ការប្រមូលចំណូលដោយពន្ធដារនៅរយៈពេល៧ខែ

ការប្រមូលចំណូលដោយពន្ធដារបន្ដកើនឡើងជិត៣០% នៅរយៈពេល៧ខែឆ្នាំ២០២២


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ទោះបីជាស្ថានការពិភពលោកកំពុងមានការតឹងតែងខ្លាំង គួបផ្សំនឹងបញ្ហាជំងឺកូវីដ១៩ នៅបន្ដជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាក្ដី ប៉ុន្ដែ ការប្រមូលចំណូលពន្ធដាររបស់កម្ពុជា នៅតែបន្ដកំណើនយ៉ាងល្អប្រសើរនៅឆ្នាំនេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជាង ២ពាន់២រយលានដុល្លារអាមេរិក នៅរយៈពេល៧ខែ ឆ្នាំ២០២២ ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការប្រមូលចំណូលមានការកើនឡើងចំនួនប្រមាណជិត ៥រយលានដុល្លារ ស្មើនឹងកំណើនជិត ៣០% ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ ខែ ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សរុបរយៈពេល ៧ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនប្រមាណជាង ២ពាន់២រយលានដុល្លារ ស្មើនឹងជាង ៧៨%នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជិត ៥រយលានដុល្លារ ស្មើនឹងជិត៣០%។

ដោយឡែក បើមើលទៅលើ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែកក្កដា ឆ្នាំ២០២២ តែឯងប៉ុណ្ណោះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមាន ២៤០លានដុល្លារ ស្មើនឹងជាង ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណជាង ៣៨លានដុល្លារ ស្មើនឹង ១៩%។

ឯកឧត្តម គង់ វិបុល បញ្ជាក់ផងដែរថា ទោះបីជាមានហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលរលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខសកលដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

តាមផែនការច្បាប់ហិរញ្ញវត្ថុនៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ២.៨២០ លានដុល្លារអាមេរិក។

បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានអះអាងថា ការកើនឡើងនៃប្រាក់ចំណូលពន្ធដារនេះ បានបញ្ជាក់ឲ្យឃើញពីកំណើនងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានបើកឲ្យមានសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញគ្រប់វិស័យ និងមានការបន្ធូរបន្ថយនូវលក្ខខណ្ឌជាច្រើនផងដែរសម្រាប់ភ្ញៀវទេសចរ អាជីវកម្ម និងការវិនិយោគថ្មីៗ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Honda ថៃ រំពឹងការលក់ម៉ូតូកើនដល់ ១,៣លានគ្រឿងនៅឆ្នាំនេះ ទោះបីជា កំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបក្ដី

ព័ត៌មាន
ក្រុមហ៊ុន Honda នៅក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផលិត និង ចែកចាយម៉ាស៊ីនពហុមុខងារដ៏ធំមួយនៅក្នុងតំបន់ បានរក្សាគោលដៅកំណើននៃការលក់ម៉ូតូរប…

វៀតណាមនឹងទទួលបានការផលិតផលិតនាឡិកា Apple Watch និង កុំព្យូទ័រយូរដៃ MacBook ជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនយ្សអាមេរិក Apple ដ៏ធំជាងគេបំផុតក្នុងពិភពលោកក្នុងតម្លៃដល់ទៅ ៣ទ្រីលានដុល្លារអាមេរិកនោះ កំពុងពិភាក្សាលើការផលិតនាឡិកាឆ្លាតវៃ App…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ