ខាងក្រោមនេះគឺជាគោលការណ៍ទាំង១០ របស់លោក Christopher Gardner៖
១. ប្តេជ្ញាចិត្តចំពោះគម្រោងទី១ច្បាស់លាស់
នរណាៗក៏មានក្តីសុបិននៅក្នុងជីវិតដែរ ប៉ុន្តែ ប្រសិនបើគេគ្មានគម្រោងការច្បាស់លាស់ ខ្លី ខ្លាំង រឹងមាំ និងការប្តជ្ញាចិត្តពុះពារសម្រេចឲ្យបាននោះទេ លោកអ្នកនឹងមិនអាចសម្រេចគោលដៅនោះទេ។ មនុស្សជោគជ័យតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើគោលដៅរបស់ខ្លួនជានិច្ច។ គោលដៅ គឺជាអ្វីដែលគេនឹកគិតមុនពេលចូលគេង និងនឹកឃើញក្រោយពីគេភ្ញាក់ពីគេង។
២. គ្រួសារជាអាទិភាព
ផ្តើមចេញពីក្តីសុបិនដ៏ធំធេង ប្រៀបបាននឹងវេហាដែលគ្មានខ្សែខណ្ឌសីមា លោក Christopher Gardner បានសម្លឹងមើលទៅកូនរបស់គាត់ដោយសេចក្តីពេញចិត្ត ហើយរក្សាគំនិតក្នុងចិត្ត មិនថាក្នុងកាលៈទេសៈណាទេ ត្រូវរីករាយជាមួយគ្រួសារជានិច្ច។ កន្លែងដែលត្រូវទៅ គឺផ្ទះ មនុស្សដែលត្រូវស្រឡាញ់គឺគ្រួសារ ប្រសិនបើមានព្រមទាំងពីរយ៉ាងហើយនោះ នោះហើយគឺជាសុភមង្គល។
៣. សម្រេចចិត្តធ្វើជាមនុស្សលំដាប់ពិភពលោក
ក្នុងន័យនេះ លោកបានយល់ស្របតាមទ្រឹស្តីរបស់លោក អាប្រាហាម ម៉ាស្លូវ ដែលបានលើកឡើងអំពីតម្រូវការរបស់មនុស្សទាំង ៥កម្រិត។ លោក គ្រីស្ត បានលើកឡើងថា ដើម្បីសម្រេចគោលដៅឲ្យក្លាយទៅជាមនុស្សជួរមុខក្នុងពិភពលោកបាន លោកចំបាច់ត្រូវតែលះបង់កម្លាំងកាយចិត្តយ៉ាងពេញទំហឹង តស៊ូព្យាយាមដោយគ្មានលេសអ្វីទាំងអស់ ជាពិសេស គឺមិនដេកផ្សំដួល រមួលផ្សំគ្រេចឡើយ។
៤. ឲ្យតម្លៃខ្លួនឯង
នរណាៗក៏យល់ស្របដែរថា លុយជាអំណាចដែលអាចឲ្យអ្នកធ្វើអ្វីៗក៏បាន តែអ្វីដែលសំខាន់ និងមានតម្លៃបំផុត គឺខ្លួនរបស់លោកអ្នកផ្ទាល់។ អ្នកត្រូវតែរក្សាតម្លៃខ្លួនរបស់អ្នកជាមនុស្សថ្លៃថ្នូរ ស្អាតស្អំ ស្មោះត្រង់ មានសីលធម៌ និងគុណធម៌ជានិច្ច បើទោះបីជាអ្នកស្ថិតនៅក្នុងសភាពក្រីក្រ លំបាកលំបិនយ៉ាងណាក៏ដោយ។
ក្រមសីលធម៌ គឺជាកំណប់ទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ប្រសិនបើអ្នកមិនផ្តើមមើលខ្លួនឯងថាមានតម្លៃហើយនោះ តើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យពិភពលោកនេះឲ្យតម្លៃអ្នកកើត?
៥. រក្សាកម្លាំងជម្រុញទឹកចិត្តដល់ក្រុមជានិច្ច
ក្នុងលោកនេះ មិនមានបុគ្គលណាមួយអាចសម្រេចជោគជ័យបានតែម្នាក់ឯងនោះទេ។ ការធ្វើការងារជាក្រុមជារឿងចាំបាច់ ប៉ុន្តែ អ្នកត្រូវរក្សាកម្លាំងចិត្តរបស់ក្រុមជានិច្ច។ អ្នកត្រូវគោរពឲ្យតម្លៃ សរសើរលើកទឹកចិត្ត និងច្បាស់លាស់ជាមួយក្រុម។ លោក គ្រីស្ត បានលើកឡើងថា ការបានមកជួបគ្នា គឺជាចំណុចចាប់ផ្តើម ការបាននៅក្នុងក្រុមការងារជាមួយគ្នា គឺជាជំហានឆ្ពោះទៅមុខ ការបានរួមកម្លាំងចិត្តធ្វើការជាមួយគ្នា គឺជាភាពជោគជ័យ។
៦. ការផ្លាស់ប្តូរជារឿងសំខាន់
ការផ្លាស់ប្តូរឥរិយាបថ វិធីគិត និងទម្លាប់អាក្រក់ចេញ ហើយងាកមកប្រព្រឹត្តនូវទង្វើដែលនាំឲ្យរីកចម្រើនក្នុងជីវិត គឺជារឿងដែលលំបាក ប៉ុន្តែ អ្នកត្រូវដឹងថា មនុស្សជោគជ័យតែងតែមានទម្លាប់ល្អ មានវិធីគិតត្រឹមត្រូវ និងធ្វើតែរឿងណាដែលនាំឲ្យរីកចម្រើនតែប៉ុណ្ណោះ។ អ្នកមិនអាចផ្លាស់ប្តូរអនាគតរបស់អ្នកបានឡើយ ប៉ុន្តែ អ្នកអាចផ្លាស់ប្តូរទម្លាប់របស់អ្នកបាន ដូច្នេះ ពិតប្រាកដណាស់ថា ទម្លាប់នឹងផ្លាស់ប្តូរអនាគតរបស់អ្នកបានដោយស្វ័យប្រវត្តិ។
៧. ដំណើរជំហានកូនក្មេង
ក្នុងជីវិត មានរឿងរ៉ាវជាច្រើនដែលចាប់ផ្តើមហើយដួល ប៉ុន្តែ ចូរកុំខ្លាចដួលឡើយ ត្រូវក្រោកឈរ ហើយដើរទៅទៀត ត្រូវសម្លឹងមើលគោលដៅឲ្យច្បាស់ ហើយដើរទៅមុខរហូតដល់បានសម្រេចគោលដៅរបស់ខ្លួន។
ភាពជោគជ័យពិតប្រាកដមិនមែនអ្វីដទៃក្រៅពីភាពក្លាហានប្រឈមមុខចំពោះការបរាជ័យម្តងហើយម្តងទៀត ហើយនៅតែបន្តឆ្ពោះទៅមុខដោយមិនបន្ធូរបន្ថយនូវសេចក្តីព្យាយាមឡើយ។
៨. ធ្វើតាមចំណង់របស់ខ្លួន
មនុស្សភាគច្រើនតែងតែបារម្ភចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួន ហើយលះបង់នូវក្តីសុបិន និងចំណង់របស់ខ្លួនចោល ព្រោះខ្លាចគេនិន្ទា ចំអកឡកលើយ។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកចង់បានអ្វី ចង់ធ្វើអ្វីនៅក្នុងជីវិតរបស់អ្នក? កាលបើអ្នករកចម្លើយបានហើយ ចូរធ្វើវាដោយយកចិត្តទុកដាក់ ដោយកុំខ្វល់ពីអ្នកដទៃឡើយ។ បេះដូងរបស់អ្នកតស៊ូ គ្មានទេពាក្យថា ចុះចាញ់។
៩. ធ្វើអ្វីៗដែលស័ក្តិសម
អ្នកត្រូវធ្វើអ្វីដែលស័ក្តិសមសម្រាប់អ្នក មិនមែនសម្រាប់អ្នកដទៃនោះឡើយ។
១០. ចាប់ផ្តើមពីចំណុចដែលអ្នកឈរ
ប្រសិនបើអ្នកគិតថា អ្នកគ្មានធនធាន គ្មានលុយ គ្មានទំនាក់ទំនង គ្មានខ្សែ គ្មានបទពិសោធន៍ ចូរអ្នកចងចាំថា អ្នកនៅតែចាប់ផ្តើមពីកន្លែងនោះ។ អ្នកត្រូវបង្កើតគំនិតកសាងគ្រប់យ៉ាងដើម្បីរស់នៅក្នុងប្រណីតភាព។ មនុស្សម្នាក់ៗត្រូវផ្តើមចេញពីអ្វីដែលខ្លួនមាន ព្រមទាំងប្រើសក្តានុពលក្នុងខ្លួននោះឲ្យអស់ទើបអាចរកជោគជ័យបាន។
មនុស្សបរាជ័យសម្លឹងរកមើលតែភាពគង់វង្ស ប៉ុន្តែ មនុស្សជោគជ័យសម្លឹងរកមើលតែឱកាសទេ។ តែត្រូវចងចាំផងដែរថា ភាពជោគជ័យមិនមែនជាចំណុចចុងក្រោយបង្អស់របស់យើងទេ ហើយភាពបរាជ័យក៏មិនបានធ្វើឲ្យយើងស្លាប់ដែរ៕