កម្ពុជានាំចេញផលិតផលជលផល

កម្ពុជានាំចេញផលិតផលជលផល «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិន


នៅទីបំផុតផលិតផលជលផលចំនួន២ប្រភេទរបស់កម្ពុជា ត្រូវបាននាំចេញ «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិនហើយ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ផលិតផលជលផលដែលនាំចេញ២ប្រភេទនេះ រួមមាន អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្ពុជានាំចេញផលិតផលជលផល «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិន
ដោយ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្ដែងការអបអរសាទរនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។បើតាមលោកជំទាវ អ៊ឹម រចនា ការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។ ខណៈនៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុន Huawei វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញរបស់ចិន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្…

បញ្ជុះតម្លៃរហូតដល់ ១០% ភ្លាមៗរាល់ការទិញម៉ូទ័របូមទឹកនៅ ម៉ូទ័របូមទឹកម៉ាក លីអូ - LEO Pump ដោយគ្រាន់តែទូទាត់

ព័ត៌មាន
ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលចង់បានម៉ូទ័របូមទឹក ឬក៏ម៉ូទ័រជម្រុញទឹកជាច្រើនប្រភេទដូចជា ម៉ូទ័រជម្រុញទឹកឡើងអាគារខ្ពស់ៗ ម៉ូទ័រសម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ