វិស័យ​សំណង់

កូរ៉េ​ស្ថិត​នៅ​លំដាប់​ទី១​ក្នុង​ចំណោម​ប្រទេស​៥​ដែល​វិនិយោគ​​លើ​​វិស័យ​សំណង់​ច្រើន​ជាង​គេ​នៅ​កម្ពុជា


ក្នុង​ចំណោម​ប្រទេស​ទាំង​១៧ ដែល​​បាន​​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​មាន​ប្រទេស​តែ​៥​ប៉ុណ្ណោះ ដែល​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ ក្នុង​ការ​អភិវឌ្ឍ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

ប្រទេស​ទាំង​៥ រួមមាន កូរ៉េ​ខាង​ត្បូង បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា​ឈរ​លំដាប់​លេខ​១ ចិន​លេខ​២ ជប៉ុន​លេខ​៣ អង់គ្លេស​លេខ​៤ និង​លេខ​៥ គឺ​ប្រទេស​ថៃ។

គិត​ចាប់​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កូរ៉េ​ខាង​ត្បូង​បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា​មាន​ទឹក​ប្រាក់​ជាង ១​ពាន់​៥០០​លាន​ដុល្លារ​អាមេរិក។ ចិន​មាន​ទុន​វិនិយោគ​ជិត​១០០០​លាន​ដុល្លារ  ជប៉ុន​មាន​តម្លៃ​ទុន​វិនិយោគ​ជិត ២០០​លាន​ដុល្លារ អង់គ្លេស​ជិត​១៤០​លាន​ដុល្លារ និង​ថៃ ១២០​លាន​ដុល្លារ។ នេះ​បើ​យោង​តាមតួលេខ​ពី​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម​និង​សំណង់ ដែល​ផ្តល់​ឲ្យ ខេមបូណូមិស។

មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម​និង​សំណង់ បាន​លើក​ឡើង​ថា កំណើន​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ជា​កម្លាំង​ចលករ​ដែល​ជំរុញ​ឲ្យ​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ខ្លាំង​ខ្លា។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នក​វាយ​តម្លៃ និង​ភា្នក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដោយ​អះអាង​ពី​ចំណុច​វិជ្ជមាន​ចំនួន​២។ 

ចំណុច​វិជ្ជមាន​​ទី​១ គឺ​កម្ពុជា ជា​សមាជិក​អាស៊ាន​ដែល​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​សំណង់​ដើម្បី​បម្រើ​ឲ្យ​សមាជិក​អាស៊ាន​របស់​ខ្លួន និង​ទី​២ គឺ​កត្តា​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ធ្វើ​ដំណើរ​កើន​ឡើង​យឺត ដែល​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​វិនិយោគ​ទុន​បរទេស ងាក​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ណា​ដែល​មាន​ផល​ចំណេញ​ខ្ពស់ ដូចជា កម្ពុជា ជាដើម។

ដោយ​ឡែក អ្នក​ជំនាញ​អចលន​ទ្រព្យ លោក​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ Khmer Foundation Appraisal នៅ​តែ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​វិនិយោគិន​បរទេស​ដែល​បាន​បោះទុន​វិនិយោគ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា។ វត្តមាន​វិនិយោគិន​បរទេស​ច្រើន​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​​មាន​កំណើន​ការងារ ប្រាក់​ចំណូល និង ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។ 

លោក​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal

យ៉ាង​ណា​ក៏​ដោយ លោក​ឧកញ៉ា​បញ្ជាក់​ថា ខណៈ​​ដែល​យើង​​លើក​ទឹក​ចិត្ត​វិនិយោគ​បរទេស យើង​ក៏​គួរ​តែ​លើក​ទឹក​ចិត្ត​ជា​ពិសេស​ដល់​​វិនិយោគ​​ក្នុង​​ស្រុក​ដែរ។ បច្ចុប្បន្ន វិនិយោគិន​ក្នុង​ស្រុក​នាំ​មុខ​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់។ 

យោង​តាម​​របាយការណ៍​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម និង​សំណង់ អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​ឡើង​ទៅ​ដល់​៥៥​ជាន់ មាន​ចំនួន​សរុប ៦៨៥​អគារ ដែល​អគារ​ទាំង​នោះ​ភាគ​ច្រើន គឺ​ត្រូវ​បាន​គ្រប់គ្រង់​រួម​គ្នា​រវាង​វិនិយោគិន​ក្នុងស្រុក​និង​ក្រៅ​ប្រទេស។

ការ​រីក​ចម្រើន​ផ្នែក​វិស័យ​សំណង់​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ ប៉ុន្តែ វិស័យ​សំខាន់​មួយ​នេះ ជា​វិស័យ​ដែល​ងាយ​រង​គ្រោះ​ពី​បញ្ហា​ផ្សេងៗ​ រួមទាំង​កត្តា​ខាង​ក្នុង​និង​ក្រៅ​ប្រទេស​ផង។ ជាក់ស្តែង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​ចាប់​ផ្តើម​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អំពី​តម្រូវការ​និង​​ការ​ផ្គត់ផ្គង់​ជាក់​ស្តែង​ដើម្បី​ធានា​ពី​កំណើន​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​វិស័យ​នេះ​ផង​ដែរ៕




អត្ថបទបន្ទាប់


​ប្រទេស​ពុក​រលួយ​បំផុត​ទាំង៥​ នៅ​អាស៊ី តើ​មាន​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
អំពើ​ពុករលួយ​ គឺ​ជា​បញ្ហា​សកល​លោក ដែល​ត្រូវ​បាន​គេ​បន្ទោស​ថា ជា​ជំងឺ​សង្គម​មួយ​ដែល​បន្ទច់​បង្អាក់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជា​កត្តា​ដែល…

វៀតណាម​នាំ​បន្លែ​ផ្លែ​ឈើ​ខ្លួន​ចេញ​ ប៉ុន្តែ​​​ប្រជាជន​វៀតណាម​ចូលចិត្ត​ប្រើ​​បន្លែ​ផ្លែ​ឈើ​នាំចូល​ពី​ថៃ​និងចិន​

ព័ត៌មាន
ប្រទេស​វៀតណាម​ផលិត​និង​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​យ៉ាង​ច្រើន ទៅ​កាន់​បណ្ដា​ប្រទេស​នានា រួមទាំង​កម្ពុជា។ ប៉ុន្តែ ប្រជាជន​វៀតណាម​ខ្លួន​ឯង​ហាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ