អត្រាពន្ធលើតម្លៃបន្ថែម

ឡាវនឹងដំឡើងអត្រាពន្ធលើតម្លៃបន្ថែមឱ្យដល់១០% ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ


រដ្ឋាភិបាលឡាវ បានប្រកាសពីផែនការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT)ពី៧%ដល់ ១០% ខណៈបច្ចុប្បន្នផែនការនេះ កំពុងរង់ចាំការអនុម័តពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលឡាវ។ ផែនការនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីបង្កើនចំណូលថវិការដ្ឋសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អត្រាពន្ធលើតម្លៃបន្ថែម
ដោយ

រដ្ឋាភិបាលឡាវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញក្រឹត្យមួយ ដោយប្រកាសថា រដ្ឋាភិបាលនឹងដំឡើងពន្ធលើតម្លៃបន្ថែមឱ្យដល់១០% ពីកម្រិត៧% ដែលកំពុងអនុវត្តបច្ចុប្បន្ន។ ប៉ុន្តែក្រឹត្យនេះមិនបានផ្ដល់ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងកាលបរិច្ឆេទ នៃការអនុវត្តផែនការនេះនោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Time បច្ចុប្បន្នក្រឹត្យនេះ កំពុងរង់ចាំការអនុម័តយល់ព្រមពីស្ថាប័នមួយចំនួនដូចជាសភាជាតិ នាយកដ្ឋានពន្ធដារ និងក្រសួងយុត្តិធម៌ជាដើម។ ក្រឹត្យនេះនឹងចូលជាធរមានក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីស្ថាប័នទាំងនេះអនុម័តយល់ព្រម។

បើតាមផែនការថ្មីនេះបានកំណត់ថា អត្រាពន្ធលើតម្លៃបន្ថែម១០% នឹងអាចអនុវត្តបានចំពោះប្រតិបត្តិការជាច្រើនរួមទាំងការនាំចូលទំនិញ សេវាកម្មទូទៅ ការនាំចូលរ៉ែ និងការផ្គត់ផ្គង់ក៏ដូចជាការប្រើប្រាស់អគ្គិសនីផងដែរ។ ផែនការដំឡើងពន្ធអាករលើតម្លៃបន្ថែមនេះបានធ្វើឱ្យ ប្រជាពលរដ្ឋឡាវកំពុងមានការព្រួយបារម្ភពីការឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងការកើនឡើងអត្រាអតិផរណាដែលកំពុងកើនឡើងស្រាប់ហើយនោះ។

ពលរដ្ឋឡាវបានលើកឡើងថា តម្លៃទំនិញប្រើប្រាស់គ្រប់យ៉ាងកំពុងកើនឡើង រួមទាំងទំនិញសំខាន់ៗ សេវាទឹកភ្លើង និងអាករលើតម្លៃបន្ថែមផងដែរ ខណៈដែលប្រាក់ឈ្នួលនៅមិនទាន់ប្រែប្រួលនៅឡើយទេ។ ពួកគេបានលើកជាសំណួរដោយបង្ហាញក្ដីបារម្ភថា តើគ្រួសាររបស់ពួកគេនឹងអាចមានលទ្ធភាពទិញផ្ទះបានដែរឬទេ នៅចំពេលមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបែបនេះ?

ពាក់ព័ន្ធបញ្ហាប្រាក់ឈ្នួលនៅប្រទេសឡាវ ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនជាច្រើននៅទីក្រុងវៀងចន្ទន៍ មិនទាន់ដំឡើងប្រាក់ឈ្នួលអប្បបរមារនៅឡើយទេ ទោះជាមានការអនុញ្ញាតពីរដ្ឋាភិបាលនៅឆ្នាំ២០២៣ ក៏ដោយ។ ហើយមកដល់ពេលនេះ មានតែក្រុមហ៊ុនចំនួន១០% នៅក្នុងរាជធានីនេះប៉ុណ្ណោះ ដែលបានគោរពតាមគោលការណ៍ណែនាំអំពីប្រាក់ឈ្នួលតាមការកំណត់របស់រដ្ឋាភិបាល៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងបន្ធូរបន្ថយច្បាប់ទិដ្ឋាការដើម្បីទាក់ទាញលំហូរសាច់ប្រាក់ និងធនធានបរទេស

ព័ត៌មាន
ទោះបីចិនមានប្រជាជនជាង១ពាន់៤រយលាននាក់ តែប្រទេសនេះនៅតែខ្វះធនធានជំនាញសម្រាប់បម្រើឱ្យការអភិវឌ្ឈប្រទេស និងសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់សមត្ថភាព…

មហាសេដ្ឋីធ្យូងថ្មឥណ្ឌា គ្រោងសាងសង់រោងចក្រថាមពលស្អាតធំបំផុតលើពិភពលោក ដែលធំជាងក្រុងប៉ារីសដល់ទៅ៥ដង

ព័ត៌មាន
កំពូលមហាសេដ្ឋីធ្យូងថ្មពាន់លានដុល្លារជនជាតិឥណ្ឌាមួយរូប មានមហិច្ឆតាសាងសង់រោងចក្រថាមពលស្អាតធំបំផុតរបស់ពិភពលោក ដែលមានទំហំធំជាងទីក្រុងប៉ារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ