ប្រទេសថៃ

ថៃព្រមានអំពីហានិភ័យឥណទានយានយន្តក្នុងចំណោមក្រុមមនុស្សអាយុពី ២៧ ទៅ ៤២ ឆ្នាំ


ការិយាល័យឥណទានជាតិថៃបានព្រមានថា អ្នកដែលមានអាយុចាប់ពី ២៧ ដល់ ៤២ ឆ្នាំ គឺជាអ្នកដែលមាននិន្នាការជាប់បំណុលយានយន្តខ្ពស់បំផុត ខណៈដែលឥណទានរថយន្តមានទំហំរហូតដល់ជាង១២% ពោលគឺជាបំណុលខ្ពស់ជាងគេលំដាប់ទីបី។ តួរលេខបានអះអាងថា បំណុលយានយន្តនៅក្នុងប្រទេសនេះ មានតម្លៃរហូតសរុបរហូតដល់ ៧៥ ពាន់លានដុល្លារ។ ការព្រមានរបស់អ្នកសេដ្ឋកិច្ចថៃបានកើតឡើងបន្ទាប់ពីការសង្កេតឃើញថា កូនបំណុលវ័យក្មេងទាំងនោះភាគច្រើនបង់រំលោះ យឺតជាងកាលកំណត់រហូតដល់ជាង៣០ថ្ងៃ។
បំណុលយានយន្តនៅថៃក្លាយជាបំណុលធំទី៣របស់ពលរដ្ឋពេញកម្លាំង

ការិយាល័យឥណទានជាតិថៃបានព្រមានថា ពលរដ្ឋដែលកើតពីឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៩៦ បានជំពាក់បំណុលយ៉ាងច្រើន។ អ្នកសេដ្ឋកិច្ចបានលើកឡើងថា នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងតែស្ថិតទ្រឹងបែបនេះ ធនាគារនានានៅក្នុងប្រទេសត្រូវតែយកចិត្តទុកដាក់ជាពិសេស។ សិ្ថតិដែលដកស្រង់ដោយសារព័ត៌មានឌឹណេសិនបានឲ្យដឹងថា បំណុលដែលបន្សល់ទុកពីសេវាកម្មឥណទានទិញរថយន្តនិងម៉ូតូបង់រំលោះនៅពេលនេះ ឡើងដល់ទំហំជាង១២ ភាគរយ។

លោក ស៊ូរ៉ាពុល អូប៉ាសាធៀន ( Surapol Opasatien) នាយកប្រតិបត្តិនៃការិយាល័យឥណទានជាតិថៃ បានបញ្ជាក់ថា ប្រព័ន្ធការិយាល័យឥណទានបានកត់ត្រាបំណុលយានយន្តសរុបមានទំហំរហូតដល់ ២,៦ ទ្រីលានបាត ឬប្រមាណជា ៧៥ ពាន់លានដុល្លារ។

តួរលេខបានបង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ ធនាគារនៅថៃមានកិច្ចសន្យាកម្ចីរថយន្តសរុបរហូតដល់ ៣ សែន ៥ ម៉ឺន ដែលក្នុងនោះ ៥៣ ភាគរយជាបំណុលរបស់អ្នកដែលស្ថិតក្នុងវ័យពី ២៧ ទៅ ៤២ ឆ្នាំ។ ក្នុងចំណោមកិច្ចសន្យាទាំងនេះ, ចំនួន ៦៧ ភាគរយមានកម្ចីចាប់ពី ៥០ ម៉ឺនបាត ទៅ ២ លានបាត ឬពី ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅជិត ៦ ម៉ឺនដុល្លារ។

ស្ថិតិបង្ហាញទៀតថា ក្រុមកូនបំណុលវ័យពី ២៧ ទៅ ៤២ ឆ្នាំ មានចំនួនគណនីច្រើនបំផុតដែលបង់ប្រាក់រំលោះកម្ចីយឺតជាង ៣០ ថ្ងៃ។ សមាមាត្រនៃគណនីដែលបង់សំណងយឺតជាង ៣០ ថ្ងៃក្នុងចំណោមកូនបំណុលទាំងនេះគឺខ្ពស់បំផុត។ ទន្ទឹមនឹងនេះដែរ ចំនួនគណនីដែលបង់សំណងយឺតជាងកាលកំណត់លើសពី ៣០ ថ្ងៃក្នុងចំណោមអ្នកមានវ័យក្មេងៗ គឺជិតស្មើនឹង ៤ សែនគណនី។ ការបង់សំណងយឺតយ៉ាវសម្រាប់ប្រាក់កម្ចីរថយន្តក្នុងចំណោមពួកគេបានកើនឡើងជាបន្តបន្ទាប់ ក្នុងចន្លោះពី ៣១ ទៅ ៦០ ថ្ងៃ។

បញ្ហាបំណុលរបស់ពលរដ្ឋថៃជាបញ្ហាដែលជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយមកដល់ពេលនេះការិយាល័យឥណទានជាតិថៃបានអះអាងថា ប្រហែល ២៥ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសមានបន្ទុកបំណុលធ្ងន់ធ្ងរ។ ការណ៍នេះជំរុញឱ្យធនាគារកណ្តាលថៃកំពុងតែរឹតបណ្តឹងបទប្បញ្ញតិ្តស្តីពីអាជីវកម្មទាក់ទងនឹងសេវាកម្មកម្ចី ជាពិសេសសេវាទិញដោយបង់រំលោះ។

អ្នកជំនាញបានអះអាងថា នេះគឺជាក្តីបារម្ភមួយដែលមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីព្រោះបំណុលដែលថៃកំពុងតែមាននៅពេលនោះ គឺជាប្រភេទបំណុលដែលគ្មានផលិតភាព ពោលគឺបំណុលដែលមិនផ្ដល់ចំណូលមកវិញ ហើយមធ្យោបាយតែមួយគត់ដើម្បីកែលម្អបញ្ហាបំណុលគឺតាមរយៈការជំរុញកំណើនសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញជប៉ុនថា ដំណើរការពេញបន្ទុកនៃកិច្ចព្រមព្រៀង RCEP នឹងជំរុញសមាហរណកម្មសេដ្ឋកិច្ច

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលហៅកាត់ថា អាសិប/RCEP ត្រូវបានអ្នកជំនាញជប៉ុននិយាយថា ជាកិច្ចព្រមព្រៀងដែលកំពុងល…

ក្រោយទទួលបានជំនួយហិរញ្ញវត្ថុពី IMF តើមកទល់ពេលនេះ សេដ្ឋកិច្ចប្រទេសស្រីលង្ការបានប្រសើរឡើងយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនាថា ប្រទេសនេះបានដកចេញនូវការរឹតបន្តឹងលើការនាំចូលទំនិញចំនួន ២៨៦ មុខ។ ការសម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ