ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ធ្វើឲ្យអ្នកវិនិយោគហាក់ស្ទាក់ស្ទើរក្នុងការចូលប្រឡូកក្នុងវិស័យភាគហ៊ុន

មេផ្សារហ៊ុនថា ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ធ្វើឲ្យអ្នកវិនិយោគហាក់ស្ទាក់ស្ទើរក្នុងការចូលប្រឡូកក្នុងវិស័យភាគហ៊ុន


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជាស្ថិតក្នុងភាពច្បាស់លាស់យ៉ាងណាក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យផ្សារមូលបត្រកម្ពុជានោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយស្ថិតក្នុងស្ថានភាពស្រពិចស្រពិលបែបនេះ វាក៏បានធ្វើឱ្យអ្នកវិនិយោគហាក់បង្ហាញឥរិយាបថស្ទាក់ស្ទើរក្នុងការចូលប្រឡូកក្នុងវិស័យភាគហ៊ុននេះផងដែរ ដោយអ្នកវិនិយោគខ្លះបានកាត់បន្ថយទំហំវិនិយោគ ឬពន្យាពេលក្នុងការវិនិយោគជាដើម។
មេផ្សារហ៊ុនថា ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ធ្វើឲ្យអ្នកវិនិយោគហាក់ស្ទាក់ស្ទើរក្នុងការចូលប្រឡូកក្នុងវិស័យភាគហ៊ុន

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា ភាពស្រពិចស្រពិលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក និងបញ្ហាមួយចំនួនទៀតនោះ បានបង្កជាការព្រួយបារម្ភយ៉ាងច្រើនទៅដល់អ្នកវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា និង បានចោទជាសំណួរថា តើគួរទិញភាគហ៊ុនដែរឬទេនៅក្នុងកាលៈទេសៈដែលមិនទាន់មានភាពច្បាស់លាស់បែបនេះ។

ឯកឧត្តម ហុង សុហួរ បានបញ្ជាក់បន្ថែមថា ដោយសារតែវិស័យផ្សារហ៊ុនកម្ពុជានៅមានកម្រិតតូចនៅឡើយ បើធៀបនឹងប្រទេសដ៏ទៃ ដូច្នេះហើយ បើទោះបីជាជួបនូវវិបត្តិផ្សេងៗយ៉ាងណាក្តី តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជានោះទេ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនជាគ្មានវិបត្តិផ្សេងៗកើតមានឡើងដូចបច្ចុប្បន្នទេ នោះស្ថានភាពនៃការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនកម្ពុជាពេលនេះ នឹងមានការរីកចម្រើនកាន់តែខ្លាំង ដ្បិតបច្ចុប្បន្នការការយល់ដឹង និងចាប់អារម្មណ៍វិនិយោគក្នុងវិស័យភាគហ៊ុនរបស់ប្រជាពលរដ្ឋ ហាក់មានសម្ទុះកើនឡើងខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់អ្នកជំនាញអ្នកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បើទោះជាបញ្ហាសកលមិនបានឲ្យប៉ះពាល់ដល់ការជួញដូរដូរភាគហ៊ុនក្តី ប៉ុន្តែវាក៏បានធ្វើឱ្យអ្នកដែលចង់ចូលខ្លួនប្រឡូកនៅក្នុងផ្សារមូលបត្រកម្ពុជា ហាក់នៅមានការស្ទាក់ស្ទើរ និងមានការប្រយ័ត្នប្រយែងជាងមុននៅក្នុងការវិនិយោគ តួរយ៉ាងមានអ្នកវិនិយោគមួយចំនួនបានពន្យាពេលក្នុងការវិនិយោគ ឬកាត់បន្ថយទំហំនៃការវិនិយោគជាដើម។

ជុំវិញស្ថានភាពជួយដូរភាគហ៊ុននៅកម្ពុជាឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសនេះការជួញដូរភាគហ៊ុនមានក្នុងទំហំចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ គឺមានការធ្លាក់ចុះតិចតួចបើធៀបនឹងទំហំជួយដូរកាលពីឆ្នាំ២០២២ ហើយការធ្លាក់ចុះនេះឯកឧត្តម អះអាងថា ក៏ដោយសារប៉ុន្មានខែកន្លងមកនេះមិនសូវមានការជួញដូរទំហំធំៗច្រើន ដោយភាគច្រើនគឺជាការជួញដូរទំហំតូច ឬជាការជួញដូរបែបសន្សំប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕




អត្ថបទបន្ទាប់


រំលស់ម៉ូតូសុទ្ធ ១០០% ដោយពុំចាំបាច់មានប្រាក់កក់ និងថែមជូនសាំង ១៥លីត្រត្រភ្លាមៗដោយឥតគិតថ្លៃ!

ព័ត៌មាន
កាន់តែពិសេស! ជាមួយសេវាបង់រំលស់ម៉ូតូរបស់ អេ អឹម ខេ ដោយពុំចំាបាច់មានប្រាក់កក់ និងទទួលបានសាំងចំនួន ១៥លីត្រភ្លាមៗដោយឥតគិតថ្លៃ ចាប់ពី…

កម្ពុជាសម្រេចបានទំហំវិនិយោគជាង ១ពាន់លានដុល្លារនៅឆមាសទី១ ខណៈវិនិយោគិនចិនឈរនៅលំដាប់ទី១

ព័ត៌មាន
ក្រោយកម្ពុជាទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងបានបើកប្រទេសជាផ្លូវការឡើងវិញ គួបផ្សំការដាក់ឲ្យអនុវត្តច្បាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ