលក្រុមហាម៉ាស បានបាញ់រ៉ុក្កែតចំនួន៥ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា កាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាងអាចបាញ់បានប្រហែល១ម៉ឺន៦ពាន់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

ប៉ុន្តែដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ទីក្រុងសេអ៊ូល កំពុងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលស្រដៀងទៅនឹងប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលដែរ។ មួយវិញទៀត ដូចអ្វីដែលក្រុមហាម៉ាស បានធ្វើនៅហ្គាហ្សា កូរ៉េខាងជើងក៏អាចនឹងកំពុងសាងសង់បណ្តាញផ្លូវរូងក្រោមដីនៅក្រោមតំបន់គ្មានយោធា (DMZ) រវាងព្រំដែនប្រទេសទាំងពីរ ដើម្បីស្តុកទុកអាវុធក្នុងការប្រើប្រាស់សម្រាប់ការលុកលុយណាមួយ។

យ៉ាងណាមិញ យោងតាមអ្នកជំនាញផ្នែកសន្តិសុខបាននិយាយថា គោលដៅធំរបស់ព្យុងយ៉ាង គឺលែងនៅព្រំដែនទៀតហើយ តែធ្វើយ៉ាងណាកម្ទេចរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងតែម្តង។ បើតាមលោក Hong Min នាយកស្រាវជ្រាវកូរ៉េខាងជើងនៅវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិបានឱ្យដឹងថា ខណៈដែលក្រុមហាម៉ាសពឹងផ្អែកជាចម្បងលើគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លី កូរ៉េខាងជើងមានមីស៊ីលរយៈចម្ងាយឆ្ងាយ និងធំជាងហាម៉ាសរាប់សិបដង រួមទាំងកាំភ្លើងធំ។ ដូច្នេះសមត្ថភាពវាយប្រហាររបស់ព្យុងយ៉ាង គឺហួសឆ្ងាយណាស់បើធៀបនឹងហាម៉ាស។

ដោយឡែក បើយោងតាមលោក Cho Seong Ryul អតីតទីប្រឹក្សាការពារជាតិរបស់រដ្ឋាភិបាល និងបច្ចុប្បន្នជាសាស្ត្រាចារ្យសិក្សាយោធាមានការយល់ឃើញផ្ទុយពីនេះ ដោយថា កូរ៉េខាងជើងនឹងគ្មានហេតុផលណាប្រើតាក់ទិចដូចហាម៉ាសនោះទេ។ លោក Cho ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងបានផ្តោតលើការអភិវឌ្ឍន៍ និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែ​ ក្នុងការបង្កើតមីស៊ីលផ្លោង រយៈចម្ងាយខ្លី ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ។

លោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងជាប្រទេសអធិបតេយ្យមួយ ដែលមានកងទ័ព និងអាវុធនុយក្លេអ៊ែរបស់ខ្លួន ហើយព្យុងយ៉ាង ក៏មិនចង់ធ្វើសង្រ្គាមនៅពេលនេះដែរ។ ព្រោះថា កូរ៉េខាងត្បូង និងអាម៉េរិកបានបញ្ជាក់ម្តងហើយម្តងទៀតយ៉ាងច្បាស់ថា ការវាយប្រហារណាមួយលើកូរ៉េខាងត្បូងនឹងនាំទៅដល់ការបញ្ចប់នៃរបបលោក គីម ជុងអ៊ុន ហើយអាទិភាពកំពូលរបស់លោក គីម គឺការបន្តអាយុកាលនៃរបបដឹកនាំបែបផ្តាច់ការនៅកូរ៉េខាងជើងតទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រសើរ?

ព័ត៌មាន
ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនបណ្តាក់ទុន និងជាធនាគារដ៏ធំរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រស…

ការលក់អចលនទ្រព្យនៅចិនបន្តធ្លាក់ចុះ កំពុងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចកាន់តែមិនច្បាស់លាស់

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធនេះថា ការលក់អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុននៅក្នុងខែតុលា ហើយការវិនិយោគលើអចលនទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ