ការផលិតស្ករត្នោតឆ្នាំនេះ អាចមិនគ្រប់តាមតម្រូវការទីផ្សារ

សមាគមស្ករត្នោតខេត្តកំពង់ស្ពឺ៖ ការផលិតស្ករត្នោតឆ្នាំនេះ អាចមិនគ្រប់តាមតម្រូវការទីផ្សារ


បញ្ហាអាកាសធាតុ នៅតែជាបញ្ហាសម្រាប់សមាគមស្ករត្នោតកំពង់ស្ពឺនាឆ្នាំនេះ ដែលអាចជះឥទ្ធិពល ដល់ដំណើរការនៃការផលិត និងផ្គត់ផ្គង់ស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ខណៈតម្រូវការទីផ្សារនៅឆ្នាំនេះ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ បើតាមការវាយតម្លៃរបស់សមាគមស្ករត្នោតខេត្តកំពង់ស្ពឺ នាឆ្នាំនេះ ការផលិតស្ករត្នោតកំពង់ស្ពឺ ដែលមានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)នេះ អាចនឹងមានក្នុងបរិមាណប្រហែល ៨០តោនប៉ុណ្ណោះ ខណៈតម្រូវការទីផ្សារ នាឆ្នាំ២០២២នេះ អាចមានរហូតដល់ចន្លោះពី ១៥០តោន ទៅ២០០តោន ឯណោះ។
ការផលិតស្ករត្នោតនៅខេត្តកំពង់ស្ពឺ

លោក ហ៊ឹ​ម ពិសិដ្ឋ អនុប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ផលិត​ស្ករត្នោត​របស់​សមាគម​នា​ឆ្នាំ​នេះ អាច​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា បញ្ហា​អាកាសធាតុ គួប​ផ្សំ​នឹង​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ផលិត​ស្ករត្នោត​ជាដើម​។ បើ​តាម​លោក ហ៊ឹ​ម ពិសិដ្ឋ នា​ឆ្នាំ​នេះ ការ​ផលិត​ស្ករត្នោត​នៅ​ខេត្តកំពង់ស្ពឺ អាច​សម្រេច​បាន​ក្នុង​បរិមាណ ប្រហែល ៨០​តោន​ប៉ុណ្ណោះ ខណៈ​តម្រូវការ​ទីផ្សារ​វិញ មាន​រហូត​ដល់​ចន្លោះ​ពី​១៥០​តោន ទៅ​២០០​តោន​។ ក៏​ប៉ុន្តែ បើ​ទោះជា តម្រូវការ​កើនឡើង​ក៏​ពិតមែន ប៉ុន្ដែ តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​ឆ្នាំ​នេះ គឺ​មិន​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ក៏​មិន​មានការ​ប្រែប្រួល​ផង​ដែរ​។ ក្នុង​នោះ តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ នា​ឆ្នាំ​នេះ អាច​លក់​បាន​ចន្លោះ​ចាប់ពី ៥​ពាន់​រៀល ទៅ ៧​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម តាម​ប្រភេទ​ស្ករ​នីមួយ​ៗ​។

បើ​តាម​ការ​គូសបញ្ជាក់​ពី​អនុប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បញ្ហា​អាកាសធាតុ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ផលិត​ស្ករត្នោត​នា​ឆ្នាំ​នេះ ខណៈ​អ្នក​ប្រកប​របរ​ឡើងត្នោត​មួយ​ចំនួន​ក៏​បាន​បោះបង់​ខ្លះ​ៗ​ដែរ ក្នុង​ចំណោម​សមាជិក បច្ចុប្បន្ន មាន​ចំនួន ១៥៨​គ្រួសារ ដែល​កត្តា​នេះ​អាច​ធ្វើ​ឲ្យ​ការ​ផលិត​ស្ករត្នោត​ឆ្នាំ​នេះ ជួប​បញ្ហា​ខ្វះខាត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។ ស្រប​ពេល​នឹង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ផលិត​ស្ករត្នោត ក្នុងឆ្នាំនេះ លោក ហ៊ឹ​ម ពិសិដ្ឋ ក៏​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​មួយ​ចំនួន​ដែរ ចំពោះ​ខ្សែ​ចង្វាក់​ផលិត​ស្ករត្នោត របស់​កសិករ​ខ្មែរ ដោយ​លោក​បាន​អះអាង​ថា បច្ចុប្បន្ន កំពុង​មាន​ក្រុមហ៊ុន​អន្តរជាតិ មួយ​ចំនួន​បាន​ចាប់អារម្មណ៍ ក្នុង​ការ​បញ្ជា​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ផង​ដែរ​។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​អនុ​ប្រ​ធា​សមាគម​រូប​នេះ មាន​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា តម្លៃ​ស្ករត្នោត នៅ​ឆ្នាំ​ក្រោយ​នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

បើ​តាម​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ប្រមាណ ១០​ក្រុមហ៊ុន ដែល​បាន​ប្រមូល​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ខណៈ​ទីផ្សារ​សំខាន់​ៗ សម្រាប់​នាំ​ចេញ​ស្ករត្នោត​កំពង់ស្ពឺ មាន​ដូច​ជា សហគមន៍​អឺរ៉ុប​,​កូរ៉េ​,​តៃវ៉ាន់​,​ជប៉ុន​,​ចិន​,​ម៉ា​ឡេ​ស៊ី​,​វៀតណាម និង​ថៃ ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចមានភាពយឺតយ៉ាវ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីភាពយឺតយ៉ាវនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ដែលគ្រ…

ក្រុមហ៊ុនប្រេងអង់គ្លេស Shell ផ្ដល់ភ្លើងខៀវវិនិយោគ ២,៥ពាន់លានដុល្លារ លើគម្រោងឧស្ម័ននៅអូស្ត្រាលី

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស Shell Plc បានបញ្ជាក់នៅថ្ងៃទី៣០ឧសភានេះថា ខ្លួនមានផែនការពង្រីកការវិនិយោគលើគម្រោងអភិវឌ្ឍការទាញយកឧស្ម័នធម្មជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ