ជម្លោះមជ្ឈិមបូព៌ា

ប្រមុខការពារជាតិអាស៊ានអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅតំបន់ហ្គាហ្សា


រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបានលើកឡើងពីការកើនឡើងនូវចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ ហើយបានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិ ប្រកាន់យកតួនាទីឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការដោះស្រាយ និងសម្របសម្រួលជម្លោះ ដែលកំពុងតែកើតឡើងយ៉ាងក្តៅគគុកនេះ។
ជម្លោះមជ្ឈិមបូព៌ា
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា បណ្តាប្រមុខយោធាអាស៊ាន លើកលែងមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងហ្សាកាតា នៅសប្តាហ៍នេះ បានចេញសារអំពាវនាវឱ្យបញ្ចប់អរិយភាព និងដោះលែងចំណាប់ខ្មាំង ជាពិសេសគឺពលរដ្ឋអាស៊ាន ដែលគេដឹងថា មានជនជាតិថៃ ប្រមាណជា១០នាក់នៅក្នុងនោះ ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានផ្ទុះឡើងតាំងពីថ្ងៃទី៧ ខែតុលា នៅតែក្តៅគគុកដូចបាយពុះ។

សេចក្តីថ្លែងការណ៍របស់ប្រមុខយោធាអាស៊ាន​ បានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌រយៈពេលយូរជាបន្ទាន់និងមាននិរន្តភាពឈានទៅដល់ការបញ្ឈប់សង្គ្រាម និងជំរុញឱ្យភាគីទាំងពីរគោរពការរស់រានមានជីវិត និងទ្រព្យសម្បត្តិនានារបស់ពលរដ្ឋស៊ីវិល។ សម្រាប់ប្រមុខយោធាអាស៊ាន ការការពារជនស៊ីវិលទាំងអស់ រួមទាំងជនជាតិអាស៊ានត្រូវតែមានអាទិភាពក្នុងគ្រាមានជម្លោះ ហើយចំណាប់ខ្មាំងទាំងអស់ ត្រូវតែត្រូវបានដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ជាមួយគ្នានេះ ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារ ដែលបានសម្លាប់មនុស្សជាង១ពាន់៤រយនាក់ នៅក្នុងរដ្ឋជ្វីហ្វ ដែលជាថ្ងៃមានជនរងគ្រោះស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត៧៥ឆ្នាំរបស់អ៊ីស្រាអែល។

មកទល់ពេលនេះមានសេចក្តីរាយការណ៍ថា ជនជាតិអាស៊ាន ជាពលរដ្ឋរងគ្រោះច្រើនបំផុតមួយនៅក្នុងការវាយប្រហារកាលពីខែមុន ដោយនៅក្នុងនោះគ្រាន់តែជនជាតិថៃតែមួយមានជិត៤០នាក់ និងរាប់សិបនាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រោយការវាយប្រហារចូលទឹកដីអ៊ីស្រាអែលកម្លាំងយោធានៃរដ្ឋនេះបានសងសឹក ហើយបានចូលលុកលុយដល់តំបន់ហ្គាហ្សា​ ដោយមានសេចក្តីរាយការណ៍ថា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង១ម៉ឺន១ពាន់នាក់។

ប្រមុខការពារជាតិអាស៊ាន បាននិយាយថា ច្រករបៀងមនុស្សធម៌គួរតែត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជំនួយ ជាមួយនឹងការចរចាសន្តិភាព ដើម្បីអនុវត្តតាមដំណោះស្រាយរដ្ឋពីរ។ ការសន្ទនាក្នុងន័យស្ថាបនាគួរតែចាប់ផ្តើម ដោយគ្មានការពន្យារពេល ដ្បិតវាអាចនាំទៅរកដំណោះស្រាយដោយសន្តិវិធី ដែលអាចធានាបាននូវស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាដើម្បីស្វែងរកតួនាទីកាន់តែសកម្មក្នុងការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌កាន់តែទូលំទូលាយ។

រដ្ឋមន្ត្រីការពារជាតិ សិង្ហបុរី លោក ណ អេងហេន ( Ng Eng Hen) បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែន និងស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា បានធ្វើឱ្យប្រធានបទនៃកិច្ចប្រជុំគឺសន្តិភាព វិបុលភាព និងសន្តិសុខ" កាន់តែក្តៅគគុក។ លោក បាននិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមសមាជិតនៅទីនេះអាចព្យាករពីការវាយប្រហារនៅអ៊ុយក្រែន ឬស្ថានភាពនៅមជ្ឈិមបូព៌ានោះទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកដកទណ្ឌកម្មពីវិទ្យាស្ថានមួយរបស់ចិន ដើម្បីទប់ស្កាត់ការនាំចូលថ្នាំហ្វេនថេនីល

ព័ត៌មាន
រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈរបស់ចិន ចេញពីបញ្…

ហេតុអ្វីចិនយកគំរូតាមសិង្ហបុរីចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារសាងសង់លំនៅឋានសង្គម?

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់លំនៅឋានសង្គមដោយយកគំរូតាមប្រទេសសិង្ហបុរី ដើម្បីជួយបញ្ចប់វិបត្តិនៃការធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ