គម្រោងវារីអគ្គិសនី

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើតម្លៃជិត៤០០លានដុល្លារ សម្រេចបានការសាងសង់ជាង៣១%


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានទុនវិនិយោគជិត៤០០លានដុល្លារ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង សម្រេចការសាងសង់បានជាង៣១% ហើយគិតមកទល់ពេលនេះ។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុននេះក្នុងទីតាំងនៃគម្រោងវារីអគ្គិសនី ដែលកំពុងសាងសង់នេះ គឺមានលក្ខណៈភូមិសាស្ត្រអំណោយផល អាចអភិវឌ្ឍន៍បង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក ក្នុងអានុភាព១ពាន់មេហ្គាវ៉ាត់ ដែលអាចជួយដល់ការបង្កើនលទ្ធភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតនៅកម្ពុជាផងដែរ។
គម្រោងវារីអគ្គិសនី
ដោយ

នាពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ស្ទឹងតាតៃបាន ផ្តល់​សក្តានុពលចំនួនពីរចំពោះគម្រោងវារីអគ្គិសនីនៅកម្ពុជា ក្នុងនោះគឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃ២៤៦មេហ្កាវ៉ាត់ ដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានដល់ក្រុមហ៊ុន CHMC វិនិយោគ និងបានដាក់ឱ្យដំណើរការតាំងពីខែធ្នូ ឆ្នាំ២០១៥ រួចមកហើយ ខណៈសក្តានុពលមួយទៀតនោះគឺគម្រោងស្ទឹងតាតៃលើទំហំ១៥០មេហ្កាវ៉ាត់ ដែលកំពុងសាងសង់ថ្មីបន្ថែមនេះ។

តាមការអះអាងរបស់ ឯកឧត្តម កែវ រតនៈ គិតមកទល់ពេលនេះ គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ សម្រេចបានការសាងសង់ជាង៣១%ហើយ ដោយគម្រោងនេះត្រូវបានធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (BOT) ដោយក្រុមហ៊ុនចិន CHMC ក្នុងទំហំវិនិយោគសរុបចំនួនជិត៤០០លានដុល្លារ និងមានរយៈពេលសម្បទានចំនួន៣៩ឆ្នាំ ដោយក្នុងនោះ៤ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម ហើយសម្រាប់បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំពីគម្រោងនេះ គឺត្រូវលក់ឱ្យអគ្គិសនីកម្ពុជាជាមធ្យមចំនួន ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ទៀតថា គម្រោងវារីអគ្គិសនីតាតៃលើនេះ គឺប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹកចំនួន២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ សម្រាប់ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។

តាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងទីតាំងនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលកំពុងសាងសង់នេះ ក្រុមហ៊ុនសាងសង់បានសិក្សាស្រាវជ្រាវ និងរកឃើញថា ក្នុងទីតាំងនេះមានលក្ខណៈភូមិសាស្ត្រអំណោយផល អាចអភិវឌ្ឍបង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក ក្នុងអានុភាព ១ពាន់ មេហ្គាវ៉ាត់ ដែលអាចជួយដល់ការបង្កើនលទ្ធភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតនៅ កម្ពុជាផងដែរ។

ដ្បិតការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់នេះ អាចឱ្យកម្ពុជាមានលទ្ធភាពបង្កើនប្រភពថាមពលកកើតឡើងវិញជាអតិបរមា និងឈានដល់ការពិនិត្យលទ្ធភាពធ្វើ ពាណិជ្ជកម្មថាមពលកកើតឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅពេលអនាគតផងដែរ។

សូមបញ្ជក់ដែរថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួនជាង ៤ពាន់២រយ មេហ្គាវ៉ាត់ ក្នុងនោះចំនួនជាង ៣ពាន់១រយ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៧៣% គឺជាប្រភពអគ្គិសនីដែលបានពីការអភិវឌ្ឍក្នុងស្រុក ហើយចំនួនជាង ១ពាន់១រយ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ២៦% ទៀតជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនសង់វារីអគ្គិសនីតាមទន្លេមេគង្គ និងបញ្ឈប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែរក្សាជំហរមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយទន្លេមេគង្គ ដើម្បីបញ្ចៀសផលប៉…

ក្រុមហ៊ុន CPL រំពឹងការចាប់ដៃគ្នាជាមួយក្រុមហ៊ុនមកពីឥណ្ឌា ជួយរួមចំណែកស្តារទីផ្សារអចលនទ្រព្យនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CPL បានចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមហ៊ុនអចលនទ្រព្យ Womeki Investors Club Private Limited មកពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ