ការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប

ការស៊ើបអង្កេតរបស់ស៊ុយអែតបង្ហាញថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប កើតចេញពីការបំផ្ទុះ


សេវាសន្តិសុខរបស់ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃទី ៦ខែតុលាថា ការស៊ើបអង្កេតលើករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន ណដស្ទ្រីមទី១ និងទី២ (Nord Stream) តភ្ជាប់ពីប្រទេសរុស្ស៊ីទៅតំបន់អឺរ៉ុបនោះ បានរកឃើញភស្តុតាងនៃការបំផ្ទុះចំនួន ៤ កន្លែង ដែលបានធ្វើឱ្យមានការសង្ស័យកាន់ខ្លាំងឡើងចំពោះ«ការបំផ្លិចបំផ្លាញដោយចេតនាទាំងស្រុង» ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ការស៊ើបអង្កេតការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប

អាជ្ញាធរប្រទេស​ស៊ុយអែត និងដាណឺម៉ាក​បាននិងកំពុង​ស៊ើបអង្កេត​ការលេចធ្លាយ​ចំនួន​៤កន្លែង​នៅ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream ទី១ និងទី២ ​បន្ទាប់​ពី​បំពង់​បង្ហូរឧស្ម័នទាំងពីរនេះ ​បានរង​ការ​ខូចខាតកាល​ពី​​ដើម​សប្តាហ៍​មុន​នេះ​ ហើយ​បញ្ហា​លេច​ធ្លាយ​បំពង់ ​ដែល​បាន​​​តភ្ជាប់ពី​​ប្រទេស​រុស្ស៊ីទៅ​ប្រទេស​អាល្លឺម៉ង់​​តាមសមុទ្រ​បាល់​ទិក​នេះ​ ​បាន​ក្លាយ​​ជាចំណុចក្ដៅ​គគុក​មួយរវាង​អឺរ៉ុប និងរុស្ស៊ី ជុំវិញវិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​។

សេវា​សន្តិ​សុខ​ស៊ុយ​អែត​​​កំពុងតែ​​ស៊ើបអង្កេត​រក​មូលហេតុ ​ដែល​បណ្តាល​ឱ្យ​មានការ​បែកធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​នេះ ​​ខណៈ​ដែល​​ក្រុង​ម៉ូស្គូកំពុង​​​ខំ​ប្រឹង​ទម្លាក់​កំហុស​នេះ​​ទៅ​លើ​បស្ចិម​​លោក​​ដោយ​​រុស្ស៊ី​បាន​អះ​អាង​​​ថា ​​សហរដ្ឋអាមេរិក​​ជាអ្នក​​ទទួល​បាន​​ផលប្រយោជន៍ពីរឿងនេះ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​​បាន​បដិ​សេធ​ពី​​ការ​ជាប់​ពាក់ព័ន្ធណា​មួយ​នៅ​ក្នុង​រឿង​នេះ​។

សេវាសន្ដិសុខ​របស់ស៊ុយអែត​ ​​បានបញ្ជាក់ទៀត​ថា បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្មនេះ​ហើយ​ គេ​អាចធ្វើ​ការ​សន្និដ្ឋានបាន​ថា គឺ​ពិត​ជា​មានការបំផ្ទុះនៅបំពង់​បង្ហូរ​ឧស្ម័ន​ ណដស្ទ្រីម​ទី​១​និង​២​នៅក្នុងតំបន់សេដ្ឋកិច្ចរបស់​ប្រទេស​ស៊ុយអែតប្រាកដមែន​។

សេវាសន្តិសុខនេះ​បានបន្ថែមថា មានការបំផ្លិច​បំផ្លាញ​យ៉ាងធ្ងន់​ធ្ងរដល់បំពង់​បង្ហូរឧស្ម័ន​​ទាំង​២​ខ្សែ​នេះ​ ហើយពួកគេ​​បានស្រង់​យកសម្ភារៈមួយចំនួនពីកន្លែង​នោះ ​ដើម្បី​ទៅ​ធ្វើ​វិភាគ​កំណត់​ភស្តុតាង​បន្ថែម​ទៀត ​ខណៈ​ដែល​ភស្តុតាង​ទាំង​នេះ​​បានបង្កើន​ការសង្ស័យ​កាន់​តែ​ខ្លាំងថា ការ​ធ្លាយ​បំពង់​ឧស្ម័ន​នេះ ​គឺពិត​ជា​ការបំផ្លិចបំផ្លាញដោយ​ចេតនា​​ទាំង​ស្រុង​តែ​ម្ដង។

អ្នកនាំពាក្យកងទ័ពជើងទឹកស៊ុយអែតលោក ជីមី អាដាមសុន (Jimmie Adamsson)​ បាននិយាយថា ការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម​ ​ដែលធ្វើឡើងដោយឆ្មាំសមុទ្រ និងកងទ័ព​ជើងទឹក​របស់​ប្រទេស​​ស៊ុយអែតនេះ​ គឺ​អាច​មានពាក់ព័ន្ធនឹងយាន​យន្ត​គ្មានមនុស្សបើក ហើយលោក​បាន​បន្ថែម​ថា បំពង់​ទាំង​២​នេះស្ថិត​នៅជម្រៅ​ ៧០ទៅ​៨០​ម៉ែត្រ ​ដូច្នេះ​ហើយមាន​តែ​យាន​យន្ត​​​​គ្មាន​មនុស្ស​បើកនៅ​ក្នុង​ទឹក​​តែ​ប៉ុណ្ណោះ ទើបអាចបំផ្ទុះវាបាន​។​

ប្រទេស​រុស្ស៊ីបាននិយាយថា ប្រទេស​នេះ​បាន​​ទទួល​​​ដំណឹងតាមរយៈបណ្តាញការទូត​ថា ខ្លួន​​មិនអាចចូលរួមក្នុងការស៊ើបអង្កេតនេះបានទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov)​ បានប្រាប់អ្នកយកព័ត៌មានថា រហូតមកដល់ពេលនេះ​ ប្រទេស​រុស្ស៊ី​មិន​ទាន់​ទទួល​បាន​ផែន​ការ​ណា​​មួយ​ ដែល​​ស្នើសុំ​ឱ្យភាគីរុស្ស៊ី​ចូ​លរួមក្នុង​ការស៊ើបអង្កេត​នេះ​នៅឡើយ​ទេ ដោយ​លោក​បន្ថែមថា ទីក្រុងម៉ូស្គូសូម​ប្រាប់​ទៅវិញ​ថា វា​មិនអាចធ្វើការស៊ើបអង្កេតដោយ​គ្មានការចូលរួម​ពីភាគី​​រុស្ស៊ី​បាន​ឡើយ​៕​

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ធនាគារនៅថៃបន្ដដំឡើងអត្រាប្រាក់បន្ថែម នឹងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសនេះដែរឬទេ?

ព័ត៌មាន
ធនាគារពាណិជ្ជធំៗក្នុងប្រទេសថៃបានប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលដល់ទៅពីរលើកជាប់ៗគ្នារបស់ធនាគ…

ស្រីលង្កា ចាប់ផ្តើមចរចារឿងបំណុលជាមួយចិនហើយ មុនអាចឈានទៅទទួលបានទឹកប្រាក់ជិត ៣ពាន់លានដុល្លារពី IMF

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាបានអះអាងថា នៅថ្ងៃទី ៦ខែតុលាថា រដ្ឋាភិបាលរបស់លោក បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយប្រទេសចិនហើយ ទាក់ទនឹងការរៀបចំរច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ