អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង

តើកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែឧសភានឹងជជែកពិភាក្សាលើបញ្ហាក្ដៅៗអ្វីខ្លះ?


មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីចូ បៃដិន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា នាចុងខែឧសភានេះ នៅពេលដែលលោកធ្វើដំណើរដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo។
មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េ និងជប៉ុន នឹងជួបប្រជុំគ្នានៅហ៊ីរ៉ូស៊ីម៉ា

យោងតាមប្រភពការទូត ជំនួបកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិក ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ដែលជាថ្ងៃបិទនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G-7 រយៈពេលបីថ្ងៃ មុនពេលលោក បៃដិន ចាកចេញពីប្រទេសជប៉ុន ទៅកាន់ប្រទេសអូស្ត្រាលី ។

កាលពីសប្តាហ៍មុន ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល បានព្រមព្រៀងគ្នាថា ពួកគេនឹងបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាឱ្យកាន់តែប្រសើរឡើង នៅចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ទន្ទឹមនឹងគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយកាលពីថ្ងៃចន្ទថា លោកគ្រោងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃអាទិត្យខាងមុខ ដើម្បីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងទៀត។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអាក្រា រដ្ឋធានីនៃប្រទេសហ្គាណា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិកថា៖ «វានឹងជាឱកាសដ៏ល្អមួយក្នុងការផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក អំពីមធ្យោបាយអភិវឌ្ឍទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង និងអំពីស្ថានភាពអន្តរជាតិដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ»។

ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ក្រោមរដ្ឋាភិបាលឆ្វេងនិយមរបស់កូរ៉េខាងត្បូងដែលបានកាន់អំណាចមុនលោក យូន ស៊ុក យើល គឺលោក មូន ជែអ៊ីន (Moon Jae In) ស្របពេលដែលមានជម្លោះលើសំណងពលកម្មក្នុងសម័យសង្គ្រាមឈ្លានពានរបស់ជប៉ុនមកលើកូរ៉េខាងត្បូង។

ប៉ុន្តែបញ្ហានេះត្រូវបានកែលម្អមកវិញ ក្រោមរដ្ឋាភិបាលអភិរក្សនិយមរបស់លោក យូន ដែលបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០២២ ដោយទីក្រុងសេអ៊ូលបានស្នើឱ្យមានដំណោះស្រាយចំពោះបញ្ហានេះកាលពីដើមខែមីនាកន្លងទៅ។

លោក គីស៊ីដា ដែលបាននិងកំពុងស្វែងរកមូលដ្ឋានសម្រាប់ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃក្រុមទាំងប្រាំពីរ បានអញ្ជើញលោក យូន ឱ្យចូលរួមជាភ្ញៀវក្នុងកិច្ចប្រជុំកំពូលត្រីភាគីនាចុងខែឧសភានោះ៕




អត្ថបទបន្ទាប់


អូស្ត្រាលីនឹងហាមប្រាមការជក់ ការនាំចូល និងការវេចខ្ចប់បារីអេឡិចត្រូនិក

ព័ត៌មាន
ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះបានស្នើឱ្យធ្វើការរឹតបន្តឹងច្បាប់ស្ដីពីបារីអេឡិចត្រូនិច និងណែនាំឱ្យមានការគ្រប់គ្រងថ្មីលើការនាំចូល និងការវេចខ្ចប…

ខេត្ត ថៃ ឃ្វៀន របស់វៀតណាមនឹងកសាងតំបន់ឧស្សាហកម្មថ្មីចំនួន ១៦ កន្លែងបន្ថែមទៀត

ព័ត៌មាន
ខេត្ត ថៃ ឃ្វៀន (Thai Nguyên) ដែលគេដឹងថា ជាកន្លែងផលិតតែធំបំផុតរបស់ប្រទេសវៀតណាម បានប្រកាសដាក់ចេញនូវផែនការកសាងនិងអភិវឌ្ឈន៍តំបន់ឧស្សាហក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ